កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីចិនលោក Xi Jinping បានអបអរសាទរលោក Joe Biden ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Xi Jinping បានបង្ហាញនូវក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងមានភាពប្រសើរឡើង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិន។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារជម្លោះទាក់ទិននឹងរឿងពាណិជ្ជកម្ម ជំងឺកូវីដ១៩ និងបច្ចេកវិទ្យា ចាប់តាំងពីលោកប្រធានាធិបតី Donald Trump បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកតាំងពីដើមឆ្នាំ ២០១៧ មក។
ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សម្តីរបស់លោក Xi Jinping ដូច្នេះថា៖ «ការជំរុញឲ្យមាននូវការអភិវឌ្ឍដ៏រឹងមាំ និងមានស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក មិនត្រឹមតែបម្រើដល់ផលប្រយោជន៍ដ៏សំខាន់របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងស្របទៅតាមក្តីរំពឹងជាទូទៅរបស់សហគមន៍អន្តរជាតិផងដែរ»។
លោក Xi Jinping ក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់ទាំងពីរនៅលើពិភពលោកនេះ នឹងធ្វើការដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ហើយនឹង «រួមដៃគ្នាជាមួយប្រទេសដទៃទៀតនិងសហគមន៍អន្តរជាតិដើម្បីលើកតម្កើងនូវបុព្វហេតុដ៏ថ្លៃថ្លានៃសន្តិភាពនិងការអភិវឌ្ឍនៅលើពិភពលោក»។
កន្លងមក ក្រសួងការបរទេសចិន បានអបអរសាទរលោក Biden ១០ ថ្ងៃក្រោយមក បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក គឺក្នុងពេលជិតមួយសប្តាហ៍បន្ទាប់ពីសម្ព័ន្ធមិត្តភាគច្រើនរបស់សហរដ្ឋអាមេរិកបានអបអរសាទរលោក Biden៕