ស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោក ប្រាក់ សុខុន ព្រមានប្រទេសដែលមានស្ថានបេសកកម្មការទូតនៅកម្ពុជា កុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង មន្ត្រីប្រឹក្សានយោបាយប្រជាជនចិនបានប្រកាសត្រៀមជួយរដ្ឋាភិបាលលោក ហ៊ុន សែន នៅគ្រប់កាលៈទេសៈទាំងអស់។ នេះបើយោងតាមការបញ្ជាក់ពីទីប្រឹក្សារបស់ប្រធានរដ្ឋសភាខ្មែរ។
ការប្រកាសឱ្យដឹងរបស់តំណាងប្រឹក្សានយោបាយប្រជាជនចិនបានធ្វើឡើងក្នុងជំនួបមួយរវាងលោក វ៉ាង ចៀរ៉ុយ (Wang Jiarui) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និង លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា។ ក្នុងជំនួបបិទទ្វារនាមន្ទីររដ្ឋសភា កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក វ៉ាង ចៀរ៉ុយបានសរសើរលោក ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងនៅកម្ពុជាបានល្អ ហើយលោកក៏បានប្រកាសចំពោះមុខលោក ហេង សំរិន ថា ប្រទេសចិនគាំទ្រការចាប់ខ្លួនលោក កឹម សុខា។
លោក សន សារ៉ាណា ទីប្រឹក្សាលោកហេង សំរិន ដែលចូលរួមក្នុងជំនួបនាព្រឹកថ្ងៃព្រហស្បតិ៍ បានប្រាប់អ្នកសារព័ត៌មាន តាមសម្តីដើមរបស់លោក វ៉ាង ចៀរ៉ុយយ៉ាងដូច្នេះថា៖
«សម្តេច ហ៊ុន សែន បានដោះស្រាយបញ្ហាផ្ទៃក្នុងបានល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ សម្តេច ហ៊ុន សែន បានចាប់ឯកឧត្តម កឹម សុខា ក្រសួងការបទេសនៃប្រទេសចិន បានសុំធ្វើការគាំទ្រចំពោះ កិច្ចការនេះ និងសូមធានាដល់ ប្រទេសកម្ពុជានូវសន្តិសុខផ្ទៃក្នុងរបស់ប្រទេសកម្ពុជា»។
ជំនួបរវាងលោក ហេង សំរិន និង លោក វ៉ាង ចៀរ៉ុយ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីពន្យល់ប្រធានបេសកកម្មការទូតនៅកម្ពុជាអំពីការឃាត់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
ក្នុងសេចក្តីពន្យល់ដែលមានបីទំព័រ លោក ប្រាក់ សុខុនបានបញ្ជាក់ឲ្យដឹងថា លោកបានជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភារៈធារីស្តីទី និងសេនានុព័ន្ធយោធានៃបេសកកម្មការទូតទាំងអស់ប្រចាំនៅកម្ពុជា កាលពីថ្ងៃ៣ ខែកញ្ញា គឺក្នុងថ្ងៃតែមួយដែលអាជ្ញាធរមានសមត្ថកិច្ចចាប់លោក កឹម សុខា។
ក្នុងជំនួបជាមួយមន្ត្រីការទូតទាំងនោះ លោក ប្រាក់ សុខុន បានចាក់បញ្ចាំង វីដេអូឃ្លីបដែលបង្ហាញពីការអធិប្បាយរបស់លោក កឹម សុខា អំពីយុទ្ធសាស្ត្រផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។
បន្ទាប់ពីការចាក់បញ្ចាំងវីដេអូឃ្លីបនេះរួចមក លោក ប្រាក់ សុខុន បានថ្លែងថា៖
«យុទ្ធសាស្ត្រក្នុងការដណ្តើមអំណាច គឺមានជាទូទៅសម្រាប់គ្រប់គណបក្សនយោបាយ ហើយនោះមិនមែនជាបទល្មើសឡើយ ប៉ុន្តែអ្វីដែលបង្កើតជាបទល្មើស គឺរបៀបដែលយុទ្ធសាស្ត្រត្រូវបានបង្កើតឡើង ហើយអ្នកណានៅពីក្រោយយុទ្ធសាស្ត្រនោះ»។
សេចក្តីពន្យល់ដដែលបានដកស្រង់សម្តីលោក ប្រាក់ សុខុន បន្តថា៖
«លោក កឹម សុខា បានសារភាពយ៉ាងច្បាស់នៅក្នុងវីដេអូថា សហរដ្ឋអាមេរិកបានប្រាប់លោកតាំងពីដំបូងអំពីអ្វីដែលត្រូវធ្វើ។ គាត់បាននិយាយពីទំនាក់ទំនងរវាងគាត់ និងសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៣ មក។ គាត់បានដកខ្លួនពីឆាកនយោបាយតាមការណែនាំរបស់ពួកគេ។ គាត់បានយកគំរូតាមប្រទេសយូហ្គោស្លាវី នៅពេលដែលគេប្រាប់គាត់ឲ្យធ្វើដូច្នេះ»។
លោក ប្រាក់ សុខុន បានចង្អុលបង្ហាញដោយលើកហេតុផលពីការធ្វើបាតុកម្ម កាលពីឆ្នាំ២០១៣ និង ដើមឆ្នាំ២០១៤ ដែលទាមទារឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ក្រោយការបោះឆ្នោតមួយដែលគណបក្សជំទាស់យល់ថា មានភាពមិនប្រក្រតីនោះ។
ក្នុងសេចក្តីសន្និដ្ឋានរបស់លោកនៅចំពោះមុខមន្ត្រីការទូតទាំងនោះ លោក ប្រាក់ សុខុន បានអះអាងក្នុងន័យដើមថា៖
«សម្រាប់យើងខ្ញុំ និងសម្រាប់ខ្ញុំផ្ទាល់នេះគឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ប៉ុន្តែសូមទុកឲ្យតុលាការជាអ្នកសម្រេច»។
លោក ប្រាក់ សុខុន ក៏បានសូមឲ្យមន្ត្រីការទូតទាំងនោះគោរពឯករាជ្យភាព អធិបតេយ្យភាព និងអព្យាក្រឹត្យភាពរបស់កម្ពុជា ហើយទុកឲ្យប្រជាជនកម្ពុជាសម្រេចជ្រើសរើសមេដឹកនាំដោយសេរី។ លោកប្រាក់ សុខុន ថែមទាំងទទូចឲ្យប្រទេសនានាកុំមកជ្រៀតជ្រែក ហើយសូមគោរពច្បាប់កម្ពុជាផងដែរ។
ថ្វីដ្បិតតែមានការពន្យល់បែបនេះពីលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសក៏ដោយ ក៏សហគមន៍អន្តរជាតិ រួមមានស.រ.អា. សហភាពអឺរ៉ុប អ.ស.ប. អូស្ត្រាលី អង់គ្លេស និងអង្គការអន្តរជាតិធំៗ បានបន្តប្រតិកម្មនឹងការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយចោទសួរអំពីភាពស្របច្បាប់នៃការបោះឆ្នោតក្នុងឆ្នាំ២០១៨។ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក៏បានសម្តែងក្តីបារម្ភជាខ្លាំងចំពោះការចាប់ខ្លួនលោក កឹម សុខា ដែលមានអភ័យឯកសិទ្ធិសភា។ អាល្លឺម៉ង់ក៏ទាមទារឲ្យដោះលែងមេដឹកនាំគណបក្សជំទាស់រូបនេះផងដែរ។
លោក John McCain ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ រដ្ឋ Arizona បានថ្លែងនៅលើប្រព័ន្ធ Twitter របស់លោកកាលពីថ្មីៗនេះថា៖
«ការគាបសង្កត់ ដែលមិនអាចទទួលយក បានទៅលើក្រុមមេដឹកនាំប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបញ្ជាក់ឲ្យដឹងពីកំណើននៃភាពផ្តាច់ការនិយមដ៏គួរឲ្យព្រួយបារម្ភ»។
ក៏ប៉ុន្តែចិនមិនមានក្តីបារម្ភអ្វីឡើយចំពោះការចាប់ខ្លួនលោក កឹម សុខា។ លោក សន សារ៉ាណា ទីប្រឹក្សាលោកហេង សំរិន ដែលបានជួបលោក វ៉ាង ចៀរ៉ុយ (Wang Jiarui) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានបញ្ជាក់ឲ្យដឹងទៀតថា ចិនត្រៀមរួចរាល់ក្នុងការបោសសម្អាតឧបសគ្គនានានៅកម្ពុជា។ លោក សន សារ៉ាណា និយាយដោយយោងតាមសម្តីដើមរបស់លោក វ៉ាង ចៀរ៉ុយ ថា៖
«ប្រទេសចិននឹងសហការជួយប្រទេសកម្ពុជា នៅគ្រប់កាលៈទេសៈ។ កម្ពុជាមានឧបសគ្គណាមួយ ប្រទេសចិននៅពីក្រោយ ជួយគាំទ្រដំណើរនេះ។ ជោគជ័យរបស់ប្រទេសកម្ពុជាក៏ដូចជាជោគជ័យរបស់ប្រទេសចិន។ ឧបសគ្គកើតឡើងចំពោះប្រទេសកម្ពុជា ក៏ជាឧបសគ្គរបស់ប្រទេសចិន»។
ដោយឡែក លោក ឈាង វុន អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជានៅរដ្ឋសភា បានប្រាប់អ្នកកាសែតក្នុងសន្និសីទព័ត៌មាននៅសភានាថ្ងៃព្រហស្បតិ៍នេះថា លោកមានក្តីបារម្ភ ដែលលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា បានសហការជាមួយសហរដ្ឋអាមេរិកក្នុងគោលបំណងយកលំនាំបដិវត្តន៍ពណ៌ដែលបានកើតឡើងនៅប្រទេសសែប៊ី ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តបាត់ដំបងរូបនេះបានបញ្ជាក់ថា សកម្មភាពលោកកឹម សុខា អាចជាការនាំឲ្យមានភាពស្អប់ខ្ពើមប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយហេតុថាបដិវត្តន៍គាំទ្រដោយសហរដ្ឋអាមេរិកនៅប្រទេសសែប៊ី បានធ្វើឲ្យប្រទេសដែលស្ថិតក្នុងតំបន់អឺរ៉ុបមួយនេះ រងការខ្ទេចខ្ទាំ។
«នៅក្នុងបញ្ហាសែប៊ីនេះ ទីបំផុតប្រជាពលរដ្ឋ សែប ជនជាតិសែបហ្នឹង -សែបប៊ីហ្នឹងគេហៅស៊ែប- ពួកប្រជាពលរដ្ឋសែបនេះយកទង់ជាតិសហរដ្ឋអាមេរិកមកដុតហ្មង ព្រោះប្រទេសគេហិនហោច។ អីចឹងហើយកឹម សុខា ដែលអាមេរិកាំងជួយនេះ អាចជំរុញឲ្យប្រជាពលរដ្ឋយើងនេះស្អប់សហរដ្ឋអាមេរិក មិនមែនយើងស្អប់សហរដ្ឋអាមេរិកទេ គឺសកម្មភាពរបស់គាត់ នែ៎ស្អប់សហរដ្ឋអាមេរិក»។
នៅពេល VOA សួរលោកថា តើលោកជឿថា លោក កឹម សុខា ជាមេដឹកនាំបដិវត្តន៍មែនទេ លោកឈាង វុន បានថ្លែងថា មានតែតុលាការទេទើបអាចបញ្ជាក់បានថា តើលោកកឹម សុខា ពិតជាមេដឹកនាំបដិវត្តន៍ ឬក៏មិនមែននោះ។
«មានតែតុលាការទេ ដែលអាចសម្រេចថា គាត់មានទោស ឬគាត់គ្មានទោស។ គាត់ជាអ្នកដឹកនាំ ឬគាត់មិនមែនជាអ្នកដឹកនាំ»។
កាលពីថ្ងៃពុធកន្លងទៅ តុលាការរាជធានីភ្នំពេញបានចោទ លោក កឹម សុខា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសស្មើនឹងអំពើក្បត់ជាតិ ហើយលោកអាចប្រឈមនឹងការដាក់ទោសក្នុងពន្ធនាគារដល់ទៅ៣០ឆ្នាំ។
ភ្លាមៗបន្ទាប់ពីតុលាការសម្រេចឃុំខ្លួនលោក កឹម សុខា កូនស្រីពៅរបស់មេដឹកនាំគណបក្សប្រឆាំងរូបនេះ គឺកញ្ញា កឹម សម្មាធីតា បានដកស្រង់សម្តីរបស់អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សប្រឆាំងមកបញ្ជាក់លើគណនីសង្គម Twitter របស់ខ្លួនថា «បទឧក្រិដ្ឋតែមួយគត់របស់លោកកឹម សុខាគឺលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងចង់ឲ្យមាននីតិរដ្ឋស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ»។
គ្រាដែលលោក កឹម សុខា នៅមានអភ័យឯកសិទ្ធិសភានៅឡើយ សភាខ្មែរបានឲ្យដឹងថា ខ្លួននឹងធ្វើការសម្រេចលើករណីលោក កឹម សុខា ក្នុងអង្គប្រជុំវិសាមញ្ញ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ កិច្ចប្រជុំនោះ នឹងសម្រេចថា តើតុលាការនឹងបន្តរឿងក្តីលោក កឹម សុខា ទៅមុខទៀត ឬយ៉ាងណា ដោយមិនភ្ជាប់ជាមួយនឹងអភ័យឯកសិទ្ធិសភារបស់មេដឹកនាំបក្សប្រឆាំងនោះឡើយ៕