អ្នកនយោបាយនិងមន្រ្តីសិទ្ធិមនុស្សបានជំរុញឲ្យអនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសអាមេរិក អ្នកស្រី Wendy Sherman លើកឡើងពីការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងដោះលែងអ្នកនយោបាយឲ្យបានមុនការបោះឆ្នោត នៅពេលអ្នកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជា។
អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិកដែលគេដឹងថាជាមន្រ្តីលំដាប់លេខ២នៅក្រសួងការបរទេស នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ នាថ្ងៃអង្គារ ដែលអ្នកស្រីគ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ នេះជាដំណើរទស្សនកិច្ចរបស់អ្នកស្រីរយៈពេល១០ថ្ងៃ ទៅកាន់ទ្វីបអឺរ៉ុបនិងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានកម្ពុជាផងដែរ។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បានថ្លែងថាអ្នកស្រី Sherman ត្រូវតែរិះគន់ជាសាធារណៈនិងខ្លាំងៗលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលលោកថា បាន«បំផ្លាញទាំងស្រុង»នូវលទ្ធិប្រជាធិបតេយ្យ សេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិមនុស្ស ចាប់តាំងពីឆ្នាំ២០១៧ ជាជាងការប្រើប្រាស់វិធីទន់ភ្លន់។
លោកក៏ជំរុញឲ្យមានការទាមទារឲ្យបញ្ចប់បណ្តឹងតុលាការប្រឆាំងអ្នកនយោបាយរបស់បក្សប្រឆាំង និងទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ថាចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងការចោទប្រកាន់ថាមានសហរដ្ឋអាមេរិកនៅពីក្រោយផងដែរ។
សម្រាប់អ្នកនយោបាយបក្សប្រឆាំងនៅកម្ពុជាមិនមានក្តីសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជំរុញឲ្យមានការដាក់សម្ពាធធំដុំអ្វីនោះទេមកលើរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែពួកគេចង់ឃើញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាវិលត្រឡប់ទៅស្ថានភាពដើមវិញ ហើយមានការគោរពសិទ្ធិមនុស្សក្នុងប្រទេស។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនិងបង្កើតគណបក្សមួយឈ្មោះថា«គណបក្សកែទម្រង់កម្ពុជា»ចង់ឃើញជំនួបរវាងអនុរដ្ឋមន្រ្តីការបរទេសរូបនេះជាមួយមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា។ លោកថាជំនួបរវាងមន្រ្តីរូបនេះជាមួយថ្នាក់ដឹកនាំកម្ពុជា ក្នុងនោះមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ នឹងមិនមានសម្ពាធអ្វីធំដុំនោះទេ។
លោកបញ្ជាក់ថា៖ «ខ្ញុំមើលឃើញថាមិនដឹងថាមកក្នុងគោលបំណង ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ឬក៏ដាក់សម្ពាធដើម្បីឲ្យស្តាលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោតអីនៅប្រទេសយើងទេណា។ ខ្ញុំមើលអត់ឃើញអញ្ចឹងទេ»។
លោកបន្ថែមថា៖ «ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំមិនសូវមានសង្ឃឹមអីធំដុំទេ គ្រាន់តែថាការដែលមកធ្វើទស្សនកិច្ចនេះអាចជាមុខមាត់របស់កម្ពុជាខ្លះហើយ អាចជាការបង្ហាញថាគេយកចិត្តទុកដាក់ជាមួយកម្ពុជាខ្លះហើយពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាហ្នឹង ដូច្នេះអាចអ្នកនយោបាយខ្មែរហ្នឹងពិចារណាពីការបន្ទន់ឥរិយាបថដាក់គ្នារវាងខ្មែរនិងអាមេរិកហ្នឹង»។
អ្នកនយោបាយបក្សប្រឆាំងរូបនោះឲ្យដឹងទៀតថា កន្លងទៅអាមេរិកក៏បាន«ព្រងើយ»លើបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីមានការរំលាយបក្សប្រឆាំង។ ប៉ុន្តែលោកថាតម្លៃរបស់អាមេរិក គឺចង់ឃើញលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការអភិវឌ្ឍ ដោយមានការគោរពសិទ្ធិមនុស្សក្នុងប្រទេស។
ចំណែកលោក ផាន់ ច័ន្ទសាក់ អតីតមន្រ្តីបក្សប្រឆាំងដែលបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញដែរ មានប្រសាសន៍ថានេះជា«ជម្រើសដ៏ល្អមួយ»ដែលអនុរដ្ឋមន្រ្តីការបរទេសរូបនោះមកកម្ពុជាក្នុងពេលនេះ ដែលលទ្ធិប្រជាធិបតេយ្យកម្ពុជាបានធ្លាក់ចុះ។ លោកជំរុញឲ្យមានការបោះឆ្នោតនៅឆ្នាំក្រោយ ដោយមានការប្រកួតប្រជែងពីបក្សប្រឆាំង និងការឈ្នះឆ្នោត«ដោយកិត្តិយស»។
លោកបញ្ជាក់ថា៖ «ចំណុចនេះ គណបក្សប្រជាជនចង់បានកិត្តិយស ព្រោះការបោះឆ្នោតសម្រាប់ប្រទេសកម្ពុជា គឺជាការបោះឆ្នោតមួយដែលគ្រប់គណបក្សនយោបាយទាំងអស់ត្រូវការកិត្តិយសទាំងអស់គ្នា ជាពិសេសគឺគណបក្សកាន់អំណាចតែម្តង។ គឺជាគណបក្សមួយដែលត្រូវការដឹកនាំដោយកិត្តិយស ហើយត្រូវការឈ្នះឆ្នោតដោយកិត្តិយស ហើយត្រូវការកិត្តិយសពីការបោះឆ្នោត»។
លោកបណ្ឌិត អ៊ា សុផល ដែលជាសាស្ត្រាចារ្យខាងការទូត និងកិច្ចការអន្តរជាតិនៃមហាវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានប្រសាសន៍ថាដំណើរទស្សនកិច្ចនិងជំនួបនេះជា«សញ្ញាល្អមួយដែលទីក្រុងវ៉ាស៊ីនតោនត្រឡប់មកកម្ពុជាវិញ»។
លោកប្រាប់VOAតាមសារអ៊ីមែលនៅថ្ងៃច័ន្ទនេះថា៖ «វាមានសារសំខាន់ដែលអនុរដ្ឋមន្រ្តីការបរទេសអ្នកស្រី Wendy Sherman ជំរុញខ្លាំងក្លាករណីដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែតាមដានកម្ពុជា ហើយមិនចូលចិត្តអ្វីដែលកើតឡើង[ក្នុងប្រទេសកម្ពុជា] ហើយ[សហរដ្ឋអាមេរិក]កំពុងមើលឃើញ»។
លោកបន្ថែមថាមន្រ្តីជាន់ខ្ពស់អាមេរិកអាចលើកឡើងបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស បញ្ហាលោក កឹម សុខា នៅបន្តជាប់បណ្តឹងតុលាការ និងឥទ្ធិពលរបស់ចិនក្នុងប្រទេសកម្ពុជា។
នៅមុនដំណើរទស្សនកិច្ចនេះ តំណាងរាស្ត្រសហរដ្ឋអាមេរិកពីររូប គឺលោក Alan Lowenthal និងលោក Steve Chabot បានស្នើក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី៣០ ខែឧសភា ឲ្យមន្រ្តីការបរទេសអាមេរិករូបនេះ ជំរុញឲ្យកម្ពុជាដាក់ដំណើរការគណបក្សសង្រ្គោះជាតិឡើងវិញ ដើម្បីអាចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០២២។ ពួកគេក៏បានជំរុញឲ្យទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា និងអះអាងថាការលើកឡើងថាអាមេរិកនៅពីក្រោយគម្រោងការផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាការចោទប្រកាន់ដែលមិនមានភស្តុតាងរឹងមាំទាល់តែសោះ។
លោក Chad Roedemeier អ្នកនំាពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបដិសេធមិនអត្ថាធិប្បាយថាតើនឹងមានជំនួបរវាងអនុរដ្ឋមន្រ្តីការបរទេសអាមេរិកជាមួយ លោក កឹម សុខា ឬយ៉ាងណាទេ។ លោកក៏បដិសេធមិនឆ្លើយតបនឹងការអត្ថាធិប្បាយនានាក្នុងការជំរុញឲ្យមានការលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងជំនួបខាងមុខផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថាការជួបគ្នាជារឿងប្រសើរសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាខ្លះ«ដែលមិនយល់គ្នា» ប៉ុន្តែលោកថាជំនួបនេះមិនមែនជាការដាក់សម្ពាធអ្វីមកលើកម្ពុជានោះទេ។
លោកបញ្ជាក់ថា៖ «មានរឿងអីមកដាក់សម្ពាធលើកម្ពុជា? មកពីយក្ស មកពីព្រះឥន្ទណាក៏ដោយ ក៏មិនអាចដាក់សម្ពាធមកលើកម្ពុជាដែរ»។
អ្នកនាំពាក្យរូបនោះរំឭកថាកាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មកកម្ពុជាក្នុងឆ្នាំ២០១២ លោកបានស្នើសុំឲ្យដោះលែងអ្នកទោសអ្នកនយោបាយនៅកម្ពុជា ប៉ុន្តែលោក ហ៊ុន សែន បានលើកឡើងថានៅកម្ពុជាមិនមានអ្នកទោសនយោបាយនោះទេ គឺមានតែអ្នកនយោបាយដែលបំពានច្បាប់តែប៉ុណ្ណោះ៕