មន្រ្តីការទូតជាន់ខ្ពស់ចិនកាលពីថ្ងៃសៅរ៍បាននិយាយថា ប្រទេសចិនសង្ឃឹមថា ប្រទេសអូស្តា្រលីនឹងមិនធ្វើការចោទប្រកាន់ដែលគ្មានមូលដ្ឋានទៅលើរដ្ឋាភិបាលក្រុងប៉េកាំងនោះទេ ដែលការណ៍នេះនឹងជួយស្តារទំនាក់ទំនងរបស់ប្រទេសទាំងពីរឲ្យត្រឡប់ទៅរកស្ថិរភាព និងស្ថានភាពប្រសើរឡើងវិញ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរបានចាប់ផ្តើមធ្លាក់ចុះចាប់តាំងពីឆ្នាំមុនមក ខណៈនាយករដ្ឋមន្រ្តីអូស្តា្រលីលោក Malcolm Turnbullបានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាបានជ្រៀតជ្រែកចូលក្នុងកិច្ចការនយោបាយអូស្រ្តាលីរួមទាំងបណ្តាញផ្សព្វផ្សាយ សាលលវិទ្យាល័យនានា និងនយោបាយផងដែរ។ ប្រទេសចិនបានច្រានចោលការចោទប្រកាន់ទាំងនេះ។
ការកំណត់ពេលវេលានៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអូស្រា្តលីលោកស្រី Julie Bishopទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំនានាដែលត្រូវបានរៀបចំឡើងជាប្រចាំចាប់តាំងពីឆ្នាំ២០១៤មកនោះនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ។ បើទោះបីជាអូស្រ្តាលីបានស្នើកាលបរិចេ្ឆទនៃកិច្ចប្រជុំនៅខែឧសភា ហើយជាធម្មតាដំណើរការនេះនឹងត្រូវប្រើរយៈពេលរាប់សប្តាហ៍យ៉ាងណាក៏ដោយ។ នេះបើយោងតាមប្រភពនានាបានប្រាប់សារព័ត៌មាន Reutersកាលពីថ្ងៃពុធកន្លងទៅ។
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yiបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទតំបន់ក្នុងប្រទេសសិង្ហបុរីយ៉ាងដូច្នេះថា «យើងសង្ឃឹមថាតាមរយៈកិច្ចប្រឹងប្រែងរបស់ប្រទេសទាំងពីរ យើងអាចត្រឡប់ទៅរកកិច្ចព្រមព្រៀងទ្វេភាគីដែលល្អប្រសើរនិងមានស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ»។
លោករដ្ឋមន្ត្រីការបរទេសចិនបានថ្លែងបន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអូស្រា្តលីលោកស្រី Bishopថា«ដើម្បីសម្រេចបានជោគជ័យនេះ យើងសង្ឃឹមថាប្រទេសអូស្រា្តលីអាចធ្វើអ្វីៗដើម្បីជាប្រយោជន៍ដល់ការបង្កើនទំនុកចិត្តរវាងប្រទេសទាំងពីរ ហើយប្រទេសអូស្រា្តលីនឹងមិនដាក់ការសង្ស័យទៅលើប្រទេសចិនដោយគ្មានមូលដ្ឋាននោះទេ»៕