ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​លុបចោល​ផែនការ​លក់​សំបុត្រ​កីឡា​អូឡាំពិក​នៅ​ពេល​ករណី​កូវីដ១៩​កើនឡើង


រូបឯកសារ៖ ស្ត្រី​ម្នាក់​ពាក់​ម៉ាស​ដើម្បី​ការពារ​ពី​ជំងឺ​កូវីដ១៩ ដើរ​កាត់​ស្លាកសញ្ញា​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ឆ្នាំ២០២២ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ (AP Photo/Mark Schiefelbein)
រូបឯកសារ៖ ស្ត្រី​ម្នាក់​ពាក់​ម៉ាស​ដើម្បី​ការពារ​ពី​ជំងឺ​កូវីដ១៩ ដើរ​កាត់​ស្លាកសញ្ញា​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ឆ្នាំ២០២២ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។ (AP Photo/Mark Schiefelbein)

ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ បាន​លុបចោល​ផែនការ​លក់​សំបុត្រ​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង នៅពេល​ដែល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​បាន​កើន​ដល់​ចំនួន​ខ្ពស់​បំផុត​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ២០២០​មក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ពួក​អ្នក​រៀបចំ​បាន​និយាយ​កាលពី​ឆ្នាំ​ទៅ​ថា នឹង​មិន​មានអ្នកមើល​អន្តរជាតិ​នៅក្នុង​ការប្រកួត​កីឡា​នេះ​ទេ មួយ​ផ្នែក​បណ្តាល​មកពី​លក្ខខណ្ឌ​នៃ​ការធ្វើ​ចត្តាឡីស័ក​រាប់​សប្តាហ៍​របស់​ចិន ក៏ប៉ុន្តែ​ពួកគេ​បាន​សន្យា​អនុញ្ញាត​ឲ្យ​អ្នក​នៅ​ក្នុង​ស្រុក​ទស្សនា​បាន។

ក៏ប៉ុន្តែ​ផែនការ​ទាំង​នេះ ត្រូវ​បាន​បោះបង់​ចោល​កាលពី​ថ្ងៃ​ចន្ទ​នៅពេល​ដែល​ចិន​បាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​ចំនួន​២២៣​ករណី ក្នុង​រយៈពេល​៣សប្តាហ៍​មុន​ការចាប់ផ្តើម​កីឡា​អូឡាំពិក​រដូវ​រងា។

គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ដើម្បី​ការពារ​សុខភាព​និង​សុវត្ថិភាព​របស់​បុគ្គលិក​និង​អ្នក​ទស្សនា​កីឡា​អូឡាំពិក គណៈកម្មាធិការ​បាន​សម្រេច​កែតម្រូវ​ផែនការ​ពី​ដំបូង​ដើម្បី​លក់​សំបុត្រ​ជូន​សាធារណជន​ហើយ​ផ្ទុយ​ទៅវិញ នឹង​អញ្ជើញ​មនុស្ស​មក​ទស្សនា​ការ​ប្រកួត​កីឡា​នេះ​វិញ»។

គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើ​អ្នក​ទស្សនា​កីឡា​ដែល​នឹង​ត្រូវ​អញ្ជើញ​ទាំងនោះ នឹង​ត្រូវ​គេ​ជ្រើសរើស​ដោយ​វិធី​ណា ហើយ​ថា​តើ​ពួកគេ​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​មុន​ឬ​ក្រោយ​កីឡា​នោះ​ដែរ​ឬទេ។

ប្រទេស​ចិន​ដែល​ជា​ទីកន្លែង​ដែល​វីរុស​បាន​លេចចេញ​ដំបូង​នៅ​ចុង​ឆ្នាំ២០១៩ បាន​អនុវត្ត​គោលនយោបាយ​តឹងរ៉ឹងនៃ​ការធ្វើ​មិន​ឲ្យ​មាន​ករណី​ជំងឺ​កូវីដ១៩ ទោះជា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភព​លោក​បាន​បើក​ប្រទេស​ឡើង​វិញ​ក៏ដោយ។

ក៏ប៉ុន្តែ វិធី​ដោះស្រាយ​របស់​ចិន​បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ មាន​ការផ្ទុះ​ឡើង​នូវ​ករណី​ឆ្លងវីរុស​ជា​ច្រើន​នៅ​ក្នុង​តំបន់​សំខាន់ៗ រួមទាំង​ទីក្រុង​កំពង់ផែ Tianjin និង​តំបន់​ផលិត​ទំនិញ​នៃ​ភាគ​ខាង​ត្បូង​ខេត្ត Guangdong ផង។

បន្ទាប់ពី​មានការ​រកឃើញ​ករណី​ឆ្លង​នៃ​វីរុស​អូមីក្រុង​នៅ​រដ្ឋធានី​ប៉េកាំង​កាលពី​ចុង​សប្តាហ៍​អាជ្ញាធរ ក៏​បាន​រឹតបន្តឹង​បទបញ្ញត្តិ​សម្រាប់​ពួក​អ្នក​មកពី​ទីកន្លែង​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ចិន។

រដ្ឋធានីប៉េកាំង​ឥឡូវនេះ​កំពុង​ទាមទារ​ឲ្យ​អ្នកដំណើរ​ធ្វើ​តេស្ត​អវិជ្ជមាន មុនពេល​ធ្វើ​ដំណើរ​ហើយ​នឹង​ធ្វើ​តេស្ត​ម្តងទៀត​បន្ទាប់​ពី​ចូល​រដ្ឋធានី ហើយ​ពួក​អ្នក​ស្រុក​ត្រូវ​បាន​គេ​អំពាវនាវ​មិន​ឲ្យ​ចាកចេញ​ពី​ទីក្រុង នៅ​ពេល​បុណ្យ​ចូលឆ្នាំ​ចិន​នៅពេល​ខាង​មុខ​នេះ៕

XS
SM
MD
LG