ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

TikTok ប្តឹង​សហរដ្ឋ​អាមេរិក​ដើម្បី​រារាំង​ច្បាប់​ហាម​បណ្តាញ​សង្គម​នេះ


រូបឯកសារ៖ ការិយាល័យ​ក្រុមហ៊ុន TikTok ក្នុង​ទីក្រុង​ Culver City​ រដ្ឋ California កាលពីថ្ងៃទី​១៣ មីនា ឆ្នាំ២០២៤ REUTERS/Mike Blake/File Photo
រូបឯកសារ៖ ការិយាល័យ​ក្រុមហ៊ុន TikTok ក្នុង​ទីក្រុង​ Culver City​ រដ្ឋ California កាលពីថ្ងៃទី​១៣ មីនា ឆ្នាំ២០២៤ REUTERS/Mike Blake/File Photo

បណ្តាញ​សង្គម​ទិកតុក (TikTok) ​និង​ក្រុមហ៊ុន​មេ​របស់​ខ្លួន ​ដែល​ជា​ក្រុមហ៊ុន​របស់​ចិន​ បាន​ដាក់​ពាក្យ​បណ្តឹង​ នៅ​ថ្ងៃទី​ ៧​ ខែ​ឧសភា​ប្រឆាំង​នឹង​ច្បាប់​អាមេរិក​ថ្មី​ដែល​នឹង​ហាមឃាត់​កម្មវិធី​ចែក​រំលែក​វីដេអូ​ដ៏​ពេញ​និយម​នេះ​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក លើក​លែង​តែកម្មវិធីនេះ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​អ្នក​ទិញ​ដែល​មានការ​អនុញ្ញាត។​ ក្រុមហ៊ុន​ទិកតុកនិយាយ​ថា​ ច្បាប់​របស់​អាមេរិក​នេះរើសអើង​កម្មវិធីដោយ​អយុត្តិធម៌ ​ហើយ​ថានេះ​ជា​ការ​វាយ​ប្រហារ​លើ​សេរីភាព​និយាយ​ស្តី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។​

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន ​ក្រុមហ៊ុន​ ByteDance ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​កម្មវិធី ​TikTok និយាយ​ថា​ ច្បាប់​ថ្មី​បាន​ពណ៌នា​ដោយ​មិន​ច្បាស់លាស់​អំពី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ ByteDance ​លើ​កម្មវិធី​ TikTok ​ដោយ​ចោទ​ថា​ TikTok ​គំរាមកំហែង​សន្តិសុខ​ជាតិ​របស់​អាមេរិក​ ដើម្បី​គេចផុត​ពី​វិសោធនកម្ម​ទីមួយ​នៃ​រដ្ឋធម្មនុញ្ញអាមេរិក​ស្តីពី​សេរីភាព​ ទោះបី​ជា​មិន​មាន​ភស្តុតាង​ដែល​បង្ហាញ​ថា​ ក្រុមហ៊ុន​នេះ​បង្ក​ការ​គំរាម​កំហែង​ក៏​ដោយ។ ​ក្រុមហ៊ុន​ ByteDance ​ក៏​និយាយ​ផង​ដែរ​ថា«ជាក់ស្តែង​ណាស់​ ច្បាប់​នេះ​គឺ​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​អាមេរិក» ​ដែល​ធានា​សេរីភាព​ តែ​ជា​ជំនួស​វិញ​អ្នក​ជំរុញ​ច្បាស់​នេះ​បែរ​ជាបង្វែរ​រឿង​នេះ​ឱ្យ​ទៅ​ជា​គ្រប់គ្រងកម្មសិទ្ធិ​របស់​កម្មវិធី​ TikTok ​ទៅវិញ។​

ក្រុមហ៊ុន​ ByteDance ​អះអាង​ក្នុង​ពាក្យ​បណ្ដឹង​ដែល​បាន​ដាក់​នៅ​ក្នុង​តុលាការ​ឧទ្ធរណ៍​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ សភា​អាមេរិក​បាន​ចេញ​ច្បាប់​មួយ​ដែល​ចាប់​យក​កម្មវិធី​តែ​មួយ​គត់​មកហាមឃាត់​ជា​អចិន្ត្រៃយ៍ ​ទូទាំង​ប្រទេស​ និង​រារាំង​មិន​ឱ្យ​ជនជាតិ​អាមេរិក​គ្រប់​រូបអាច​ប្រើ​កម្មវិធី​តាម​អនឡាញ​នេះ​ជាមួយ​មនុស្ស​ច្រើន​ជាង​ ១​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក»។

ច្បាប់​នេះ​ដែល​ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​បាន​ចុះ​ហត្ថលេខា​ជា​ផ្នែក​នៃ​កញ្ចប់​ជំនួយ​បរទេស​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​នោះ​ គឺ​ជា​ច្បាប់​ដំបូង​ដែល​សហរដ្ឋ​អាមេរិក​បាន​ច្បិច​យក​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយសម្រាប់​ការ​ហាមឃាត់​ដែល​អាច​កើត​មាន​ ដែល​ក្រុម​អ្នក​តស៊ូ​មតិ​ខាង​សេរី​ភាព​និយាយ​ស្តី​ថា​ ​ជា​ការ​ហាម​ឃាត់​និង​គាប​សង្កត់​បែប​នេះ ជា​អ្វី​ដែលដូច​របប​នៅ​ប្រទេស​អ៊ីរ៉ង់ ​និង​ប្រទេស​ចិន។​

បណ្តឹង​នេះ​គឺ​ជា​ចំណុច​របត់​ចុង​ក្រោយ​បង្អស់ក្នុង​ដំណើរការ​តស៊ូ​ផ្លូវ​ច្បាប់​ដ៏​អូស​បន្លាយ​ទាក់ទង​អនាគត​របស់​កម្មវិធី​ TikTok​ នៅ​សហរដ្ឋ​អាមេរិក​ ហើយ​បណ្តឹង​នេះ​អាច​នឹង​ទៅ​ដល់​តុលាការ​កំពូល។ ​ប្រសិន​បើ ​TikTok ​ចាញ់​ក្តីនេះ​ នោះ​ក្រុមហ៊ុន​នេះនិយាយ​ថា​ ខ្លួន​នឹង​ត្រូវ​បាន​បង្ខំ​ឱ្យ​បិទ​នៅ​ឆ្នាំ​ក្រោយ។​

ច្បាប់នេះ​នឹង​តម្រូវ​ឱ្យ ​ក្រុមហ៊ុន​ ByteDance ​លក់​កម្មវិធី​នេះ​ទៅ​ឱ្យ​អ្នក​ទិញ​ដែល​មាន​ការ​អនុញ្ញាត​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ប្រាំបួន​ខែ។ ​ប្រសិន​បើ​ការ​លក់​កំពុង​ដំណើរការ​រួច​ហើយ ​ក្រុមហ៊ុន​នឹងអាច​ទទួលពេល​បីខែ​ទៀត​ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​លក់​កម្មវិធី​នេះ។

ក្រុមហ៊ុន​ ByteDance ​បាន​និយាយ​ថា​ ខ្លួន​មិន​មាន​គម្រោង​លក់​កម្មវិធី​ TikTok​ ទេ។​ ប៉ុន្តែ​ទោះ​បី​ជា​ខ្លួន​ចង់​លក់​ក៏​ដោយ ​ ក៏​ក្រុមហ៊ុន​នេះ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែរ។​ យោង​តាម​ពាក្យ​បណ្តឹង​នេះ​ រដ្ឋាភិបាល​ចិន​«បាន​បញ្ជាក់​យ៉ាង​ច្បាស់»​ថា​ ខ្លួន​នឹង​មិន​អនុញ្ញាត​ឱ្យក្រុមហ៊ុន​ ByteDanceបញ្ចូល​នូវ​ក្បួន​ដោះស្រាយ​កំព្យូទ័រ algorithm ​ដែល​ផ្ទុក​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់ ​និង​ជា​«គន្លឹះ​នៃ​ជោគជ័យ​របស់ ​កម្មវិធី​ TikTok ​នៅ​សហ​រដ្ឋ​អាមេរិក»។​

កម្មវិធី ​TikTok ​និង​ក្រុមហ៊ុន ByteDance ​និយាយ​ថា​ ច្បាប់​ថ្មី​ធ្វើ​ឱ្យ​ពួកគេ​គ្មាន​ជម្រើស​ក្រៅពី​បិទ​កម្មវិធី​នេះត្រឹម​ថ្ងៃទី​ ១៩​ ខែ​មករា​ខាង​មុខ​នេះទេ ​ពីព្រោះ​ការ​បន្ត​ប្រតិបត្តិការ​នៅ​សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​មាន​លទ្ធភាព​ខាង​ពាណិជ្ជកម្ម​ បច្ចេកវិទ្យា ​ឬ​ស្របច្បាប់​នោះ​ទេ។​

កម្មវិធី ​TikTok ​និង ក្រុមហ៊ុន ByteDance ​ក៏​និយាយ​ផង​ដែរ​ថា ​ខ្លួន​នឹង​មិន​អាច​ញែក​បណ្តាញ​ ​TikTok​ នៅ​សហរដ្ឋ​អាមេរិក​ចេញ​ពី​បណ្តាញ TikTok ផ្សេង​ទៀត​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ ១​ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ ដែល​ភាគ​ច្រើន​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក។ ​ពាក្យ​បណ្តឹង​បាន​លើក​ឡើង​ថា​ ​ បណ្តាញ​ ​TikTok​ សម្រាបតែ​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ដំណើរការ​ដោយ​ផ្តាច់​ចេញ​ពី​ បណ្តាញផ្សេង​ទៀត​ក្នុង​ពិភពលោក។​

ពាក្យបណ្តឹង​នេះ​ក៏​លើក​ពី​ភាព​មិន​អាច​ទៅ​រួច​ខាងបច្ចេក​វិទ្យា​ផង​ដែរ​ ពីព្រោះ​ច្បាប់​តម្រូវ​ឱ្យ​លេខ​កូដ​រាប់​លាន​នៃ​កម្មវិធី​ TikTok ​ទាំងអស់​ ត្រូវ​ផ្តាច់​ពី​ក្រុមហ៊ុន ​ByteDance ​ដើម្បី​កុំឱ្យ​មាន​«ទំនាក់​ទំនង​ប្រតិបត្តិការ»​រវាង​ក្រុមហ៊ុន​ចិន​ និង​កម្មវិធី​ថ្មី​នៅ​សហ​រដ្ឋ​អាមេរិក។​

ក្រុមហ៊ុន​អះអាង​ថា ​ពួកគេ​គួរតែ​ត្រូវ​បាន​ការពារ​និង​ធានា​ដោយ​វិសោធនកម្ម​ទីមួយ​ស្តីពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ហើយ​កំពុង​ស្វែង​រក​ការ​វិនិច្ឆ័យ​ដោយ​ប្រកាស​ថា​ បម្រាម​នេះ​មិន​ស្រប​រដ្ឋធម្មនុញ្ញ។​

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិកបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្តឹង​នេះ​ទេ ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​ឧសភា។​ ហើយ​អ្នកនាំ​ពាក្យរបស់​សេតវិមាន​អ្នកស្រី​ Karine Jean-Pierre​ បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​អំពី​មូលហេតុ​ដែល​លោក​ប្រធានាធិបតី​បន្ត​ប្រើ​ប្រាស់​ ​TikTok ​សម្រាប់​សកម្មភាព​នយោបាយ​របស់​លោក​ ដោយឱ្យ​សួរ​ទៅ​ខាង​ក្រុមយុទ្ធនាការ​លោក​វិញ។​

លោក​ Raja Krishnamoorthi ​តំណាងរាស្រ្ត​បក្សប្រជា​ធិបតេយ្យ​នៃ​រដ្ឋ ​Illinois​ ដែល​ជា​សមាជិកជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ពិសេស​របស់​រដ្ឋសភា​សម្រាប់​កិច្ចការបក្ស​កុម្មុយនីស្ត​ចិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​៧ ឧសភា ​ដើម្បី​ការពារ​ច្បាប់​ថ្មី។​

លោក​និយាយថា៖ «នេះ​គឺ​ជា​មធ្យោបាយ​តែមួយ​គត់​ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ​ដែល​បង្ក​ឡើង​ដោយ​កម្មវិធី​របស់​ ក្រុមហ៊ុន​ ByteDance ​ដូច​ជា TikTok។ ​ជំនួស​ឱ្យ​ការ​បន្ត​យុទ្ធសាស្ត្រ​បោកប្រាស់​របស់​ខ្លួន​ ល្មម​ដល់​ពេល​ដែល​ ByteDance ​ដើម្បី​ចាប់​ផ្តើម​ដំណើរការ​ដក​ខ្លួន​ចេញ»។​

ក្រុមហ៊ុន​ ByteDance ​ជា​ដំបូង​ទំនង​នឹង​ស្នើ​ឱ្យ​តុលាការ​រារាំង​ជា​បណ្ដោះ​អាសន្ន​ កុំ​ច្បាប់​សហព័ន្ធ​នេះ​ចូល​ជាធរមាន​ភ្លាមៗ។ នេះ​បើ​តាម លោក​ Gus Hurwitz ​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​សាលា​ច្បាប់​ Carey​ នៃ​សាកល​វិទ្យាល័យ ​Pennsylvania​ ដែល​មិន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ទេ។ ​

លោក​បាន​និយាយ​ថា ​ហើយ​ការ​សម្រេច​ចិត្ត​ថា​ តើ​គួរ​ឬ​មិន​គួរ​ផ្តល់​បញ្ជា​ហាមឃាត់​បឋមបែប​នេះ​អាច​នាំ​ដល់​ការ​សម្រេច​ក្តី​នេះ​ព្រោះថា​បើ​គ្មាន​ ​ការ​ហាមឃាត់បឋម ​ក្រុមហ៊ុន​ ByteDance ​អាច​នឹង​លក់​កម្ម​វិធី​ TikTok​ មុន​មាន​ការ​សម្រេច​ជាផ្លូវការ។​

លោក​ Hurwitz មិន​ទាន់​សន្និដ្ឋាន​ប្រាកដ​ថា​ តើ​តុលាការ​នឹង​ចេញ​សេចក្តី​ហាមឃាត់បែប​នេះ​ឬ​យ៉ាង​ណា​ទេ ​ ​សំខាន់​គឺដោយសារ​តុលាការ​ត្រូវ​តែ​ថ្លឹងថ្លែង​រវាង​សារៈសំខាន់​នៃ​សេរីភាព​និយាយ​ស្តី​និង​ការ​អះអាង​របស់​រដ្ឋបាល​លោក​ Biden អំពី​ការ​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​តាម​រយៈ​កម្មវិធី​ TikTok ។ ​លោក​បាន​មាន​ប្រសាសន៍​ថា៖ ​«ខ្ញុំ​គិត​ថា ​តុលាការ​នឹង​ស្របយ៉ាង​ខ្លាំង​ជាមួយសភា​លើ​បញ្ហា​ទាំង​នេះ»។​

ជម្លោះ​ទាក់ទង​នឹង​TikTok​ កើត​ឡើង​ចំ​ពេល​ដែល​ការ​ប្រជែង​គ្នា​រវាង​សហរដ្ឋ​អាមេរិក ​និង​ចិន​កាន់​តែ​រីក​ធំ ជាពិសេស​នៅ​ក្នុង​ផ្នែក​ដូចជា​បច្ចេកវិទ្យា​ទំនើប ​និង​សុវត្ថិភាព​ទិន្នន័យ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​មាន​សារៈសំខាន់​ចំពោះ​ឧត្តមភាព​សេដ្ឋកិច្ច ​និង​សន្តិសុខ​ជាតិ​របស់​ប្រទេស​នីមួយៗ។​

សមាជិក​សភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរ​ ក៏ដូច​ជា​មន្ត្រី​រដ្ឋបាល​ និង​មន្ត្រី​អនុវត្ត​ច្បាប់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ អាជ្ញាធរ​ចិន​អាច​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ ByteDance ​ប្រគល់​ទិន្នន័យ​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក​ឱ្យ​ខ្លួន​ ឬ​បំភាន់​មតិ​សាធារណៈ​ដោយ​ប្រើប្រាស់​ក្បួន​ដោះស្រាយ​ដែល​ផ្ទុក​មតិ​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់។​ អ្នក​ខ្លះក៏​បាន​លើក​ពី​ការ​សិក្សា​របស់​សាកល​វិទ្យាល័យ ​Rutgers ​ដែល​ថា​ ​ខ្លឹមសារ​ក្នុង​ TikTok ​កំពុង​ត្រូវ​បាន​ពង្រីក​ ឬ​បង្រួម​ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍​របស់​រដ្ឋាភិបាល​ចិន។​ ការ​អះអាង​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​បដិសេធ។​

អ្នក​ប្រឆាំង​ច្បាប់​នេះ​អះអាង​ថា ​អាជ្ញាធរ​ចិន – ឬ​ភាគី​មិន​ល្អ​ណា​មួយ -​ អាច​ទទួល​បាន​ព័ត៌មាន​អំពី​ជនជាតិ​អាមេរិក​យ៉ាង​ងាយ​ស្រួល​តាម​មធ្យោបាយ​ផ្សេងៗ​ ​រួម​ទាំង​តាម​រយៈ​ឈ្មួញ​កណ្តាល​ទិន្នន័យ​ពាណិជ្ជកម្ម​ដែល​ជួល​ ឬ​លក់​ព័ត៌មាន​ផ្ទាល់​ខ្លួន។​ ពួកគេ​និយាយ​ថា ​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិន​បាន​ផ្តល់​ភស្តុតាង​ជា​សាធារណៈ​ដែល​បង្ហាញ​ថា​ កម្មវិធី​ TikTok ​បាន​ចែក​រំលែក​ព័ត៌មាន​អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋ​អាមេរិក​ឱ្យ​អាជ្ញាធរ​ចិន​ ឬ​ត្រូវ​បាន​ប្រើប្រាស់​តាមរយៈ​ក្បួន​ដោះស្រាយ​កុំព្យូទ័រដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ចិន។​

លោក​ Patrick Toomey ​នាយក​រង​នៃ​គម្រោង​សន្តិសុខជាតិ​របស់​សហភាព​សេរីភាព​ជន​ស៊ីវិល​អាមេរិកាំង ​American Civil Liberties Union ​បាន​និយាយ​ថា៖ «ការ​ប្រមូល​ទិន្នន័យ​ដោយ​កម្មវិធី​ TikTok ​មាន​ផល​វិបាក​ពិតប្រាកដ​សម្រាប់​ឯកជនភាព​របស់​យើង​ទាំងអស់​គ្នា។​ ប៉ុន្តែ​ការ​ហាមឃាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ដែល​មាន​អ្នក​ប្រើ​ប្រាស់​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ មិនមែន​ជា​ដំណោះ​ស្រាយ​នោះ​ទេ។ ​ជំនួស​មក​វិញ​ យើង​ត្រូវ​ឱ្យ​សភា​អនុម័ត​ច្បាប់​ដែល​ការពារ​ឯកជនភាព​របស់​យើង​ជាមុន​សិន»។​

លោក ​Jameel Jaffer ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ Knight First Amendment Institute ​នៅ​សាកល​វិទ្យាល័យ​ Columbia រំពឹង​ថា​ បណ្តឹង​របស់​កម្មវិធី ​TikTok ​នឹង​ទទួល​បាន​ជោគជ័យ។​

លោក​ Jaffer ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖​ «វិសោធនកម្ម​ទីមួយ​ចែង​ថា​ រដ្ឋាភិបាល​មិន​អាច​ដាក់​កំហិត​មិន​ឱ្យ​ជនជាតិ​អាមេរិក​ទទួល​បាន​គំនិត​ ព័ត៌មាន​ ​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​បរទេស​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​នោះ​ទេ ​ហើយ​គ្មាន​ហេតុផល​ទេ​ក្នុង​ពេលនេះ»។​

ទោះបី​ជា ​TikTok ​បាន​យក​ឈ្នះ​ក្នុង​ការ​តតាំង​តាម​វិសោធន​កម្ម​ទីមួយ​ពី​ពេល​មុន​នេះ​ក៏ដោយ​ ក៏​គេ​នៅ​មិន​ច្បាស់​ទេ​ថា​ តើ​បណ្តឹង​បច្ចុប្បន្ន​នឹង​មាន​លក្ខណៈ​សាមញ្ញ​ដូច​គ្នា​ឬ​យ៉ាង​ណា​ទេ។​

លោក​ Gautam Hans ​សាស្ត្រាចារ្យ​ច្បាប់ ​និង​ជា​នាយក​រង​នៃ​ First Amendment Clinic នៅ​សាកល​វិទ្យាល័យ​ Cornell បាន​និយាយ​ថា៖ ​«លក្ខណៈ​ទ្វេបក្សនៃ​ច្បាប់​សហព័ន្ធ​នេះ​ ទំនង​ជា​នាំ​ឱ្យ​ចៅក្រម​យោង​លើ​ការ​សម្រេច​របស់​សភា​ដែល​ថា​ ក្រុមហ៊ុន​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ។ ទោះជា​យ៉ាង​នេះ​ក្តី​ បើ​គ្មាន​ការ​ពិភាក្សា​ជា​សាធារណៈ​អំពី​អ្វី​ដែល​ជា​ហានិភ័យ​ពិត​ប្រាកដ​ទេ​នោះ​ ​ នោះ​គេ​ពិបាក​ក្នុង​ការ​កំណត់​ថា​ ហេតុ​អ្វី​តុលាការ​ត្រូវផ្តល់​សុពលភាព​ដល់​ច្បាប់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ»៕

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG