ប្រទេសចិនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសមាគមអាស៊ីអាគ្នេយ៍ទាំង១០ ឬហៅកាត់ថាអាស៊ាននៅសប្តាហ៍នេះ ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រកួតប្រជែងយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីបង្ហាញពីឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នោះ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AP។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនផ្សាយឲ្យដឹងថា កិច្ចប្រជុំនៅថ្ងៃអង្គារនេះក្នុងទីក្រុង Chongqing នឹងពិភាក្សាលើប្រធានបទជាច្រើន ដែលរួមមានចាប់តាំងការស្តារឡើងវិញលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរសេដ្ឋកិច្ចដែលត្រូវបំផ្លិចបំផ្លាញដោយជំងឺកូវីដ១៩រហូតដល់កិច្ចប្រឹងប្រែងរួមគ្នាបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩ក៏ដូចជាការបង្កើតនូវលិខិតឆ្លងដែនវ៉ាក់សាំងរួមមួយ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរក្នុងតំបន់អាស៊ានផងដែរ។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ក៏នឹងត្រូវគេរំពឹងផងដែរថានឹងជួបដាច់ដោយឡែកជាមួយសមភាគីរបស់លោកនីមួយៗ នៅក្រៅកិច្ចប្រជុំជាផ្លូវការនោះ។
ប្រទេសចិនបានបង្កើននូវឥទ្ធិពលរបស់ខ្លួនក្នុងចំណោមប្រទេសទាំង១០នៃសមាគមអាស៊ាន បើទោះបីជាមានការរកាំរកូសគ្នាខ្លះៗ ជាមួយប្រទេសមួយចំនួនក្នុងតំបន់នេះ ជុំវិញការទាមទារទៅលើអធិបតេយ្យភាពក្នុងតំបន់សមុទ្រចិនខាងត្បូងក្តី។
ទោះជាយ៉ាងនេះក្តី កិច្ចប្រឹងប្រែងខាងការទូតនឹងជំនួយសេដ្ឋកិច្ចរបស់ចិន បានគ្របដណ្តប់ទៅលើភាពរកាំរកូសទាំងនោះ ស្របពេលដែលប្លុកអាស៊ានមិនអាចបង្កើតនូវជំហររួមមួយ ដោយសារតែមានការប្រឆាំងពីសម្ព័ន្ធមិត្តរបស់ចិន ជាពិសេសដូចជាប្រទេសកម្ពុជាជាដើមនោះ។
ដោយឡែកសហរដ្ឋអាមេរិកវិញ ដែលបានរក្សានូវវត្តមាននាវាចម្បាំងដ៏សកម្មមួយនៅក្នុងសមុទ្រចិនខាងត្បូងនិងមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់នោះបានសម្តែងនូវក្តីបារម្ភរបស់ខ្លួនចំពោះវត្តមានរបស់ចិនដែលកាន់តែមានឥទ្ធិពលខ្លាំងឡើងនៅក្នុងតំបន់អាស៊ាន ជាពិសេសផលប៉ះពាល់ទៅលើបញ្ហាសន្តិសុខ និងឥទ្ធិពលនយោបាយរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលអាចធ្វើឲ្យលទ្ធិប្រជាធិបតេយ្យមានភាពផុយស្រួយ។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃអង្គារកន្លងទៅ អនុរដ្ឋមន្ត្រីការ បរទេសអាមេរិកលោកស្រី Wendy Sherman បានលើកឡើងពីការសាងសង់សំណង់អគារថ្មីៗរបស់ចិននៅក្នុងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមកម្ពុជា និងបានស្នើឲ្យថ្នាក់ដឹកនាំកម្ពុជារក្សានូវគោលនយោបាយការបរទេសដែលមានតុល្យភាពនិងឯករាជ្យមួយ «សម្រាប់ផលប្រយោជន៍ដ៏ល្អបំផុតដល់ប្រជាពលរដ្ឋកម្ពុជា៕