ក្រុមអាជ្ញាធរចិន បានដាក់ការគ្រប់គ្រងដ៏តឹងរឹងទៅលើក្រុមអ្នកយកព័ត៌មានបរទស នៅក្នុងទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់ពួកអ្នកយកព័ត៌មានកុំឲ្យរាយការណ៍អំពីបាតុកម្មប្រឆាំងរដ្ឋាភិបាល។ រដ្ឋាភិបាលមានការបារម្ភអំពីការរាលដាលបាតុកម្មទាំងឡាយដែលបានផ្តួល និងគម្រាមពួកមេដឹកនាំនៅមជ្ឈឹមបូព៌ាប្រទេស និងអាហ្វ្រិកខាងជើង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
រដ្ឋាភិបាលចិនបានគម្រាមឲ្យដកហូតទិដ្ឋាការ និងបណ្តេញអ្នកយកព័ត៌មានបរទេសណាដែលរាយការណ៍អំពីតំបន់មមាញឹកខ្លះៗរបស់ប្រទេស ដោយគ្មានការអនុម័តជាមុន។
កាលពីថ្ងៃអាទិត្យមុន អ្នកយកព័ត៌មានប្រមាណ១៦នាក់ត្រូវបានឃាត់ខ្លួន និងបំពានដោយកងកម្លាំងសន្តិសុខនៅក្នុងសង្កាត់លក់អីវ៉ាន់ វ៉ាងហ្វ៊ុជីង (Wangfujing) នៃទីក្រុងប៉េកាំង។ ក្រុមអ្នកយកព័ត៌មានបាននៅក្នុងទីនោះដើម្បីកត់ត្រា ការជួបប្រជុំតូចមួយនៃមនុស្សដែលបានឆ្លើយតបទៅនឹងការអំពាវនាវតាមប្រព័ន្ធអ៊ិនធឹណែតសម្រាប់ការប្រជុំគ្នាជាសាធារណៈ ដើម្បីគាំទ្រ «បដិវត្តន៍ផ្កាម្លឹះ» នៅក្នុងមជ្ឈឹមបូព៌ាប្រទេស និងដើម្បីអំពាវនាវឲ្យមានកំណែទម្រង់ក្នុងប្រទេសចិន។ អ្នកយកព័ត៌មានអាមេរិកម្នាក់ត្រូវបានវាយដំយ៉ាងទម្ងន់ ហើយត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ។
សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសចិនត្រូវបានកាត់បន្ថយយ៉ាងខ្លាំងជាស្រេចទៅហើយ។ គេហទំព័របណ្តាញសង្គមដូចជា Facebook និង Twitter និងការផ្សាយតាមរលកធាតុអាកាសពីបរទេសជាច្រើនដូចជាវិទ្យុសម្លេងសហរដ្ឋអាមេរិកជាដើម ត្រូវបានរារាំង ក៏ដូចគ្នានឹងគេហទំព័រព័ត៌មានបរទេស ជាច្រើនទៀតផងដែរ។
ប៉ុន្តែចាប់តាំងពីមានបាតុកម្មនៅក្នុងមជ្ឈឹមបូព៌ាប្រទេស និងអាហ្វ្រិកខាងជើងដែលបានធ្វើឲ្យរញ្ជួយរដ្ឋាភិបាលចាក់ឫសយូរនៅទីនោះមក ប្រទេសចិនបានបង្កើនកិច្ចប្រឹងប្រែងទាំងឡាយ ដើម្បីទប់ស្កាត់កុំឲ្យបាតុកម្មស្រដៀងគ្នានេះកើតឡើងបាន។
លោក ឌ្យីឡេស ល័រឌែត Gilles Lordet អ្នកសម្របសម្រួល ការស្រាវជ្រាវសម្រាប់កិច្ចការទ្វីបអាស៊ី នៃអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ក្នុងទីក្រុងប៉ារីស មានប្រសាសន៍ថា ប្រទេសចិនបានបង្កើនការត្រួតពិនិត្យរបស់ខ្លួនទៅលើបណ្តាញព័ត៌មាន និងអ្នករិះគន់រដ្ឋាភិបាលទាំងឡាយ ចាប់តាំងពីសកម្មជនការពារសិទ្ធិមនុស្ស លោក លី សាវបូ (Liu Xiaobo) បានទទួលជ័យលាភីរង្វាន់ណូបែលសន្តិភាពនៅក្នុងខែតុលាមក។ លោក ល័រឌែតមានប្រសាសន៍ថា៖
«វាបង្ហាញពីការព្រួយបារម្ភជាខ្លាំងរបស់រដ្ឋាភិបាល អំពីបាតុកម្ម អំពីលទ្ធភាពដែលថាការធ្វើបាតុកម្មទាំងឡាយនៅក្នុងមជ្ឈឹមបូព៌ាប្រទេស អាចមានផលប៉ះពាល់ទៅលើបណ្តាញនៃក្រុមអ្នកការពារសិទ្ធិមនុស្ស ក្រុមអ្នកយកព័ត៌មាន និងក្រុមអ្នកការពារសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសចិន។ យើងឃើញថា វាជាគោលនយោបាយមួយដែលកាន់តែតឹងរឹងខ្លាំងឡើងៗ ចាប់តាំងពីការកំណត់ឲ្យជ័យលាភីណូបែលសន្តិភាពដល់លោក លី សាវបូ ក្នុងខែតុលាមក។ ស្ថានការណ៍នៅក្នុងមជ្ឈឹមបូព៌ាប្រទេសបានបង្កើនការព្រួយបារម្ភ របស់រដ្ឋាភិបាលចិនលើប្រធានបទនេះ»។
គណបក្សកុម្មុនីស្តចិនបានគ្រប់គ្រងប្រទេសចាប់តាំងពីឆ្នាំ១៩៤៩មក។ បាតុកម្មមហាជនប្រឆាំងរដ្ឋាភិបាលចុងក្រោយបង្អស់នៅក្នុងទីក្រុងប៉េកាំងបានបញ្ចប់ នៅក្នុងការបង្ហូរឈាម នៅក្នុងឆ្នាំ១៩៨៩ នៅពេលដែលកងកម្លាំងរដ្ឋាភិបាលបាញ់និស្សិតច្រើនរយនាក់នៅក្នុងទីលានទៀនអាន់ម៉េន។ នៅក្នុងឆ្នាំ២០០៨ ការបះបោរនៅក្នុងដែនដីទីបេត៍ត្រូវបានបង្ក្រាបដោយកងយោធា និងនៅក្នុងឆ្នាំ២០០៩ រដ្ឋាភិបាលបានបង្ក្រាបចលាចលម្តងទៀតនៅក្នុងតំបន់ស្វ័យយ័ត ស្ស៊ីងជាង (XinJiang)។
អង្គការនៃក្រុមអ្នកការពារសិទ្ធិមនុស្សចិនបានព្រមាននៅថ្ងៃព្រហស្បតិ៍អំពី «រលកថ្មីនៃការបង្ក្រាបយ៉ាងវក់វីមិនឲ្យងើបរួច» មួយនៅក្នុងប្រទេសចិន។ ក្រុមនោះនិយាយថា ក្រុមសកម្មជនជាច្រើនពាសពេញប្រទេសចិនត្រូវបានឃាត់ខ្លួន ឬដាក់ឲ្យនៅក្នុងការឃុំខ្លួនក្នុងផ្ទះពីបទធ្វើឲ្យអន្តរាយ សន្តិសុខរដ្ឋ និងវិទ្ធង្សនាដែលទាក់ទងនឹងការអំពាវនាវឲ្យមាន «បដិវត្តន៍ផ្កាម្លឹះ» មួយ៕
ប្រែសម្រួលដោយ នុច សារីតា