ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​ថ្កោល​ទោស​សេចក្តី​ព្រាង​ច្បាប់​​អាមេរិក​ដែល​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យោធាជាន់​ខ្ពស់​ជាមួយ​នឹង​តៃវ៉ាន់


អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​ចិនលោក Yang Yujun បាន​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃទិ​២៩ កញ្ញា ២០១៦។

ចិន​បាន​ថ្លែង​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ការពារ​ប្រទេស​របស់​អាមេរិកអនុម័ត​កាល​ពី​ថ្ងៃ​សុក្រ ដែល​បាន​ចែង​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យោធា​ជា​រៀង​រាល់​ឆ្នាំ​ជាមួយ​នឹង​តៃវ៉ាន់ ដែល​រដ្ឋាភិបាល​ចិន​ចាត់​ទុក​ថា​ជា​ខេត្ត​មួយ​ដែល​បែក​ចេញ​ពី​ខ្លួន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​ចិន​លោក Yang Yujun បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖«ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ផ្លាស់​ប្តូរ​យោធា​រវាង​តៃវ៉ាន់​និង​អាមេរិក» នេះ​បើ​យោង​តាម​កាសែត Global Times ដែល​ជា​ទីភ្នាក់ងារ​សារព័ត៌មាន​គាំទ្រ​ដោយ​រដ្ឋ។ លោក​បាន​បន្ថែម​ថា៖«អ្វី​ដែល​សភា​អាមេរិក​បាន​ធ្វើ​គឺ​ជា​ការ​លូក​ដៃ​ចូល​ទៅ​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​រវាង​ចិន​និង​តៃវ៉ាន់ រំលោភ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ចិន ហើយ​ទីបំផុត​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​អាមេរិក»។

លោក Yang ក៏​បាន​ថ្លែង​ទៀត​ថា ចិន​ដាស់​តឿន​ឲ្យ​អាមេរិក​កែ​នូវ​កំហុស​របស់​ខ្លួន ហើយ​ថា ចិន​នៅ​តែ​រក្សា​សិទ្ធិ​ក្នុង​ការ​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ នេះ​បើ​យោង​តាម​កាសែត Global Times។

សេចក្តី​ព្រាង​ច្បាប់​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃសុក្រ​ហើយ​ឥឡូវ​កំពុង​តែ​រង់​ចាំ​ឲ្យ​លោក​ប្រធានាធិបតី Barack Obama ចុះ​ហត្ថលេខា​នោះ គឺ​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក បង្កើត​កម្មវិធី​ផ្លាស់​ប្តូរ​យោធា​ជាន់​ខ្ពស់​រវាង​អាមេរិក​និង​តៃវ៉ាន់៕

XS
SM
MD
LG