ប្រទេសចិនបានផ្ដល់ឲ្យមេដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong Un និងក្រុមគ្រួសាររបស់លោក នូវវ៉ាក់សាំងពិសោធន៍កូវីដ១៩។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគអាមេរិកាំងម្នាក់នៅថ្ងៃអង្គារនេះ ដែលបានផ្អែកលើប្រភពនៃភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលមិនបង្ហាញអត្តសញ្ញាណ ២ រូបរបស់ប្រទេសជប៉ុន។
លោក Harry Kazianis អ្នកជំនាញផ្នែកកិច្ចការកូរ៉េខាងជើងនៅមជ្ឈមណ្ឌលដើម្បីប្រយោជន៍ជាតិ (Center for the National Interest) ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ក្រុមគ្រួសាររបស់លោក Kim Jong Un និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយចំនួន បានចាក់វ៉ាក់សំាងនោះ។
លោកបានបន្ថែមថា គេមិនទាន់ដឹងច្បាស់នៅឡើយទេថាតើក្រុមហ៊ុនណាមួយដែលជាអ្នកផ្ដល់វ៉ាក់សំាងពិសោធន៍នេះទៅឲ្យក្រុមគ្រួសារលោក Kim Jong Un និងថាតើវ៉ាក់សាំងនេះមានសុវត្ថិភាពឬក៏យ៉ាងណានោះ។
លោក Kazianis បានសរសេរនៅក្នុងអត្ថបទមួយដែលចុះផ្សាយក្នុងវិបសាយ 19FortyFive ថា៖ «លោក Kim Jong Un និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតនៅក្នុងរង្វង់ក្រុមគ្រួសាររបស់លោកនិងក្នុងរង្វង់បណ្ដាញថ្នាក់ដឹកនាំ ត្រូវបានចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩ កាលពី ២ ឬ ៣ សប្ដាហ៍មុន។ វ៉ាក់សំាងនេះត្រូវបានផ្ដល់ឲ្យដោយរដ្ឋាភិបាលចិន»។
ដោយយោងទៅលើលោក Peter J. Hotez ដែលជាអ្នកវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្ររបស់សហរដ្ឋអាមេរិក លោក Kazianisបាននិយាយថា យ៉ាងហោចណាស់មានក្រុមហ៊ុនរបស់ចិនចំនួន ៣ កំពុងបង្កើតវ៉ាក់សាំងកូវីដ១៩ ដែលនោះគឺក្រុមហ៊ុន Sinovac Biotech Ltd ក្រុមហ៊ុន CanSinoBio និងក្រុមហ៊ុន Sinophram Group៕