ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ថា មនុស្ស​ជាង​ពាក់​កណ្តាល​នៅ​អឺរ៉ុប​ អាច​ឆ្លង​វីរុស​អូមីក្រុង​ក្នុង​ពេល ២ ខែ​ខាង​មុខ


រូបឯកសារ៖ មនុស្ស​ពាក់ម៉ាស់​ការពារ ដើរ​នៅតាម​ផ្លូវ​ដ៏​មមាញឹក​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា មនុស្ស​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​ត្រូវ​គេ​រំពឹង​ថា​ នឹង​អាច​ឆ្លង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) នៅ​ក្នុង​រយៈពេល ២ ខែ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

វីរុស​អូមីក្រុង ដែល​មាន​លក្ខណៈ​ឆ្លង​ខ្លាំង​នេះ បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ជាច្រើន​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត​មួយ ដោយ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​នានា ​ត្រូវ​ចាត់​វិធានការ​ថ្មីៗ និង​រួសរាន់​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​ពលរដ្ឋ​របស់​ខ្លួន។

ទ្វីប​អឺរ៉ុប ​បាន​ក្លាយជា​ចំណុច​ស្នូល​នៃ​ការ​ផ្ទុះ​ឆ្លង​ជា​ថ្មី ដោយ​ករណី​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ កំពុង​កើនឡើង ហើយ​អង្គការ​សុខភាព​ពិភពលោក​ បាន​លើកឡើង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា វីរុស​អូមីក្រុង​ អាច​ឆ្លង​រាលដាល​ដល់​មនុស្ស​ជាង​ពាក់​កណ្តាល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប នៅ​ក្នុង​កម្រិត​អាត្រា​ឆ្លង​នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​ប្រចាំ​ទ្វីប​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក​លោក Hans Kluge បាន​និយាយ​ថា៖ «វិទ្យាស្ថាន​វាស់វែង​និង​វាយតម្លៃ​សុខភាព (IHME) បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជាង ៥០% នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ អាច​ឆ្លង​វីរុស​អូមីក្រុង​នៅ​ក្នុង​រយៈពេល​ពី ៦ ទៅ ៨ សប្តាហ៍​ខាងមុខ»។

អង្គការ​សុខភាព​ពិភពលោក​នៅ​ទ្វីប​អឺរ៉ុប​ ផ្ដោត​លើ​ប្រទេសនិង​ដែនដី​ចំនួន ៥៣ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​មួយ​ចំនួន​ផងដែរ​នៅក្នុង​តំបន់​អាស៊ី​កណ្ដាល ហើយ​លោក Kluge បាន​បញ្ជាក់​ថា ប្រទេស​និង​ដែនដី​ចំនួន ៥០ ក្នុង​ចំណោម​នោះ​ មាន​ករណី​ឆ្លង​វីរុស​អូមីក្រុង​រួច​ហើយ។

លោក Kluge បាន​អះអាង​ថា វីរុស​អូមីក្រុង​មាន​លក្ខណៈ​ឆ្លង​ខ្លាំង​ជាង​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​មុនៗ ប៉ុន្តែ​បាន​សង្កត់ធ្ងន់​ថា «វ៉ាក់សាំង​ នៅតែ​បន្ត​ផ្ដល់​ការ​ការពារ​បាន​ល្អ​ប្រឆាំង​នឹង​អាការៈ​ធ្ងន់ធ្ងរ​និង​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​ក្នុងនោះ​មាន​ទាំង​វីរុស​អូមីក្រុង​ផងដែរ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG