ក្រុមអាជ្ញាធរចិនកាលពីថ្ងៃអង្គារបានប្រកាសថា ជំរំឃុំឃាំងនៅតំបន់ភាគខាងលិចនៃខេត្តស៊ីនជាំងនឹងត្រូវលុបបំបាត់បន្តិចម្តងៗ ប្រសិនបើគេលែងត្រូវការវាតទៅទៀត។
ប្រទេសចិនកំពុងប្រឈមនឹងការរិះគន់ពីសកលលោកទាក់ទិននឹងជំរំឃុំឃាំង ដែលក្រុមមន្រ្តីនៅតែអះអាងថាជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជា្ជជីវៈ។
លោក Shohrat Zakir អភិបាលខេត្តស៊ីនជាំងបាននិយាយថា៖ «ប្រទេសមួយចំនួននិយាយថា ខេត្តស៊ីនជាំងមានជំរំប្រមូលផ្តុំនិងជំរំកែប្រែឡើងវិញ។ សេចក្តីថ្លែងការណ៍ទាំងនេះគឺជាការកុហកបោកប្រាស់ និងមិនទំនងទាល់តែសោះ»។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថាជនជាតិវីហ្គ័រកាន់សាសនាឥស្លាមប្រហែលមួយលាននាក់ និងក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាមផ្សេងទៀតកំពុងជាប់ឃុំឃាំងនៅក្នុងជំរំទាំងនេះ។ អតីតអ្នកជាប់ឃុំបានពណ៌នាអំពីការធ្វើទារុណកម្មធ្ងន់ធ្ងរ រួមទាំងទារុណកម្មផ្លូវចិត្ត និងទារុណកម្មនយោបាយ។
រដ្ឋាភិបាលក្រុងប៉េកាំងបានអះអាងថាជំរំទាំងនោះគឺជាផ្នែកមួយនៃយុទ្ធនាការទូទៅមួយ ដើម្បីកាត់បន្ថយការគំរាមកំហែងរបស់ពួកឥស្លាមជ្រុលនិយម។
លោក Zakir បាននិយាយថា៖ «ចំនួនអ្នកជាប់ឃុំនៅក្នុងមជ្ឈមណ្ឌលទាំងនេះគួរតែតិចទៅៗ ហើយប្រសិនជាថ្ងៃណាមួយអាជ្ញាធរលែងត្រូវការជំរំទាំងនេះ នោះវានឹងត្រូវបាត់ទៅបន្តិចម្តងៗ»។
លោក Zakir បានបន្ទរតាមការអះអាងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅឯកិច្ចប្រជុំថាគ្មានអំពើហឹង្សាកើតឡើងនៅក្នុងខេត្តស៊ីនជាំងទេ រយៈពេលជាងពីរឆ្នាំមកនេះ។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានប្រកាសថា ស្ថានភាពក្នុងខេត្តស៊ីនជាំងពិតជាមិនអាចទទួលយកបានទេ៕