ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​ចិន​និង​ជប៉ុន​ជួប​ប្រជុំ​គ្នា​នៅ​តូក្យូ


រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi (ឆ្វេង) និង​សមភាគី​ជប៉ុន​របស់​លោក​​គឺ​លោក Toshimitsu Motegi ប៉ះកែងដៃ​គ្នា​នៅ​ពេល​ចាប់​ផ្ដើមកិច្ចពិភាក្សា​របស់​ពួកគេ ក្នុង​អំឡុងពេល​មាន​វិបត្តិ​កូវីដ១៩ ទីក្រុង​តូក្យូ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi (ឆ្វេង) និង​សមភាគី​ជប៉ុន​របស់​លោក​​គឺ​លោក Toshimitsu Motegi ប៉ះកែងដៃ​គ្នា​នៅ​ពេល​ចាប់​ផ្ដើមកិច្ចពិភាក្សា​របស់​ពួកគេ ក្នុង​អំឡុងពេល​មាន​វិបត្តិ​កូវីដ១៩ ទីក្រុង​តូក្យូ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ចិន​លោក​ Wang Yi បាន​ជួបប្រជុំ​នៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន ​កាល​ពី​ថ្ងៃ​អង្គារ​ជាមួយ​សមភាគី​ជប៉ុន​របស់​លោក​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ រួមមាន​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩ ​និង​ផល​ប៉ះពាល់លើ​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ និង​កង្វល់​ក្នុង​តំបន់​អំពី​ឥទ្ធិពល​ចិន​ដែល​កំពុង​កើន​ឡើង។​

កិច្ច​ពិភាក្សា​របស់​លោក​ Wang ​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន​លោក​ Toshimitsu Motegi​ គឺជា​កិច្ច​ពិភាក្សា​ថ្នាក់​កំពូល​លើក​ដំបូង​ចាប់​តាំង​ពី​លោក​នាយករដ្ឋមន្រ្តី ​Yoshihide Suga​ បាន​ចូល​កាន់​តំណែង​កាល​ពី​ខែ​កញ្ញា។ ​ទំនាក់ទំនង​ការ​ទូត​ជួប​ដោយ​ផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​រារាំង​ដោយ​ជំងឺ​រាតត្បាត​កូវីដ១៩។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ពិភាក្សា​នោះ គេ​ឃើញ​ថា ​ខណៈអ្នក​ការទូត​ទាំង​ពីរ​ទំនង​ជា​បានឯកភាព​គ្នាលើ​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​នោះ​ វា​ច្បាស់​ណាស់​ថា​ ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ដែល​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងកើត​នៅ​តែ​មាន​ភាព​ចម្រូងចម្រាស។​

ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​ដោយ​សារ​កោះ​មាន​ជម្លោះ​មួយ​ចំនួន។​ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​បញ្ហា​ពាណិជ្ជ​កម្ម​រវាង​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​បាន​ឡើង​កម្តៅ។​

មេដឹក​នាំ​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​«ពន្លឿន»​ដំណើរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​នៅ​ត្រឹម​ដំណាច់​ខែ​វិច្ឆិកា។ ​ការ​ដាក់​ការ​រឹតបន្តឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​ជំងឺ​រាតត្បាត​ពី​កូវីដ១៩។​

លោកWang គ្រោង​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី ​Suga ​នៅ​ថ្ងៃពុធ ​ដែល​ជា​ជំនួប​លើក​ដំបូង​ជាមួយ​មេដឹកនាំ​ជប៉ុន ​ដោយ​មន្រ្តី​ជាន់ខ្ពស់​ចិន​ចាប់តាំង​ពី​ដំណើរ​ទស្សនកិច្ច​កាលពី​ខែ​កុម្ភៈ​របស់​លោក​ Yang Jiechi ​ប្រធាន​គោល​នយោបាយ​ការ​បរទេស​ចិន៕

XS
SM
MD
LG