ប៉ុន្តែរដ្ឋាភិបាលចិនបានអនុម័តច្បាប់ថ្មីមួយស្តីពីជំនួយសប្បុរសធម៌ ដែលអនុញ្ញាតឲ្យអាជ្ញាធរទីក្រុងប៉េកាំងដឹកនាំលំហូរនៃថវិកាមូលនិធិទាំងនោះទៅឲ្យអង្គការសប្បុរសធម៌ដែលរដ្ឋគាំទ្រ។ វិធានការច្បាប់នេះ ទាមទារឲ្យម្ចាស់ជំនួយចាំបាច់ត្រូវតែផ្តល់ដំណឹងឲ្យរដ្ឋាភិបាលដឹងរាល់ជំនួយឧបត្ថម្ភរបស់ពួកគេ។
ការធ្វើដូច្នេះ អាចនឹងប៉ះពាល់ដល់ដំណើរការ និងឯករាជ្យភាពរបស់មូលនិធិឯកជនទាំងឡាយ ដែលជារបស់ក្រុមអ្នកជំនួញធំៗ និងអ្នកមានជាច្រើន។ ពីដំបូង អង្គការមូលនិធិរបស់នាយទុនភាគច្រើនត្រូវបានបង្កើតឡើងដោយសារពួកគេចង់គ្រប់គ្រងការប្រើប្រាស់ថវិការបស់ពួកគេ ជាជាងពឹងផ្អែកទៅលើអង្គការសប្បុរសធម៌គាំទ្រដោយរដ្ឋដែលមិនសូវមានតម្លាភាព។
ក្រុមអ្នកមានមួយភាគធំរកប្រាក់បានដោយសាររដ្ឋាភិបាលគាំទ្រ និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបក្សកុម្មុយនីស្ត។ ប៉ុន្តែ អ្នកមានជាច្រើនបានចាប់យកទស្សនវិជ្ជារបស់នាយទុកលោកខាងលិច ដែលចាប់ផ្តើមធ្វើរឿងមនុស្សធម៌ក្រោយពីបានក្លាយជាអ្នកមាន។
លោក Anthony Saich នាយកមជ្ឈមណ្ឌល Ash សម្រាប់អភិបាលកិច្ចបែបប្រជាធិបតេយ្យ និងការបង្កើតថ្មី នៅសាកលវិទ្យាល័យ Harvard Kennedy បានប្រាប់ VOA ថា៖ «ខ្ញុំបាននិយាយជាមួយពួកអ្នកមានៗជាច្រើន។ ពួកគេបានអានស្នាដៃរបស់លោក Rockefeller លោក Carnegie ហើយយល់ថា ពួកគេមានតួនាទីដូចគ្នាអ៊ីចឹងដែរ។ ពួកគេរកលុយបានភាគច្រើនតាមរយៈការធ្វើជំនួញផ្តាច់មុខ ឬតាមវិធីផ្សេងៗ ហើយឥឡូវ ពួកគេគិតគូរពីការជួយដល់សង្គមវិញ។ វាជាទំនោរកំពុងតែពេញនិយមមួយនៅក្នុងប្រទេសចិន»។
លោកបាននិយាយថា នៅក្នុងចំណោមកំពូលសប្បុរសជន ១០០នាក់នៅក្នុងប្រទេសចិន មានសប្បុរសជនស្ទើរតែពាក់កណ្តាលបានបង្កើតមូលនិធិផ្ទាល់ខ្លួន ឬកំពុងគ្រោងនឹងបង្កើតវាឡើង។
មជ្ឈមណ្ឌល Ash ដែលបានបង្កើតតារាងស្តីពីសទ្ធាទានរបស់កំពូលសប្បុរសជនចិន១០០នាក់ បានរកឃើញថា សប្បុរជនជាច្រើនបានបញ្ជូនវិភាគទាន៦០ភាគរយទៅខេត្តដែលជាស្រុកកំណើតរបស់ពួកគេ។
ការប្រែប្រួលក្នុងការផ្តល់មូលនិធិ
នៅក្នុងរបាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌល Hurun ដែលស្រាវជ្រាវអំពីទ្រព្យសម្បត្តិបានបង្ហាញថា ម្ចាស់ជំនួយចំនួន៣៤ភាគរយ នៅចិនដីគោក បានផ្តល់ជំនួយវិភាគទានរបស់ខ្លួន តាមរយៈអង្គការមូលនិធិដែលពួកគេជាអ្នកបង្កើតផ្ទាល់។
លោក Rupert Hoogewerf នាយកដឹកនាំផ្នែករបាយការណ៍ និងជាប្រធានផ្នែកស្រាវជ្រាវនៃមជ្ឈមណ្ឌល Hurun បាននិយាយថា៖ «កាលពីមុន ពួកអ្នកមានបានផ្តល់ជំនួយទៅអង្គការកាកបាទក្រហម ឬអង្គការសប្បុរសធម៌ដែលរដ្ឋាភិបាលបានអនុម័ត។ ឥឡូវនេះ ពួកគេកំពុងស្វែងរកវិធីបង្កើតថ្មី ដើម្បីធ្វើឲ្យសទ្ធាទានរបស់ពួកគេមានផលពិតប្រាកដដល់សង្គម ដូចជាការលើកទឹកចិត្តឲ្យប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីអភិរក្សនិងការពារបរិស្ថានជាដើម។ ប្រធានក្រុមហ៊ុនធំៗ ដូចជា Alibaba និង Tencent កំពុងព្យាយាមប្រើប្រាស់កម្មវិធីបច្ចេកវិជ្ជាតាមអ៊ីនធឺណិតរបស់ពួកគេ ដើម្បីពង្រីកការងារមនុស្សធម៌។ ឧទាហរណ៍ មានមនុស្ស៧០០លាននាក់ ដែលភាគច្រើនជាអ្នកទិញឥវ៉ាន់ បានភ្ជាប់ទៅនឹងប្រព័ន្ធកម្មវិធីតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន Alibaba»។
របាយការណ៍របស់មជ្ឈមណ្ឌល Hurun ដែលមានមូលដ្ឋាននៅទីក្រុងស៊ៀងហៃ បានរកឃើញថាមានសប្បុរសជនចិនចំនួន៥១នាក់ ដែលម្នាក់ៗបានផ្តល់ជំនួយជាង៨០លានដុល្លារ នៅក្នុងឆ្នាំ២០១៥។
កំពូលអ្នកមានផ្នែកជំនួញបួននាក់ ដែលរួមមានលោក Li Ka-shing មកពីហុងកុង លោក Jack Ma ម្ចាស់ក្រុមហ៊ុន Alibaba លោក Pony Ma ម្ចាស់ក្រុមហ៊ុន Tencent និងលោកស្រី Priscilla Chan ម្ចាស់ Facebook ពីសហរដ្ឋអាមេរិក បានបរិច្ចាគវិភាគទានចំនួន១.៥លានលានដុល្លារ (ប៊ីលាន) ក្នុងម្នាក់ៗ។ សប្បុរសជនមួយចំនួនដូចជាលោក Jack Ma ជាដើម បានបរិច្ចាគភាគហ៊ុនខ្លួនទៅឲ្យមូលនិធិរបស់ពួកគេ ចំណែកសប្បុរសជនខ្លះទៀតដូចជាលោក Pony Ma បានបង្កើតកម្មវិធីរៃអង្គាសថវិកាផងដែរ។
ក្រុមអ្នកវិភាគបាននិយាយថា បញ្ហាចោទសំខាន់មួយគឺថា តើច្បាប់ថ្មីស្តីពីអង្គការសប្បុរសធម៌នេះ នឹងធ្វើឲ្យម្ចាស់ជំនួយជាច្រើនខ្លាចរអា និងដកខ្លួនចេញពីការផ្តល់ជំនួយដែរឬទេ ដើម្បីចៀសវាងមិនឆ្លើយសំណួរពាក់ព័ន្ធនឹងប្រភពថវិការបស់ពួកគេ ជាពិសេសនៅក្នុងកាលៈទេសៈដែលមានយុទ្ធនាការប្រឆាំងអំពើពុករលួយ កំពុងតែដំណើរការ។ ដោយឡែក តាមយន្តការណែនាំរបស់រដ្ឋាភិបាល ម្ចាស់ជំនួយនឹងត្រូវបាត់បង់សេរីភាពមួយចំនួនក្នុងការជ្រើសរើសវិស័យណាមួយដែលពួកគេចង់ផ្តល់ជំនួយទៅឲ្យនោះ។
លោក Saich បាននិយាយថា៖ «ពួកអ្នកមានមួយចំនួន ប្រហែលជាមិនចង់ឲ្យគេដឹងពីចំនួនទ្រព្យសម្បត្តិដែលពួកគេមាននោះទេ ហើយក៏ប្រហែលជាមិនចង់ឲ្យមានការសួរពួកគេថាតើទ្រព្យសម្បត្តិទាំងនោះបានមកពីណាដែរ ជាពិសេសនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយនាពេលបច្ចុប្បន្ននេះ។ ដូច្នេះ បញ្ហានេះបានកាត់បន្ថយទឹកចិត្តដែលចង់បរិច្ចាគនោះខ្លះហើយ»។
ការភ័យខ្លាចរបស់បក្សកុម្មុយនីស្ត
បក្សកុម្មុយនីស្តក៏មានការបារម្ភរបស់ខ្លួនអំពីអកប្បកិរិយារបស់អ្នកមានជំនាន់ថ្មី ដែលបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយបស្ចឹមប្រទេសតាមរយៈជំនួញអាជីវកម្ម និងតាមការបញ្ជូនកូនៗរបស់ពួកគេទៅរៀននៅក្រៅប្រទេស។ ទាំងនេះធ្វើឲ្យពួកគេព្រួយបារម្ភថា ពួកអ្នកមានមួយចំនួនអាចនឹងគាំទ្រដល់គោលបំណងរបស់អ្នករិះគន់រដ្ឋាភិបាល ឬព្រួយបារម្ភនឹងមូលហេតុនានាពាក់ព័ន្ធនឹងការងារពលកម្ម។
លោក Saichបានបន្តថា៖ «រដ្ឋាភិបាលចិនភ័យខ្លាចថា ក្រុមអ្នកមានទ្រព្យសម្បត្តិដែលឯករាជ្យមិនចំណុះរដ្ឋ អាចកើតមានឡើង ហើយពួកគេអាចផ្តល់ជំនួយទៅឲ្យក្រុមអ្នកប្រឆាំងនឹងរដ្ឋ។ មន្រ្តីបក្សកុម្មុយនីស្តកំពុងធ្វើការប្រៀបធៀបមិនត្រឹមត្រូវមួយចំនួន អំពីមូលហេតុដែលនាំឲ្យមានការផ្ដួលរំលំរដ្ឋាភិបាលនៅប្រទេសអេហ្ស៊ីប ដែលនាំឲ្យកើតមានបដិវត្តន៍ពណ៌។ ពួកគេចង់ធ្វើឲ្យប្រាកដថា នៅខណៈដែលអង្គការសង្គមសីវិលកំពុងរីលលូតលាស់ ពួកគេអាចគ្រប់គ្រងបានល្អទៅលើសកម្មភាពរបស់អង្គការស៊ីវិលទាំងនេះ»។
លោក Edward Cunningham នាយកកម្មវិធីស្តីពីប្រទេសចិនរបស់មជ្ឈមណ្ឌល Ash បាននិយាយនៅក្នុងរបាយការណ៍ស្រាវជ្រាវនោះថា៖ «ចម្ងល់ដ៏ធំមួយនោះគឺថា តើក្រុមបុគ្គលអ្នកមានទាំងនេះនឹងដើរតួនាទីអ្វីនៅក្នុងកិច្ចភិភាក្សាដើម្បីឲ្យមានអភិវឌ្ឍទៅមុខផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយដ៏ទូលំទូលាយរបស់ចិននោះ»។
ក្រុមមនុស្សដែលគេមិនបានគិតដល់
របាយការណ៍ដដែលបង្ហាញថា លំហូរនៃមូលនិធិសប្បុរសធម៌នៅក្នុងប្រទេសចិននៅតែមានភាពលំអៀងនៅឡើយ នៅតំបន់ក្រីក្របំផុតរបស់ប្រទេសចិនដូចជានៅតំបន់ទីបេ តំបន់ស្វ័យត Xinjiang, តំបន់ស្វ័យត Ningxia ខេត្ត Gansu និងខេត្ត Yunnan ដែលជារួមតំបន់ទាំងនេះទទួលមូលនិធិពីម្ចាស់ជំនួយកំពូលៗទាំង១០០ បានត្រឹមតែ១,៩៦ភាគរយប៉ុណ្ណោះ។
ដោយឡែក ក៏មានការព្រួយបារម្ភជាច្រើនផងដែរ អំពីវិធីអនុវត្តច្បាប់ថ្មីនេះ ហើយថាតើមូលនិធិទាំងអស់នោះនឹងបានទៅដល់ក្រុមអ្នកទីទ័លក្រដែរឬទេ។
លោក Saich បាននិយាយថា៖ «នៅក្នុងសង្គមចិន ក្រុមមនុស្សដែលគេចាត់ទុកថាជាក្រុមដែលសង្គមបំភ្លេចចោល អ្នករិះគន់រដ្ឋាភិបាល និងអ្នកមានផ្ទុកជំងឺអេដស៍អ៊ីចឹង ខ្ញុំមិនគិតថា ពួកគេនឹងទទួលបានផលប្រយោជន៍អ្វីពីអ្នកមាន និងសប្បុរសធម៌ជំនាន់ថ្មីនេះឡើយ»។
ចំណុចវិជ្ជមាន
ក្រុមអ្នកវិភាគខ្លះយល់ថា ច្បាប់ថ្មីនេះនឹងបញ្ជាក់ឲ្យឃើញថា វាមានប្រយោជន៍នៅក្នុងវិស័យសប្បុរសធម៌។ លោក Matthias Stepan ប្រធានកម្មវិធីនយោបាយក្នុងស្រុកនៃវិទ្យាស្ថាន Mercator សម្រាប់ការសិក្សាអំពីប្រទេសចិននៅទីក្រុងប៊ែកឡាំងមានប្រសាសន៍ថា៖ «នៅក្នុងច្បាប់ស្តីពីជំនួយសប្បុរសធម៌ត្រង់ចំណុច«ការបើកចំហរព័ត៌មាន» មានការជំរុញឲ្យមានតម្លាភាព និងការទទួលខុសត្រូវកាន់តែខ្លាំង នៅក្នុងចំណោមអង្គការសប្បុរសធម៌ទាំងអស់។ ច្បាប់នេះពង្រឹងជំហររបស់ម្ចាស់ជំនួយ ដោយសារពួកគេអាចតាមដានដឹងថា តើជំនួយរបស់ពួកគេត្រូវបានយកទៅប្រើដើម្បីធ្វើអ្វីខ្លះ»។
ទាក់ទងនឹងច្បាប់ស្តីពីជំនួយសប្បុរសធម៌ និងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ លោក Stepan បាននិយាយថា៖ «ច្បាប់ថ្មីទាំងពីរនេះ គឺជាកត្តាផ្លាស់ប្តូរមួយសម្រាប់ដំណើរប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសចិន។ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិនិងម្ចាស់ជំនួយអន្តរជាតិធំៗ នឹងពិចារណាឡើងវិញទៅលើប្រភេទនិងទំហំប្រតិបត្តិការរបស់ពួកគេ នៅក្នុងប្រទេសនេះ»។
លោកបន្ថែមថា អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ នឹងបន្ថយជំនួយថវិកាទៅប្រទេសចិន ជាពិសេសទៅអង្គការសប្បុរសធម៌ដែលគាំទ្រដោយរដ្ឋ។ «អ្វីដែលខ្ញុំរំពឹងនោះគឺថា ពួកគេនឹងផ្តោតទៅលើកម្មវិធីកសាងសមត្ថភាពឲ្យបានកាន់តែច្រើន»៕
ប្រែសម្រួលដោយ សើ សាយ្យាណា