ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​កុម្មុយនិស្ត​ចិន​ចេញ​វិធានថ្មី​ក្នុង​ការ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​ដោយ​ដាក់​អ្នក​ស៊ើប​អង្កេត​ក្រោម​ការ​គ្រប់​គ្រង​យ៉ាង​តឹងរ៉ឹង​ជាង​មុន


មនុស្ស​ដើរ​កាត់​រូប​របស់​លោក​ប្រធានាធិបតី Xi Jinping នៅ​ថ្ងៃទី២ នៃ​កិច្ចប្រជុំ​ពេញ​អង្គ​របស់​គណៈកម្មាធិការ​កណ្តាល​ទី១៨ របស់​គណបក្ស​កុម្មុយនិស្ត​ចិន ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

បទ​បញ្ញត្តិ​ថ្មី​នេះ​មាន​គោល​​បំណង​ធ្វើ​ឲ្យ​​​ការ​​ស៊ើប​អង្កេត​អំពើ​ពុករលួយ​ មាន​ស្តង់​ដារ​ ​ដើម្បី​ធានា​​នូវ​ក្រុម​វិន័យ​មួយ​ដែល​បរិសុទ្ធ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​មាន​មន្ទិល​សង្ស័យ​ថា​បទ​បញ្ជា​នេះ​នឹង​​​គ្រប់គ្រាន់​ដើម្បី​កំចាត់​អំពើ​ពុក​រលួយ​​​ដែរឬ​អត់។

បក្ស​កុម្មុយនិស្ត​ ចិន​បាន​អនុម័តបទ​បញ្ជា​ថ្មីមួយ​ដែល​នឹងដាក់​អ្នក​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​៥សែន​នាក់​របស់​បក្ស​ ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​កាន់​តែ​តឹង​រ៉ឹង​ជាង​មុន។

បទបញ្ញត្តិ​សម្រាប់​អនុវត្ត​ក្នុង​បក្ស​នេះ ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃទី​៨ ខែ​មករា​ នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​ការ​ប្រជុំ​ពេញ​អង្គ​ប្រចាំ​ឆ្នាំ​របស់​គណកម្មការ​មជ្ឈិម​សម្រាប់​ការត្រួត​ពិនិត្យ​វិន័យ​ ហៅ​កាត់​ថា​ CCDI។ បទ​បញ្ញត្តិ​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​មានស្តង់ដារតែមួយ​ ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ក្រុម​វិន័យ​មួយ​ដែល​គ្មាន​មន្ទិល។

ក៏ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​មាន​មន្ទិល​សង្ស័យ​អំពី​រឿង​នេះ ដោយ​ពួក​គេ​និយាយ​ថា ​ច្បាប់​សម្រាប់​គ្រប់​គ្រង​ខ្លួន​ឯង​បែប​នេះ​ ប្រហែល​ជា​មិនមាន​ប្រសិទ្ធភាព​ក្នុង​ការ​រក​មុខ​អ្នក​ស៊ើប​អង្កេត​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយនោះទេ បើ​ទោះជា​ច្បាប់​នេះមានតួនាទី​ធានាថា សមាជិក​គណបក្ស​គោរព​តាម​មេដឹកនាំ​កាន់​អំណាចបច្ចុប្បន្ន​ក្រោម​ការ​ដឹក​នាំរបស់​ប្រធានា​ធិបតី​ចិន​គឺ​លោក​ Xi Jinping។

នីតិវិធី​ស៊ើប​អង្កេត​ដែល​មាន​ស្តង់ដារ​តែ​មួយ

ដោយ​សារ​តែ​សេចក្តី​លម្អិត​នៃបទបញ្ញត្តិ​នេះ​មិន​ទាន់​ត្រូវបាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ ​ច្បាប់​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​ដាក់​ចេញ​នូវ​ស្តង់ដារ​ច្បាស់​លាស់​ ​អំពី​របៀប​ដោះ​ស្រាយ​តម្រុយ​ព័ត៌មានអំពី​អំពើ​ពុក​រលួយ​ របៀប​ត្រួត​ពិនិត្យ និង​ ពិនិត្យ​ឡើង​វិញនូវ​សំ​ណុំ​រឿង​ និងរបៀប​គ្រប់​គ្រង​ផល​ចំណេញ​ឬ​ទ្រព្យ​សម្បត្តិ​ដែល​បាន​ដោយ​អំពើ​ទុច្ចរិត។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​លើ​វិបសាយ​របស់​គណកម្មការ​វិន័យ​កាល​ពីខែមករា។

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ស៊ើប​អង្កេត​នឹង​តម្រូវ​ឲ្យ​រក្សា​ទុក​ឯកសារ​សំឡេង ​និង​វីដេអូ​គ្រប់​ដំណាក់​កាល​នៃ​ការ​សួរ​ចម្លើយ​ ស្រប​ពេល​ដែល​ពួក​គេ​ ​ក៏​ត្រូវ​បង្កើត​ប្រព័ន្ធ​ចុះ​បញ្ជី​មួយ​ សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ស្នើ​សុំ​សួរ ឬ​ព្យាយាម​រំខាន​ដល់​សំណុំ​រឿង​របស់​ពួក​គេ។

សេចក្តី​ថ្លែង​ការណ៍រួម​នៃ​កិច្ច​ប្រជុំ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពីខែមករា​និយាយ​ថា៖​ «ភាព​ជឿ​ទុក​ចិត្ត​លើ​មន្ត្រី​អនុវត្ត​វិន័យ​មិន​អាច​ជំនួស​ឲ្យ​ការត្រួត​ពិនិត្យ​បាន​ឡើយ។ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ អំណាច​ដែល​ផ្តល់​ដោយ​បក្ស​ និងប្រជាពលរដ្ឋមិន​ត្រូវ​បាន​រំលោភ​បំពាន​ជា​ដាច់​ខាត»។

ថ្លែងនៅ​ក្នុង​ សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា​កន្លង​ទៅ​ លោក Wu Yuliang​ អនុ​រដ្ឋ​លេខាធិការ​នៃ​គណកម្មការមជ្ឈិម​សម្រាប់​ត្រួត​ពិនិត្យ​វិន័យ​ បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រធានាធិបតី​ Xi ដែល​ជា​ប្រធាន​បក្ស​ ដើម្បី​បង្ក្រាប​ ទាំង «ខ្លា» និង​ «រុយ» ពោល​គឺ​ទាំង​មេដឹកនាំ​ដែល​មានឥទ្ធិពល និងអ្នក​ធ្វើ​ការ​នៅ​តាម​ការិយាល័យ​ថា្នក់​មូលដ្ឋាន។

លោក​បាន​បន្ថែម​ថា​ ការ​ប្រយុទ្ធ​របស់​គណបក្ស​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​ទទួល​បាន​ ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក្លាមួយ​ និង​ការ​វិវឌ្ឍ​យ៉ាង​ធំ​ បន្ទាប់​ពី​មាន​ការ​ស្ទាប​ស្ទង់​មតិ​មួយដែល​បង្ហាញ​ថា​ អត្រា​យល់​ព្រម​ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយមួយ​របស់​គណបក្ស​មាន​ចំនួន​៩៣​ភាគ​រយ​ ​កើន​ឡើង​ពី​ចំនួន​៧៥​ ភាគ​រយ​នៅ​ឆ្នាំ​២០១២។

លោក​ Wu​ បាន​លើក​យក​សម្តី​ដើម​របស់​លោក Xi​ ដោយ​និយាយ​ថា៖ «គោល​បំណង​នៃ​ការ​ធានា​មិន​ឲ្យ​មន្ត្រី​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទទួល​បាន​ភាព​ជោគ​ជ័យ​ ហើយ​ប្រព័ន្ធ​នៃ​ការ​ធានា​ថា​មន្ត្រី​ទាំង​នោះនឹង​មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ត្រូវ​បាន​គេបង្កើត​រួច​ហើយ។ យើង​កំពុង​កសាង​ទំនប់​ដើម្បី​ធានា​ថា​ មន្ត្រី​ទាំង​នោះ​នឹង​មិនប៉ងប្រព្រឹត្ត​អំពើ​ពុក​រលួយ»។

យោង​តាម​លោក​ Wu គណបក្ស​បាន​ដាក់​វិន័យ​លើ​សមាជិក​បក្ស​ចំនួន​០.៤៣ ​ភាគ​យក​ក្នុង​ចំណោម​សមាជិក​ ​ទាំង​៨៨​លាន​នាក់របស់បក្ស​ នៅ​ក្នុង​ឆ្នាំ​២០១៦ ​បើ​ធៀប​ទៅនឹងឆ្នាំ​២០១២ ការ​ដាក់​វិន័យ​មាន​ចំនួន​០.១៨​ ភាគ​រយ​ ក្នុង​ចំណោម​សមាជិករបស់​បក្ស ​៨៥​លាន​នាក់។ លោក​បន្ថែម​ថា​ មន្ត្រី​ពុក​រលួយប្រហែល​ ២.៥០០​នាក់ ​ដែល​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ត្រូវ​បាន​ធ្វើ​បត្យាប័ន​ ​ត្រឡប់មក​ប្រទេស​ចិនវិញ​ ហើយ​ត្រូវបាន​គេ​រក​ឃើញទឹក​ប្រាក់​ ចំនួន​ ៨.៦៤​ពាន់​លានយ័ន​ ប្រហែល​នឹង​ (១.២៥​ ពាន់លាន​ដុល្លារអាមេរិក) ពី​ប្រាក់​នៃ​អំពើលួចបន្លំ ក្នុង​រយៈ​ពេល​៤​ឆ្នាំ​កន្លង​ទៅ។

នៅ​ពេល​សួរ​ថា​ តើ​ប្រទេស​ចិន​នឹង​ជួយ​សម្រប​សម្រួល​ប្រព័ន្ធ​គ្រប់គ្រង​ ដែល​ប្រព័ន្ធ​នេះ​នឹងធ្វើ​ការដោយ​ឯករាជ្យ​ដោយ​មិន​ចាំបាច់ត្រូវរាយការណ៍​ឲ្យ​គណបក្ស​នោះ​ឬ​យ៉ាងណា​ លោក​ Wu និយាយ​ថា​ ប្រព័ន្ធ​បែប​នេះ​នឹង​មិន​សាក​សម​ក្នុង​ប្រព័ន្ធ​បែប​សង្គម​និយម​របស់​ចិន​ទេ។ ក្នុង​ប្រព័ន្ធ​បែបនេះ ​ទាំង​គណកម្មការ​វិន័យ​របស់​បក្ស​ ទាំងគណកម្មាធិការ​គ្រប់​គ្រង់​ថ្នាក់​ជាតិនឹងត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​បក្ស។

ដោយត្រូវរាយការណ៍​ទៅ​រដ្ឋសភា​ គណកម្មាធិការ​គ្រប់​គ្រង​ថ្នាក់​ជាតិត្រូវ​បាន​គេ​កំណត់​ឲ្យ​គ្រប់​គ្រង​ មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ការិយាល័យ​សាធារណៈ​ រួម​ទាំងប្រព័ន្ធ​តុលាការ​ផង​ដែរ​ ។

លោក Wu ក៏​បានបង្ហាញឲ្យ​ដឹង​ដែរ​ថា​ សភា​ជាតិ​របស់​បក្ស​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ជាតិ​មួយ​ដើម្បី​ផ្តល់មូលដ្ឋាន​ផ្លូវ​ច្បាប់​សម្រាប់​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ថា្នក់​ជាតិ។

មន្ទិល​សង្ស័យលើបទ​បញ្ជា

ដោយ​ធ្វើ​អត្ថាធិប្បាយ​លើ​បទ​បញ្ជា​ ​គ្រប់​គ្រង​ខ្លួន​ឯង​របស់​បក្ស​នេះ​ លោក​ Jean-Pierre Cabestan សាស្ត្រាចារ្យ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ Hong Kong Baptist University និយាយ​ថា​ បទ​បញ្ជា​ទាំង​នេះ​ដោះ​ស្រាយតែ​ការ​ព្រួយ​បារម្ភ​ដែល​ថា​ អ្នក​ស៊ើប​អង្កេត អំពើ​ពុក​រលួយ​បាន​ក្លាយ​ជា​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ជ្រុល​ ហើយ​គ្មាន​បទ​បញ្ជា​ណា​ដើម្បី​កម្រិត​ ឬ​រារាំង​ពួក​គេ​មិន​ឲ្យបំពានអំណាច​របស់​ពួក​គេ។​

លោក​សាស្ត្រាចារ្យ​បន្ថែម​ថា​ គេ​នៅ​រង់ចាំ​មើល​ ថា​តើ​បទ​បញ្ជា​ទាំង​នេះ​នឹង​មាន​ដំណើរ​ការ​ក្នុង​ការ​គ្រប់​គ្រង​សមាជិក​គណកម្មការ​មជ្ឈិម CCDI ​ឲ្យ​បាន​ល្អ ​ឬ​អាច​បំបែក​ការ​ស៊ើប​អង្កេតនៃ​មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញ​ពីការ​កាត់​ទោសបាន​ឬ​យ៉ាង​ណា។

នៅជួរ​មុខនៃ​ទី​លាន​នយោបាយ​ លោក​និយាយ​ថា​ បទ​បញ្ជា​បែប​នេះ​នឹង​ជួយ​លោក​ Xi ពង្រឹង​អំណាច​របស់​លោក ដោយ​ការ​ប្រើ​ប្រាស់​អ្នក​ឃ្លាំ​មើលកំពូល​ក្នុង​ការងារ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​ជំរុញវិន័យនយោបាយ ស្រប​ពេល​ដែល​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុប​បដិបក្ខ​ផ្ទៃ​ក្នុង​បក្ស​ ដែល​ប្រឆាំង​នឹង​លោក​ ឬអ្នក​ដែល​ធ្វើ​ឲ្យ​ ​ការ​អនុវត្ត​កំណែ​ទម្រង់​របស់​លោក​នៅ​ទូ​ទាំង​ប្រទេស​យឺតយ៉ាវ។

លោក​ Cabestan បាន​ថ្លែង​ប្រាប់​ VOA ថា៖ «ការ​ងារ​ត្រួត​ពិនិត្យ​លើ​វិន័យ​មិន​ត្រឹម​តែ​ជា​ការងារ​ជំនួញ​ដើម្បី​ធ្វើឲ្យ​សមាជិក​បក្ស ​និង​មេដឹកនាំ​បក្ស​មាន​ភាព​ស្អាត​ស្អំ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ការងារ​នេះថែម​ទាំង​ធ្វើ​ឲ្យ​ពួក​គេ​ស្តាប់​បង្គាប់​ថ្នាក់​ដឹកនាំ​នយោបាយ​បច្ចុប្បន្នផង​ដែរ»។

លោក Ren Jianming​ នាយក​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវការ​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​អភិបាល​កិច្ច​នៃ​សាកល​វិទ្យាល័យ​ Tsinghua​ ក្នុង​ទីក្រុង​ប៉េកាំង​ ក៏​មាន​ការ​យល់​ឃើញ​ប្រហាក់​ប្រែល​នេះ​ដែរ។ លោកបាន​និយាយ​ថា​ វា​មិន​អាច​ទៅ​រួច​ទេ​ដែល​បទ​បញ្ជា​គ្រប់​គ្រង​ខ្លួន​ឯង​តែ​មួយប៉ុណ្ណឹង​ ​មានការត្រួត​ពិនិត្យដែល​មាន​ប្រសិទ្ធិភាព​ ​លើ​សមាជិក​គណកម្មការ​មជ្ឈិម​សម្រាប់​ត្រួត​ពិនិត្យ​វិន័យ CCDI បើ​សិន​ជា​គ្មាន​ការ​គ្រប់​គ្រង​ពី​ខាង​ក្រៅ​នៅ​ចំពោះ​មុខដើម្បីត្រួត​ពិនិត្យ​នោះ​ទេ​។

លោក Ren ថ្លែង​ថា៖​ «អ្វី​ដែល​យើងហៅ​ថា ការត្រួត​ពិនិត្យពី​ខាង​ក្រៅ​លើ​សមាជិក​ គណកម្មការ​មជ្ឈិម​សម្រាប់​ត្រួត​ពិនិត្យ​វិន័យ​ CCDI នោះ ​រួម​មាន​ការ​ត្រួត​ពិនិ្យ​ដោយ​សមាជ​ជាតិ​របស់​បក្ស​ដែល​នឹង​កើត​មាននៅ​ពេល​អនាគត ប្រតិភូ​របស់​បក្ស​នេះ​ ឬ​តាម​រយៈ​ការ​ធ្វើ​ប្រជាធិបតេយ្យ​នីយកម្ម​ក្នុង​បក្ស​ ក៏​ដូច​ជា​វិធាន​ផ្សេង​ទៀត​ ដូច​ជា​ប្រព័ន្ធ​ច្បាប់​ដែល​ឯក​រាជ្យ​មួយ ឬ​ក្រុម​ការងារ​ពិសេស​ផ្សេងៗទៀត»។

លោក​សាស្ត្រាចារ្យ​ Cabestan​ បាន​បន្ថែម​ថា ការ​តម្លើង​ឋានៈ​លោក​ Li Shulei​ ដែល​ជា​អតីត​អ្នក​សរសេរ​សុន្ទរកថា​របស់​លោក Xi ​ឲ្យ​ធ្វើ​ជា​ប្រធាន​នៃ​ក្រុម​អ្នក​ឃ្លាំ​មើល​ការងារ​ប្រឆាំង​អំពើ​ពុករលួយ​ ​បាន បញ្ជាក់​យ៉ាង​ច្បាស់​អំពី​គម្រោង​របស់​លោក​ Xi ​ដើម្បី​ពង្រឹត​ការ​គ្រប់​គ្រង​របស់​លោក​លើ​ឧបករណ៍​គ្រប់​គ្រង​របស់​បក្ស​ ដោយ​សារ​តែ​លោក Li ​គឺ​ជា​មនុស្ស​ម្នាក់​ដែល​លោក​ទុក​ចិត្ត​ ​បើ​ទោះ​បី​លោក Li ជា​អ្នក​ជំនាន់​ថ្មី​ក៏​ដោយ។

លោក​សាស្ត្រាចារ្យ​ក៏​បន្ថែម​ដែរ​ថា​ លោក​សង្ឃឹម​ថា​លោក​ Xi​ នឹង​រក​វិធី​រក្សា​ទុក​លោក ​Wang Qishan​ ឲ្យធ្វើ​ជា​ប្រធាន​គណកម្មការ​មជ្ឈិម​សម្រាប់​ត្រួត​ពិនិត្យ​វិន័យ CCDI​ ដដែល​ ​បន្ទាប់​ពី​សមាជ​ជាតិ​លើក​ទី​១៩​របស់​បក្ស ដែលគ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆមាស​ទី២ឆ្នាំ​នេះ បើ​ទោះបី​ជា​លោក​ Wang ដែល​មាន​អាយុ​៦៨​ឆ្នាំ​រូប​នេះ​ បាន​ឈាន​ហួស​វ័យ​ចូល​និវត្តន៍​ជា​យូរមក​ហើយ​ក្តី៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG