ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ការពារ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​សម្តែង​នូវ​ក្តីបារម្ភ


រូប​ឯកសារ៖ លោក Wang Wenbin អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​​​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្រុង​ប៉េកាំង​​កាល​ពី​ឆ្នាំ​២០២០។
រូប​ឯកសារ៖ លោក Wang Wenbin អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​​​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្រុង​ប៉េកាំង​​កាល​ពី​ឆ្នាំ​២០២០។

ប្រទេស​ចិន​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា​បាន​រួម​ចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​វត្តមាន​របស់​យោធា​ចិន​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​អង្គារ​អ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ផ្តោត​លើ​ការ​សាងសង់​ថ្មី​របស់​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម។​

អ្នកស្រីអនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ស្វែង​រកការ​បំភ្លឺ​អំពី​ការ​វាយ​កម្ទេច​អគារ​ចំនួន​២​ដែល​ឧបត្ថម្ភ​ដោយ​ថវិកា​សហរដ្ឋ​អាមេរិក​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាមដោយ​គ្មាន​ការ​ជូន​ដំណឹង​ឬ​ការ​ពន្យល់​ហើយ«បាន​សង្កេត​ឃើញ​ថា មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា​នឹង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា​គំរាម​កំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់​និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​អាមេរិក-កម្ពុជា»។ នេះ​បើ​តាម​ក្រសួង​ការបរទេស​អាមេរិក។

នៅ​ទីក្រុង​ប៉េកាំង​លោក Wang Wenbin អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិនបាន​និយាយ​ថា​ប្រទេស​ចិន​និង​កម្ពុជា​រីករាយ​នឹង​«មិត្តភាព​ជា​ប្រពៃណី»​និង​ជា«ដៃគូ​យុទ្ធសាស្ត្រ​និងសហ​ប្រតិបត្តិការ​ទូលំ​ទូលាយ»។

លោក Wang បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ថា៖ « ភាគី​ទាំងពីរ​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​លើ​វិស័យ​ផ្សេងៗ​ដែល​បាន​នាំមក​នូវ​ផល​ប្រយោជន៍​ជាក់ស្តែង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​និង​បាន​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់»។

ក្រសួង​ការ​បរទេសអាមេរិក​បាន​បញ្ជាក់​ថា អ្នកស្រី Shermanបាន​ជំរុញ​ឱ្យ​ថ្នាក់ដឹក​នាំ​របស់​ប្រទេស​កម្ពុជា​រក្សា​នូវ​គោល​នយោបាយ​ការ​បរទេស​ឯករាជ្យ​និង​មាន​តុល្យភាព​ដើម្បី​ផល​ប្រយោជន៍​ដ៏ល្អ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា។​

អ្នកស្រី Sherman បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ម្តង​ទៀត​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ពុធ​ដោយ​និយាយ​ថា អ្នកស្រី​មាន​ការ​សន្ទនា​ដោយ​ស្មោះត្រង់​ជាមួយ​លោក​ហ៊ុន សែន​អំពី​ទិសដៅ​របស់​ប្រទេស​រួមទាំង​វត្តមាន​របស់​ចិន​នៅ​មូលដ្ឋាន​រាម​និង​បញ្ហា​សិទ្ធិ​មនុស្ស​កំណត់​ត្រា​ប្រឆាំង​លទ្ធិ​ប្រជា​ធិបតេយ្យ៕

XS
SM
MD
LG