នាយករដ្ឋមន្ត្រីប្រទេសចិនលោក Li Keqiang បានលើកឡើងថា ទីផ្សារការងារបច្ចុប្បន្នរបស់ប្រទេសចិនកំពុងមានភាពស្មុគស្មាញ និងជួបការលំបាកធ្ងន់ធ្ងរខណៈពេលដែលប្រទេសនេះ កំពុងអនុវត្តមិនងាករេនូវគោលនយោបាយដែលគ្មានជំងឺកូវីដ១៩នោះ ហើយការបិទខ្ទប់សកម្មសង្គម បានធ្វើឱ្យមានធ្លាក់ចុះខាងវិស័យសេដ្ឋកិច្ចនៅទូទាំងប្រទេសចិនទាំងមូល។
សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុន Caixin Insight Group លោក Wang Zhe បាននិយាយថា«តម្រូវការកំពុងស្ថិតក្នុងការរងសម្ពាធ តម្រូវការក្រៅប្រទេសបានធ្លាក់ចុះ ការចែកចាយជួបការលំបាក សង្វាក់ផ្គត់ផ្គង់មានភាពរអាក់រអួល ការដឹកជញ្ជូនប្រើពេលច្រើនជាងមុន ការជាប់គាំងខាងការងារមានការកើនឡើង អ្នកធ្វើការជួបការលំបាកក្នុងការវិលត្រឡប់ទៅកន្លែងការងាររបស់គេវិញ អតិផលរណាកំពុងបន្តកើតមានឡើង ហើយជំនឿចិត្តលើទីផ្សារនៅតែស្ថិតនៅក្រោមកម្រិតមធ្យមនៅឡើយ។
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ជាតិតាមរយៈវីដេអូស្តីពីស្ថិរភាពការងារកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា «ការធ្វើឱ្យទីផ្សារមានលក្ខណៈប្រកួតប្រជែង និងការរក្សាបាននូវការងារនឹងជួយឱ្យយើងឈ្នះក្នុងពេលអនាគត។ នេះបើយោងទៅលើកាសែត China Daily ដែលគ្រប់គ្រងដោយរដ្ឋចិននោះ។
លោក Li ដែលកាន់តំណែងទី២ក្នុងគណបក្សកុម្មុយនីស្តចិន បានជំរុញឱ្យនាយកដ្ឋានរដ្ឋាភិបាលគ្រប់តំបន់ទាំងអស់អនុវត្តដោយស្មារតីខ្ពស់នូវសេចក្តីសម្រេចចិត្តនិងការចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងក្រុមប្រឹក្សារដ្ឋ ដើម្បីធានាថែរក្សាស្ថិរភាពការងារនិងសេដ្ឋ កិច្ចរបស់ចិន។
លោកបន្តទៀតថា «ការធ្វើឱ្យមានស្ថិរភាពការងារជារឿងសំខាន់ដើម្បីទ្រទ្រង់ដល់ជីវភាពប្រជាពលរដ្ឋនិងជាគន្លឹះគាំទ្រដ៏សំខាន់មួយសម្រាប់ដំណើរការសេដ្ឋកិច្ចនៅក្នុងកម្រិតដ៏សមស្របមួយ។ លោកក៏បានផ្តល់អនុសាសន៍ស្តីពីវិធានការមួយចំនួន ដល់រដ្ឋាភិបាលថ្នាក់ខេត្តនិងមូលដ្ឋានផងដែរ។
លោក Li ក៏បានស្នើឱ្យសហគា្រសទាំងឡាយបន្តការផលិតរបស់ខ្លួន ខណៈប្រកាន់ខ្ជាប់នូវការគ្រប់គ្រង ដើម្បីទប់ទល់ប្រឆាំងនឹងការឆ្លងជំងឺរាតត្បាតកូវីដ១៩នោះ។
ការបិទខ្ទប់សកម្មភាពសង្គមនៅក្នុងទីក្រុងជាង២០របស់ប្រទេសចិនដែលក្នុងនោះក៏មានទីក្រុងសេដ្ឋកិច្ចសៀងហៃផងដែរ បានធ្វើឱ្យពលរដ្ឋចិនមួយចំនួនមានការខឹងសម្បារនិងធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថាយុទ្ធសាស្ត្រគ្មានជំងឺកូវីដ១៩របស់ប្រទេសចិន មិនមានប្រសិទ្ធភាពនោះឡើយ ហើយមួយថ្ងៃបន្ទាប់មក អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានហៅការលើកឡើងរបស់ប្រធានអង្គការ WHO រូបនេះ ថា «គ្មានការទទួលខុសត្រូវ»៕