មន្ត្រីជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិន បានអះអាងសារជាថ្មីនាថ្ងៃសុក្រនេះ ថា ប្រទេសកុម្មុយនិស្តចិន នៅតែរក្សាចំណងមិត្តភាព និងគាំទ្រដល់ប្រទេសកម្ពុជា ដោយគ្មានជនណាម្នាក់អាចបំបែកបាននោះទេ។ នេះបើតាមព័ត៌មាន ដែលចុះផ្សាយក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។
ក្នុងព័ត៌មានដែលចុះផ្សាយជាវីដេអូ និងអត្ថបទក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ឲ្យដឹងថា លោក វ៉ាង ជារួយ (Wang Jiarui) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានបន្តដំណើរទស្សនកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងបានជួបពិភាក្សាជាមួយលោក ហ៊ុន សែន កាលពីព្រឹកថ្ងៃសុក្រ ដើម្បីពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យបានគ្រប់ជ្រុងជ្រោយ។
ក្នុងវីដេអូខ្លីស្ដីពីជំនួបរវាងលោក ហ៊ុន សែន និង លោក Wang Jiarui នៅវិមានសន្តិភាព អ្នកអធិប្បាយព័ត៌មានបានស្រង់សម្ដីដើមរបស់លោក Wangយ៉ាងដូច្នេះថា៖
«លោក Wang បានបញ្ជាក់ជម្រាបសម្ដេចតេជោ ផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូន និងជាមហាគ្រួសារ ព្រោះថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិនផងដែរ។ ប្រទេសយើងទាំងពីរគឺមិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ»។
នេះគឺជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចដែលគេមិនបានប្រកាសឲ្យដឹងជាមុនរបស់ លោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅលោក Wangបានជួបសន្ទនាជាមួយមន្ត្រីសំខាន់ៗនិងមេដឹកនាំប្រទេសមួយចំនួនដើម្បីបញ្ជាក់ពីគោលជំហររបស់ប្រទេសកុម្មុយនិស្តចិនចំពោះកម្ពុជា។
នៅក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ លោក Wang Jiarui បានប្រាប់លោក ហេង សំរិន ថា ប្រទេសចិនគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាល លោកហ៊ុន សែន ក្នុងការចាប់ខ្លួន មេបក្សប្រឆាំង លោក កឹម សុខា។
លោក Wang ក៏ត្រូវបានគេស្រង់សម្ដីថា «ប្រទេសចិននឹងជួយសហការជាមួយប្រទេសកម្ពុជា នៅគ្រប់កាលៈទេសៈ»។
ដំណើរទស្សនកិច្ចរបស់លោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងប្រទេសកម្ពុជា កើតឡើងចំពេលដែលប្រទេសកម្ពុជាកំពុងរងការរិះគន់ពីសំណាក់ប្រទេសនិយមប្រជាធិបតេយ្យជាច្រើននៅលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក ក្រោយការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ កឹម សុខា ទាំងកណ្ដាលអាធ្រាត្រ។
គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយ លោក កឹម សុខា ត្រូវបានគេដឹងថា ជាគូប្រជែងដ៏ធំរបស់គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ក្នុងពេលបោះឆ្នោតជាតិ២០១៨។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ និងដើមសប្ដាហ៍ នេះ បានព្រមាន ប្រទេសសេរីមួយចំនួនដែលលោកអះអាងថា បានចូលដៃសមគំនិតជាមួយលោក កឹម សុខា ក្នុងការរៀបគម្រោងផ្ដួលរំលំរបបដែលលោកគ្រប់គ្រង ជាង៣ទសវត្សរ៍មកនោះ។
លោក មាស នី អ្នកវិភាគនិងតាមដានការវិវត្តនយោបាយក្នុងប្រទេសកម្ពុជា បានប្រាប់ VOA ថាក្នុងស្ថានការណ៍រិះគន់ពីសំណាក់បរទេសបែបនេះ វាជាឱកាសដ៏ល្អសម្រាប់ប្រទេសចិនសម្រាប់បង្ហាញការគាំទ្រដល់ប្រទេសកម្ពុជា និងភ្ជាប់ចំណងការទូតឱ្យកាន់តែជិតស្និតថែមទៀត។
ទោះជាយ៉ាងណាក្តី លោក មាស នី ក៏បានគូសបញ្ជាក់ពីលទ្ធផលដែលកម្ពុជា ធ្លាប់ទទួលក្នុងដើមឆ្នាំ១៩៦០ នៅពេលដែលកម្ពុជាផ្ដាច់ចំណងទាក់ទងរវាងមហាអំណាចអាមេរិកហើយងាកទៅរកប្រទេសកុម្មុយនិស្តចិន។
លោក មាស នី បន្តថា៖
«បាទ! ហើយបើយើងមើលមកក្នុងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះទៀត ទោះបីចិនវិនិយោគទុនសន្ធឹកសន្ធាប់មកក្នុងស្រុកយើងហ្អា៎ ប៉ុន្តែបើយើងមើលវិស័យរ៉ែ និងថាមពលអី ស្ទើរតែនៅក្នុងដៃចិនទាំងអស់បាទ! អ៊ីចឹងយើងមិនដឹងថា ការហុចទំនាក់ទំនងទៅជាមួយកម្ពុជា-ចិន វានឹងបានប្រយោជន៍អីទៅសម្រាប់សង្គមជាតិយើង?»។
ទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា កម្ពុជាទទួលការវិនិយោគទុនពីប្រទេសកុម្មុយនិស្តចិន ប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីខែមេសាកន្លងទៅថា ជំនួញទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា មានតម្លៃសរុបជិត៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ដែលក្នុងនោះ ប្រទេសកម្ពុជាបាននាំចេញទៅប្រទេសចិនត្រឹមតែជាង៨០០លានដុល្លារតែប៉ុណ្ណោះ។
នៅក្នុងជំនួបកាលពីថ្ងៃសុក្ររវាង លោក ហ៊ុន សែន និងលោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន លោក Wang ក៏បានបញ្ជាក់ពីគោលជំហររបស់ចិន ដែលមិនគាំទ្រការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ ហើយចិនក៏ចង់ឃើញការការចរចាមួយប្រកបដោយសន្តិភាព ត្រូវបានធ្វើឡើងផងដែរ៕