រដ្ឋាភិបាលចិនកំពុងធ្វើការបិទការស្វែងរកពាក្យ«អេហ្ស៊ីប»នៅលើប្រព័ន្ធបណ្តាញសង្គមតាមអ៊ីនធឺណិតនៅក្នុងប្រទេសចិន។ ក្រុមអ្នកជំនាញនិយាយថាវិធានការនេះឆ្លុះបញ្ចាំងអំពីការភ័យខ្លាចរបស់រដ្ឋាភិបាលដែលថាការប្រឆាំងតវ៉ានៅក្នុងប្រទេសអេហ្ស៊ីបអាចនឹងបង្កឱ្យមានចលាចលនៅក្នុងប្រទេសចិន។
ការស្វែងរកដោយវាយពាក្យថា«អេហ្ស៊ីប»ជាភាសាចិននៅលើគេហទំព័រខ្នាតតូចមួយជាភាសាចិន Sina.com បានបង្ហាញសារមួយដែលនិយាយថាលទ្ធផលមិនអាចបង្ហាញបានទេ។
មន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនអ៊ីនធឺណិត Sina.com លោក ម៉ា តៅតៅ (Ma Taotao) បានបញ្ជាក់ថាការស្វែងរកទាំងឡាយជាភាសាចិនសម្រាប់ពាក្យ«អេហ្ស៊ីប»ត្រូវបានបិទនៅលើបណ្តាញបញ្ជូនសារជាអក្សរភ្លាមៗដែលមានឈ្មោះជាភាសាអង់គ្លេសថាស៊ីណាវៃបូ(Sina Weibo)។
លោក ម៉ា មានប្រសាសន៍ថាក្រុមហ៊ុនមិនបានធ្វើសេចក្តីសម្រេចចិត្តនេះទេប៉ុន្តែគ្រាន់តែអនុវត្តតាម«ច្បាប់និងបទបញ្ញត្តិដែលពាក់ព័ន្ធរបស់ប្រទេសចិន»។ លោកមិនបានផ្តល់សេចក្តីលម្អិតអ្វីទាំងអស់ហើយក៏មិនបាននិយាយថាតើនាយកដ្ឋានណាមួយរបស់រដ្ឋាភិបាលដែលទទួលខុសត្រូវទៅលើសេចក្តីសម្រេចចិត្តនេះ។ លោកមានប្រសាសន៍ថាលោកមិនដឹងថាតើការដាក់កំហិតនេះនឹងនៅជាធរមានរយៈពេលប៉ុន្មាននោះទេ។
រដ្ឋាភិបាលចិនបានបិទលទ្ធភាពនៃការចូលទៅប្រើប្រាស់គេហទំព័រប្រព័ន្ធអ៊ីនធឺណិតបណ្តាញសង្គមរួចទៅហើយដូចជាគេហទំព័រ ទ្វីតធឺ (Twitter) និង ហ្វេសប៊ុក (Facebook) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ប៉ុន្តែប្រជាពលរដ្ឋចិនរាប់លាននាក់អាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតក្នុងស្រុកខ្នាតតូចសម្រាប់សេវាកម្មបញ្ជូនសារជាអក្សរភ្លាមៗ។
លោក ចេរឺម៉ី ហ្គោលខន (Jeremy Goldkorn) បើកក្រុមហ៊ុនសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតចិនមួយឈ្មោះ Danwei.org ដែលតាមដានការផ្លាស់ប្តូរប្រព័ន្ធសារព័ត៌មាននិងប្រព័ន្ធអ៊ីនធឺណិតរបស់ចិន។
«ខ្ញុំមិនដែលបានឃើញសេចក្តីណែនាំណាមួយពីអង្គភាពរដ្ឋាភិបាលចិនណាមួយដែលគ្រប់គ្រងទៅលើប្រព័ន្ធសារព័ត៌មាននោះទេប៉ុន្តែខ្ញុំគិតថាប្រាកដជាមានសេចក្តីណែនាំមួយចំនួនដែលត្រូវបានផ្តល់ជូននិងណែនាំឱ្យអង្គការសារព័ត៌មាននិងក្រុមហ៊ុនអ៊ីនធឺណិតនានាឱ្យប្រើប្រាស់តែអត្ថបទរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីនហួ (Xinhua) អំពីព្រឹត្តិការណ៍នៅក្នុងប្រទេសអេហ្ស៊ីបនិងនៅក្នុងប្រទេសទុយនីស៊ីនិងដើម្បីកាត់បន្ថយការពិភាក្សារបស់ប្រជាពលរដ្ឋតាមប្រព័ន្ធអ៊ីនធឺណិតអំពីបញ្ហានេះ»។
ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតយ៉ាងទូលំទូលាយគឺជាការវិវឌ្ឍថ្មីគួរសមមួយនៅក្នុងប្រទេសចិន។ ប៉ុន្តែលោកហ្គោលខន មានប្រសាសន៍ថារដ្ឋាភិបាលបានចាត់វិធានការកំណត់នូវលទ្ធភាពក្នុងការទទួលបានព័ត៌មានស្តីអំពីព្រឹត្តិការណ៍សាកលលោកថ្មីៗផ្សេងៗទៀត។
«មានការដាក់កំហិតប្រហាក់ប្រហែលគ្នាមួយ នៅពេលដែលមានបដិវត្តន៍ពណ៌ ដែលកំពុងបន្តកើតមានឡើងនៅក្នុងទ្វីបអឺរ៉ុបខាងកើត ហើយខ្ញុំគិតថាហេតុផលគឺច្បាស់លាស់ណាស់ដែលថារដ្ឋាភិបាលមិនចង់ឱ្យប្រជាពលរដ្ឋធ្វើការប្រៀបធៀបរវាងអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេស អេហ្ស៊ីបជាមួយនឹងអ្វីដែលអាចកើតមានឡើងនៅក្នុងប្រទេសចិន»។
សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ រិនមីន (Renmin) លោក ស្ស៊ី យិនហុង (Shi Yinhong) បានបន្ទរចំពោះគំនិតបែបនេះ។
«សំខាន់ជាងអ្វីៗទាំងអស់ អាទិភាពទីមួយរបស់រដ្ឋាភិបាលចិន គឺថែរក្សាស្ថេរភាពសង្គមនិងនយោបាយ»។
លោក ស្ស៊ី មានប្រសាសន៍ថារដ្ឋាភិបាលមានការបារម្ភចំពោះភាពចលាចលសាធារណៈចាប់តាំងពីខ្លួនបានធ្វើការបង្រ្កាបទៅលើបាតុកម្មទាំងឡាយដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទូទាំងប្រទេសក្នុងឆ្នាំ១៩៨៩។ លោកបានពណ៌នាការភ័យខ្លាចរបៀបនេះថាជាវប្បធម៌នយោបាយនាពេលបច្ចុប្បន្នរបស់ចិន។
«វប្បធម៌នយោបាយប្រភេទនេះនឹងបន្តស្ថិតនៅប្រទេសចិនក្នុងរយៈពេលមួយយ៉ាងយូរ។ ដូច្នេះនៅក្នុងប្រទេសចិនប្រជាពលរដ្ឋគ្រប់រូបដឹងថារដ្ឋាភិបាលរបស់យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរក្សាស្ថេរភាពសង្គម»។
សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យប៉េកាំង លោក ជូ ហ្វេង បានពណ៌នាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ការទទួលបានព័ត៌មានស្តីអំពីប្រទេសអេហ្ស៊ីបតាមប្រព័ន្ធអ៊ីនធឺណិតថាជា«វិធានការការពារទប់ទល់មួយ»។
លោក ជូ មានប្រសាសន៍ថា មានស្ថានភាពអស្ថេរភាពផ្នែកសង្គមដែលកំពុងកើតមានស្រាប់ហើយនៅក្នុងប្រទេសចិន ហើយរដ្ឋាភិបាលមានការព្រួយបារម្ភជាពិសេស ពីព្រោះវាគឺជារយៈកាលនៃថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំតាមច័ន្ទគតិ។
ប្រទេសចិនមានការភ័យខ្លាចជាយូរមកហើយចំពោះអ្វីដែលខ្លួនចាត់ទុកថាជាចលនានៃក្រុមបំបែករដ្ឋនៅក្នុងតំបន់ស៊ីនជាង (Xinjiang) និងដែនដីទីបេ។ ចិនក៏មានការព្រួយបារម្ភផងដែរអំពីការខឹងសម្បាពីសំណាក់សាធារណជនទៅលើបញ្ហាអំពើពុករលួយរបស់មន្រ្តីរដ្ឋាភិបាល អតិផរណា ការរឹបអូសដីធ្លី និងការខ្វល់ខ្វាយផ្នែកសង្គមផ្សេងៗទៀតដែលបានបង្កឱ្យមានការប្រឆាំងតវ៉ានៅក្នុងអំឡុងពេលពីរបីឆ្នាំចុងក្រោយនេះ។
លោក ជូ មានប្រសាសន៍ថា លោកគិតថា អ៊ីនធឺណិតបានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការផ្សព្វផ្សាយព័ត៌មាន។
លោក ជូ មានប្រសាសន៍ថា លោកមានការព្រួយបារម្ភថា ការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត នឹងក្លាយទៅជាវិធីសាស្ត្រជាសាកលមួយរបស់រដ្ឋាភិបាលសម្រាប់ដោះស្រាយនឹងការបះបោររបស់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលនៃប្រទេសអេហ្ស៊ីបបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសដោយសារតែការព្រួយបារម្ភថាក្រុមអ្នកតវ៉ានឹងប្រើប្រាស់បណ្តាញសារព័ត៌មានសង្គមក្នុងការរៀបចំសកម្មភាពរបស់ពួកគេ។ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិននិងប្រទេសអ៊ីរ៉ង់ បានចាត់វិធានការប្រហាក់ប្រហែលគ្នាបន្ទាប់ពីមានការប្រឆាំងតវ៉ាធំៗទាំងឡាយ៕
ប្រែសម្រួលដោយ ឌី ខាំបូលី