ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន និង​ឥណ្ឌា​ឯកភាព​គ្នា​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ព្រំដែន ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ប្រល័យ


រថយន្ដ​ទាហាន​ឥណ្ឌា​បើក​ទៅ​កាន់​តំបន់ Ladakh នៅ​ក្នុង​សង្កាត់​ Ganderbal កាល​ពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០។

ប្រទេស​ចិន និង​ឥណ្ឌា​បាន​ឯកភាព​គ្នា​កាត់​បន្ថយ​ភាព​តានតឹង ក្នុង​ពេល​មួយ​សប្ដាហ៍​ក្រោយ​មក បន្ទាប់ពី​បាន​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​ក្នុង​តំបន់​ជួរ​ភ្នំ​ហិមាល័យ ដែល​ធ្វើ​ឲ្យ​ទាហាន​ឥណ្ឌា ២០ នាក់​បាន​ស្លាប់។

ការ​វាយ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ប្រយុទ្ធ​ដោយ​ដៃ ដំបង និង​ដុំ​ថ្ម គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ទាហាន​ត្រូវ​បាន​សម្លាប់​នៅ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​តាំង​ពី​ឆ្នាំ ១៩៧៥ មក និង​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​នៃ​ទំនាក់ទំនង​រវាង​មហាយក្ស​អាស៊ី​ទាំង​ពីរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា បន្ទាប់ពី​មាន​ការ​ពិភាក្សា​រវាង​មេបញ្ជាការ​យោធា​កំពូល​ថ្នាក់​តំបន់​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​មក ភាគី​ទាំង​ពីរ «បាន​ឯកភាព​គ្នា​ចាត់​វិធានការ​ចាំបាច់​ដើម្បី​បន្ថយ​ភាព​តានតឹង​នៃ​ស្ថានការណ៍»។

គេ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​ឥណ្ឌា​បញ្ចេញ​មតិ​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​មន្ត្រី​យោធា​ឥណ្ឌា​មួយ​រូប​បាន​បញ្ជាក់​ថា បន្ទាប់ពី​ការ​ប្រជុំ​នោះ​មក គឺ​មាន​ការ «ឯកភាព​គ្នា​ជា​រួម​នៅ​ក្នុង​ការ​ដកថយ»។

ជម្លោះ​កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា បាន​កើត​ឡើង​នៅ​ជុំវិញ​តំបន់​ជ្រលង​ភ្នំ Galwan ដែល​មាន​កម្ពស់​ប្រហែល ៤ ពាន់ ៥ រយ​ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ ដែល​នៅ​ក្នុង​តំបន់​នោះ ភាគី​ទាំង​ពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​ឈ្លានពាន​ចូល​ដែនដី​រៀងៗ​ខ្លួន៕

XS
SM
MD
LG