ការបញ្ជាក់អំពីព័ត៌មាននេះកើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ស.រ.អា.បានចោទប្រកាន់ជនជាតិចិន២រូបពីបទលួចព័ត៌មានឲ្យក្រសួងសន្តិសុខជាតិរដ្ឋាភិបាលក្រុងប៉េកាំង។
តាមរយៈសេចក្តីថ្លែងការណ៍ដែលមានពាក្យពេចន៍ធ្ងន់ៗចេញផ្សាយក្នុងខែធ្នូនេះ រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី Marise Payne បានគូសបញ្ជាក់ពី«ក្តីបារម្ភយ៉ាងខ្លាំង» អំពីបទល្មើសលួចព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតនេះ។
លោកស្រីរដ្ឋមន្រ្តី បានបន្តថា ឧក្រិដ្ឋកម្មលួចព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត «ធ្វើឲ្យអន្តរាយដល់កំណើនសេដ្ឋកិច្ចសកលលោក សន្តិសុខជាតិ និងស្ថិរភាពអន្តរជាតិ»។
លោកស្រីរដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យភាគីចិន «បញ្ឈប់ធ្វើចោរកម្មតាមប្រព័ន្ធអ៊ីនធឺណិតផ្នែកប្រព័ន្ធកម្មសិទ្ធិបញ្ញា, កិច្ចការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានធុរកិច្ចសម្ងាត់ក្នុងចេតនាយកឈ្នះលើការប្រកួតប្រជែង»។
តាមរយៈការចោទប្រកាន់ចំៗលើប្រទេសចិនដែលបានបើកផ្លូវឲ្យមានយុទ្ធនាការសកលនៃចោរកម្ម និងការជ្រៀតជ្រែកតាមប្រព័ន្ធអ៊ីនធឺណិតបែបនេះ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា កំពុងរឹតត្បិតចំណងការទូតបន្ថែមជាមួយរដ្ឋាភិបាលក្រុងប៉េកាំងជាជាងពេលមុនៗ។ ការឆ្លើយតបរបស់អូស្ត្រាលីលើការចោទប្រកាន់អំពីបទល្មើសលួចព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរស.រ.អា.បានចោទប្រកាន់ជនជាតិចិន២រូប ដែលជនទាំងពីរនេះមិនទាន់ត្រូវគេចាប់ខ្លួននៅឡើយ។
លោក Tobias Feakin ឯកអគ្គរដ្ឋទូតអូស្រ្តាលី កាន់កិច្ចការប្រព័ន្ធព័ត៌មានតាមអ៊ីនធឺណិត បាននិយាយថា៖ «ពិតណាស់ហើយ ការដែលយើងបានលើកឈ្មោះប្រទេសចិនចំៗលើកដំបូងថាជាអ្នកទទួលខុសត្រូវលើផ្នែកខ្លះនៃសកម្មភាពទាំងនេះ គឺជាការបង្ហាញឲ្យឃើញដ៏ធ្ងន់ធ្ងរ ល្មមគ្រប់គ្រាន់ដែលធ្វើឲ្យយើងយល់ឃើញបែបហ្នឹង ហើយរដ្ឋាភិបាលអូស្ត្រាលី ក៏ដូចជាលោកស្រីរដ្ឋមន្រ្តីការបរទេសក៏មើលឃើញបែបហ្នឹងដែរ។ យើងចាត់ទុកថា វាគឺជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់។ វាគឺជាចោរកម្មលើកម្មសិទ្ធិបញ្ញា។ វាមានផលប៉ះពាល់លើប្រទេសអូស្ត្រាលី»។
អាជ្ញាធរសន្តិសុខជាតិអូស្រ្តាលី បាននិយាយថាក្រុមអ្នកលួចព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានគេស្គាល់ថា Advanced Persistent Threat 10 កំពុងវាយប្រហារលើក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាននានាទូទាំងពិភពលោកដែលផ្តល់សេវាធុរកិច្ចខ្នាតមធ្យមនិងធំ។ មន្រ្តីម្នាក់បាននិយាយថា ចោរកម្មលើកម្មសិទ្ធិបញ្ញា និងការសម្ងាត់ពាណិជ្ជកម្ម កើតឡើងយ៉ាងគឃ្លើននិងទូលំទូលាយ។
ជនសង្ស័យ ក៏ត្រូវធ្លាប់បានចោទប្រកាន់ពីបទលួចព័ត៌មានពីបណ្តាញកុំព្យូទ័រនៃក្រុមហ៊ុននានា និងស្ថាប័នរដ្ឋាភិបាលនៅប្រទេសមួយចំនួនដែរ តួយ៉ាង ចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ និងជប៉ុន។
ការិយាល័យសហព័ន្ធស៊ើបអង្កេត FBI បាននិយាយថាក្រុមដដែលហ្នឹងក៏បានលបចូលប្រព័ន្ធកុំព្យូទ័ររបស់កងទ័ពជើងទឹកស.រ.អា. និងបានលួចយកទិន្នន័យព័ត៌មានឯកជននៃបុគ្គលិកជាង១សែននាក់៕
ប្រែសម្រួលដោយ កោះ សុគន្ធី