រដ្ឋាភិបាលចិននៅថ្ងៃពុធនេះ បានចោទប្រកាន់លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing Wen ថា កំពុងប្រើប្រាស់ការឈប់សំចតនៅលើទឹកដីសហរដ្ឋអាមេរិក មុនពេលធ្វើដំណើរទៅកាន់ប្រទេសនីការ៉ាហ្គា (Nigaragua) នាដើមខែក្រោយនេះ ដើម្បីទទួលបានផលប្រយោជន៍ផ្នែកការទូត ស្របពេលដែលរដ្ឋាភិបាលចិនកំពុងខឹងសម្បារជាមួយនឹងការសន្ទនាតាមទូរស័ព្ទដែលមិនដែលមានពីមុនមករវាងលោកស្រី ជាមួយនឹងលោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump។
លោក Lu Kang អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់សារជាថ្មីថា កោះតៃវ៉ាន់ស្ថិតនៅក្នុងអធិបតេយ្យភាពរបស់ដែនដីប្រទេសចិន និងបានចោទប្រកាន់លោកស្រី Tsai ពីគំនិតអាក្រក់របស់លោកស្រី។
លោកស្រី Tsai មានបំណងឈប់សំចតនៅលើទឹកដីសហរដ្ឋអាមេរិក ក្នុងដំណើររបស់លោកស្រីទៅកាន់ប្រទេសនីការ៉ាហ្គា កា្វតេម៉ាឡា និងប្រទេសអែលសាល់វ៉ាឌ័រ ដែលប្រទេសទាំងនេះជាប្រទេសសម្ព័ន្ធមិត្តរបស់តៃវ៉ាន់។
រដ្ឋាភិបាលចិន ដែលបានអះអាងថា តៃវ៉ាន់ជាខេត្តបំបែកខ្លួនរបស់ចិននោះ ប្រឆាំងជាមួយនឹងប្រទេសណាដែលមានគោលបំណងចង់ចងទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ កោះតៃវ៉ាន់មានទំនាក់ទំនងការទូតជាមួយប្រទេសតែ ២២ ប៉ុណ្ណោះ នៅលើពិភពលោក ដែលក្នុងចំណោមនោះ ប្រទេសចំនួន ១២ ស្ថិតនៅក្នុងតំបន់អាមេរិកកណ្ដាល និងតំបន់ការ៉ាអ៊ីព។
ប្រទេសចិន ដែលបានបែកបាក់ពីកោះតៃវ៉ាន់នៅក្នុងអំឡុងសង្គ្រាមស៊ីវិល ក្នុងឆ្នាំ ១៩៤៩ នៅតែបន្តគំរាមកំហែងប្រើកម្លាំងដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ប្រសិនបើចាំបាច់៕