អ្នកវិភាគនានាបាននិយាយថា រដ្ឋាភិបាលចិនបានឈានជំហានមិនរារែកមួយនៅក្នុងខែនេះដើម្បីទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានា ដោយខ្លួនបានយល់ព្រមជាមួយនឹងសេចក្ដីព្រាងនៃក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង និងគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងបង្អស់ជាមួយនឹងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។
កាលពីសប្ដាហ៍មុន ប្រទេសទាំង ១០ នៃសមាគមអាស៊ាន និងប្រទេសចិនបានឯកភាពគ្នាលើសេចក្ដីព្រាងឯកសារមួយសម្រាប់ការចរចាអំពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង ដែលនឹងជួយរារាំងមិនឲ្យមានគ្រោះថ្នាក់ជាអកុសលណាមួយកើតឡើងនៅក្នុងដែនទឹកដែលមានជម្លោះនេះ។
សមុទ្រចិនខាងត្បូងត្រូវបានទាមទារកាន់កាប់ដោយរដ្ឋាភិបាលនៃប្រទេសចំនួន ៦ និងធ្លាប់មានហេតុការណ៍ប្រឈមមុខដាក់គ្នាកើតឡើងតាំងពីទសវត្សរ៍ ១៩៧០ មក។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា សេចក្ដីព្រាងនៃឯកសារនេះនឹងជួយ «បង្ហាញឲ្យឃើញថា ប្រទេសចិន និងបណ្ដាប្រទេសអាស៊ានមានសមត្ថភាពរក្សាសន្តិភាព និងស្ថិរភាពបាន»។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ដែលជាទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប្រទេសចិន។
លោក Eduardo Araral សាស្ត្រាចារ្យមហាវិទ្យាល័យគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា៖ «សេចក្ដីព្រាងឯកសារចរចានេះអាចចាត់ទុកថាជាដំណើរវិវឌ្ឍមួយនៅក្នុងការធ្វើឲ្យគ្មានជម្លោះបើកចំហណាមួយកើតឡើងក្នុងចំណោមបណ្ដាប្រទេសអាស៊ាន និងរវាងអាស៊ាន និងចិន»។
កិច្ចព្រមព្រៀងដែលបានសម្រេចបាននៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាននៅក្នុងប្រទេសសិង្ហបុរីនេះ ក៏មានការបញ្ជាក់ផងដែរថានឹងមានការធ្វើសមយុទ្ធយោធារួមគ្នារវាងអាស៊ាន និងចិននៅចុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីនានាដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនោះ៕