នៅថ្ងៃសៅរ៍នេះប្រទេសចិនបានប្រកាសថាខ្លួននឹងកម្រិតការដឹកជញ្ជូនផលិតផលប្រេងកាតទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីធ្វើតាមការដាក់ ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.អំពីកម្មវិធីបរមាណូនិងកម្មវិធីអភិវឌ្ឍកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនថាការដឹកជញ្ជូនប្រេងកាតចំរាញ់ទៅកាន់ប្រទេសកូរ៉េខាងជើងនឹងត្រូវកម្រិតត្រឹមពីរលានធុងក្នុងមួយឆ្នាំចាប់តាំងពីថ្ងៃទី១ខែតុលាទៅ។ ក្រសួងនេះបានថ្លែងថាការលក់ឧស្ម័នធម្មជាតិរាវទៅឱ្យប្រទេសនេះនឹងត្រូវហាមប្រាមជាបន្ទាន់។
សេចក្តីថ្លែងការណ៍នេះបាននិយាយថាការដឹកជញ្ជូនប្រេងកាតទៅលក់ឱ្យប្រទេស កូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីកាំជ្រួចផ្លោងឬសកម្មភាពឯទៀតៗរបស់ប្រទេសនេះបានត្រូវហាមប្រាមដោយការដាក់ទណ្ឌកម្មរបស់អ.ស.ប.។
រដ្ឋាភិបាលក្រុងប៉េកាំងក៏នឹងហាមប្រាមការដឹកវាយនភណ្ឌពីប្រទេសកូរ៉េខាងជើងជាបន្ទាន់ដែរ។ វាយនភណ្ឌជាប្រភពប្រាក់ចំណូលធំចុងក្រោយបង្អស់របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅក្រោយការដាក់ទណ្ឌកម្មមួយចំនួនដោយអ.ស.ប.ដែលតាមរយៈការដាក់ទណ្ឌកម្មទាំងនោះប្រទេសចិនបានឈប់ទិញធ្យូងថ្ម រ៉ែដែក ម្ហូបសមុទ្រនិងទំនិញឯទៀតៗ។
ប្រមាណ៩០ភាគរយនៃពាណិជ្ជកម្មកូរ៉េខាងជើងមានធ្វើជាមួយប្រទេសចិន។កិច្ចសហប្រតិបត្តិការបែបនេះមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ហើយការដាក់ទណ្ឌកម្មថ្មីៗបំផុតបានបង្កើនគំនាបសង្កត់ខ្លាំងលើប្រទេសកុម្មុយនិស្តនេះឱ្យបោះបង់ចោលការអភិវឌ្ឍន៍អាវុធបរមាណូនិងកាំជ្រួចមីស៊ីលមានវង់ប្រតិបត្តិការឆ្ងាយ។
ពួកមេដឹកនាំចិនបានការពារប្រទេសកូរ៉េខាងជាយូរមកហើយ ក៏ប៉ុន្តែបានសម្តែងការតប់ប្រមល់ខ្លាំងឡើងៗជាមួយរដ្ឋាភិបាលរបស់ Kim Jong Un៕