ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន ជា​របៀបវារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​អាមេរិក-ឥណ្ឌូណេស៊ី


ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo (ឆ្វេង) ស្តាប់​ប្រធានាធិបតី​ស.រ.អ.លោក Joe Biden ខណៈដែលលោក Biden ធ្វើ​សេចក្តីថ្លែងការណ៍មួយ​ទៅកាន់សារព័ត៌មាន មុនកិច្ចប្រជុំទ្វេភាគីនៅឯសន្និសីទ​របស់​អ.ស.ប.ស្តីពី​ការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុង Glasgow កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo (ឆ្វេង) ស្តាប់​ប្រធានាធិបតី​ស.រ.អ.លោក Joe Biden ខណៈដែលលោក Biden ធ្វើ​សេចក្តីថ្លែងការណ៍មួយ​ទៅកាន់សារព័ត៌មាន មុនកិច្ចប្រជុំទ្វេភាគីនៅឯសន្និសីទ​របស់​អ.ស.ប.ស្តីពី​ការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុង Glasgow កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក​ Joe Biden ​បាន​ជួបប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក ​Joko Widodo នៅក្រៅ​កិច្ច​ប្រជុំ​កំពូល​អំពី​អាកាសធាតុ​ COP26 ​នៅ​ទីក្រុង ​Glasgow​ ប្រទេស​ស្កុតលែន ​កាលពី​ថ្ងៃចន្ទ​ ដោយ​បន្ត​ការ​ពិភាក្សា​របស់ពួកគេ​អំពី​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន ​និង​អាស៊ី​បូព៌ា​កាលពី​ខែ​តុលា។​

លោក ​Biden ​បានប្រាប់​លោក​ Widodo​ ថា​ «ឥណ្ឌូណេស៊ី​ គឺ​ជាដៃ​គូ​យុទ្ធ​សាស្ត្រ​ដ៏សំខាន់​របស់​សហ​រដ្ឋ​អាមេរិក ​ហើយ​ការ​ដឹកនាំ​របស់​លោក​នៅ​ឥណ្ឌូប៉ាស៊ីហ្វិក ​គឺ​សំខាន់ណាស់»។ ​លោក​ Widodo ​បាន​ថ្លែង​អំណរគុណ​លោក ​Biden​ សម្រាប់​វ៉ាក់សាំង​កូវីដ១៩​ចំនួន​ ១៣,៤ ​លាន​ដូស​ ដែលជា​ការបរិច្ចាគ​មួយ​ក្នុង​ចំណោម​ការ​បរិច្ចាគ​ដ៏​ធំបំផុត​ដែល​រដ្ឋាភិបាលក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​តាម​រយៈ​យន្តការ​ COVAX ​ដែល​ចែក​រំលែក​វ៉ាក់សាំង។​

កិច្ចប្រជុំ​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាយាម​ផ្នែក​ការទូត​របស់​លោក ​Biden ​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ​ជា​តំបន់​ដែល​ឥទ្ធិពល​សេដ្ឋកិច្ច ​ការទូត ​និង​យោធា​របស់​ចិន​ កំពុង​កើន​ឡើង​ជា​លំដាប់។​

ការ​ប្រែប្រួល​អាកាស​ធាតុ ​ការ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត ​សេរីភាព​នាវាចរណ៍​ក្នុង​សមុទ្រ រដ្ឋ​ប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​និង​ការ​ពង្រឹង​«ភាព​ជាដៃគូ​យុទ្ធសាស្ត្រ» ​ស្ថិត​ក្នុង​ចំណោម​ប្រធានបទ​ដែល​លោក​ទាំងពីរ​បាន​ពិភាក្សា។​ នេះ បើ​យោងតាម​សេតវិមាន។ ​នេះជាការ​ជួបមុខគ្នាផ្ទាល់​លើក​ដំបូង​រវាង​លោកទាំងពីរ ​ចាប់តាំង​ពី​លោក ​Biden​ ឡើង​កាន់​តំណែង។​

ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​ជិត​មួយ​ម៉ោង ​លោក ​Biden ​បាន​រំឭក​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​អព្យាក្រឹត​ភាព​អាស៊ាន ​និង​ការគាំទ្រ​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូប៉ាស៊ីហ្វិក ​ដែល​សំខាន់​ដើម្បី​ធានាថា​ ដំណើរការ​ និង​សកម្មភាព​ក្នុង​តំបន់ត្រូវ​កំណត់ ​និង​ដឹកនាំ​ដោយ​ប្លុកដែល​មាន​១០​ប្រទេស។​

តាំងពីបាន​កកើតមក ប្រទេស​ឥណ្ឌូណេស៊ី​ មាន​មោទនភាព​ប្រកាន់​គោលការណ៍​មិនចូល​បក្សសម្ព័ន្ធ ប្រកាន់​គោល​នយោបាយ​ការ​បរទេស​«ឯករាជ្យ និងសកម្ម»​ ដោយ​ប្រកាន់​យក​នូវ​វិធី​សាស្រ្ត​តុល្យភាព​ ដើម្បី​ចៀសវាង​ការ​ខឹង​សម្បាពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ឬ​ទីក្រុង​ប៉េកាំង។

លោក​ Lucas Myers ​អ្នក​សម្រប​សម្រួល​ កម្ម​វិធី​និង​ទំនាក់ទំនង​សម្រាប់​កិច្ចការ​អាស៊ី​អាគ្នេយ៍​នៅ​កម្មវិធី​អាស៊ី​របស់មជ្ឈមណ្ឌល​ស្រាវជ្រាវ Wilson Center និយាយថាប៉ុន្តែឥឡូវនេះ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ចង់​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ប្រកាន់​ជំហរ​តឹងរ៉ឹង​ប្រឆាំង​នឹង​ការ​បំពាន​របស់​ចិន​ ជា​ពិសេស​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ​ដែល​រដ្ឋាភិបាល​ក្រុង​ហ្សាការតា​ថ្មីៗ​នេះ​ បាន​ប្រកាន់​ជំហរ​ទន់ភ្លន់ជាងមុន​ និង​មិន​សូវ​ប្រឈម​មុខ​នៅក្នុង​ជម្លោះ​ផ្ទាល់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​ប្រជុំ​កោះ ​Natuna។

ការ​បញ្ចុះ​បញ្ចូល​ដ៏​ពិបាក​

លោក​ Aaron Connelly ​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ​បាន​ថ្លែង​ថា ​នេះ​ អាច​ជា​ការ​បញ្ចុះ​បញ្ចូល​ដ៏​ពិបាក​មួយ។​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ប្រឹង​ប្រែង​យក​ចិត្ត​លោក Jokowi ​តាម​រយៈ​ការ​វិនិយោគ​យ៉ាង​ច្រើន​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ការ​ទូត​វ៉ាក់សាំង រីឯ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី ​Obama ​និង​លោក​ប្រធានាធិបតី​ Trump ​មិន​មាន​ភាព​ច្បាស់លាស់​នោះ​ទេ។ ​

កាលពី​ខែតុលា​កន្លង​ទៅ ​បន្ទាប់​ពី​ជំនួប​ជាមួយ​លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ថ្នាក់​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក លោក​ Luhut Pandjaitan ​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​សម្រាប់​សម្រប​សម្រួល​កិច្ចការ​សមុទ្រ ​និង​ការ​វិនិយោគ​បាន​ថ្លែង​ប្រាប់​ VOA ​ផ្សាយ​ជា​ភាសា​ឥណ្ឌូណេស៊ី​ថា ​«យើង​ចង់​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក​ ​ប៉ុន្តែ​ជួន​កាល​វា​ពិបាក»។ លោក​ Pandjaitan ​បាន​ថ្លែង​ថា ​លោក​បាន​ប្រាប់​លោក ​Sullivan ​ថា ​ រដ្ឋាភិបាល​ក្រុង​ហ្សាការតា​មាន​ការ​ស្វាគមន៍​ណាស់​ចំពោះ​អ្នក​វិនិយោគ​ចិន ​«ដោយសារយើង​ត្រូវ​ការ​រស់»។​

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ជា​អ្នក​វិនិយោគ​ធំ​បំផុត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ឥណ្ឌូណេស៊ី ​ក្នុង​ឆ្នាំ២០២០​ ការ​វិនិយោគ​របស់​ចិន​ក្នុង​ប្រទេស​នេះ ​បាន​ឡើង​ដល់​ ៤,៨​ ពាន់​លាន​ដុល្លារ​អាមេរិក ​ហើយ​ពាណិជ្ជកម្ម​សរុប​មាន​ទឹក​ប្រាក់​រហូត​ដល់ ​៧៨,៤៨ ​ពាន់ ​លាន​ដុល្លារ​អាមេរិក។​

លោក ​Pandjaitan ​បាន​ថ្លែង​ថា ​ដោយសារ​រដ្ឋាភិបាល​របស់​លោក ​Jokowi ​ផ្តល់​អាទិភាព​ដល់​កំណើន​សេដ្ឋកិច្ច រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ពាណិជ្ជ​កម្ម ​និង​ការ​វិនិយោគ​ជាមួយ​នឹង​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ចិន។ ​លោក ​Pandjaitan ​និយាយ​ថា ​លោក​បាន​សួរ​សហ​រដ្ឋ​អាមេរិក​ថា ​«ហេតុ​អ្វី​ បាន​ជា​អ្នក​មិន​មក​វិនិយោគ​នៅ​ទីនេះ​ដែរ?»

ក្រុម​ប្រឹក្សា​ជំនួញ​សហ​រដ្ឋ​អាមេរិក-អាស៊ាន​បាន​ថ្លែង​ថា ​កិច្ចប្រជុំ​រវាង​លោក​ Biden ​និង​លោក​ Jokowi ​គឺ​ជា «ជំហាន​វិជ្ជមាន​មួយ​ទៀត» ​ក្នុង​ការ​ពង្រីក​ទំនាក់​ទំនង​សេដ្ឋកិច្ច។​

លោក ​Marc Mealy ​អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​គោល​នយោបាយ​របស់​ក្រុម​ប្រឹក្សា​នេះ​បាន​ថ្លែងថា «កិច្ច​ប្រឹងប្រែង​កំណែ​ទម្រង់​របស់​លោក​ប្រធានាធិបតី​ Jokowi ​ហាក់​ដូចជា​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​ឥណ្ឌូណេស៊ី​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន​ក្នុង​វិស័យ​ដូច​ជា ​ការ​រុករក​រ៉ែ​ និង​យានយន្ត​អេឡិចត្រូនិក»។​

លោក ​Mealy ​បាន​បន្ថែម​ថា​ «បើ​មើល​ទៅ​មុខ​អាទិភាព​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ឥណ្ឌូណេស៊ី​ចំពោះ​ក្រុមហ៊ុន​អាមេរិក​នឹង​រួម​មាន​វិស័យ​សុខាភិបាល ​ធនធាន​ថាមពល​កកើត​ឡើង​វិញ ​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ​និង​ហិរញ្ញប្បទាន​បៃតង​ដើម្បី​គាំទ្រ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច»។​

នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ព្យាយាម​ទាញ​រដ្ឋាភិបាល​ក្រុង​ហ្សាការតា​ចេញ​ពី​ឥទ្ធិពល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ លោក​ Mike Pompeo​ រដ្ឋមន្ត្រី​ការ​បរទេស​ក្នុង​រដ្ឋបាល​លោក ​Trump ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ប្រឆាំង​នឹង​ចិន​ដោយ​លើក​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​ជន​មូស្លីមអ៊ុយហ្គ័រ។ ​កិច្ចប្រឹងប្រែង​នេះ ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ​ប៉ុន្តែ​ ត្រូវ​បាន​រិះគន់​ទៅ​វិញ។​

លោក ​Connelly ​បាន​ថ្លែង​ថា ​«ជនជាតិ​ឥណ្ឌូណេស៊ី​ដែល​មាន​ឥទ្ធិពល​ជាច្រើន​យល់​ថា ​ទង្វើ​របស់​លោក ​Pompeo ​ជា​ទង្វើ​មិន​គប្បី​ និង​បារម្ភ​ថា កំណើន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​និង​ក្រុង​ហ្សាការតា​នឹង​នាំ​ឱ្យ​មាន​ភាព​តានតឹង​ជាតិ​សាសន៍​នៅ​ឥណ្ឌូណេស៊ី។ ​ដូច្នេះ​ ទោះ​បី​ជា​ឥណ្ឌូណេស៊ី​ ជា​ប្រទេស​មាន​ចំនួន​ជន​មូស្លីមច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក​ក្តី ​ប្រទេស​នេះ​ ហាក់​ដូច​ជា​មាន​ភាព​ស្ងប់ស្ងាត់​អំពី​ស្ថានភាព​ក្នុង​តំបន់ Xinjiang»។​

នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​រដ្ឋបាល​លោក ​Trump ​បាន​សន្យា​ធ្វើ​ការ​វិនិយោគ​មាន​ទឹកប្រាក់​ ២​ ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​ដែល​ត្រូវ​បាន​គេ​គ្រោង​បង្កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ​គម្រោង​នេះ ​ត្រូវ​បាន​បញ្ឈប់​ភ្លាមៗ​ដោយសារ​តែ​តម្លៃ​តបស្នង​ គឺ​ការ​ទទួល​ស្គាល់​ប្រទេស​អ៊ីស្រាអែល​ក្នុង​កិច្ចព្រមព្រៀង​ Abraham ​របស់​រដ្ឋបាល​លោក ​Trump ​ដែល​ជា​តម្លៃ​ខ្ពស់​ពេក​សម្រាប់​រដ្ឋាភិបាល​ក្រុង​ហ្សាការតា។​

ការ​រួបរួម​លើ​បញ្ហា​មីយ៉ាន់ម៉ា

លោក ​Biden ​និង​លោក ​Jokowi ​បាន​អំពាវនាវ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា​បញ្ឈប់​អំពើ​ហិង្សា​ទាំង​អស់ ​និង​ដោះលែង​អ្នក​ទោស​នយោបាយ។ ​សេតវិមាន​និយាយ​ថា ​មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​ថា ​យោធា​ត្រូវ​តែ​អនុញ្ញាត​ឱ្យ​«ត្រឡប់​ទៅ​រក​ស្ថាន​ការណ៍​មាន​ប្រជាធិបតេយ្យ​វិញ​ឱ្យ​ឆាប់​រហ័ស»។​

ប្រទេស​មីយ៉ាន់ម៉ា​មាន​ចលាចល​ ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​បាន​ដណ្តើម​អំណាច​កាលពីខែ​កុម្ភៈ​ កន្លងទៅនេះ។​

លោក Myers​ បាន​ថ្លែង​តាម​សម្តី​ដើម​ថា​ «វិបត្តិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ អាច​ជា​បញ្ហា​ដាក់​សម្ពាធ​ខ្លាំង​បំផុត​សម្រាប់​អាស៊ាន ​ហើយ​ប្រទេស​ឥណ្ឌូណេស៊ី​ ចេញ​មុខ​ញឹក​ញាប់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយតប​ខ្លាំងក្លា​ឡើង​ប្រឆាំង​នឹង​ការ​ដណ្តើម​អំណាច​របស់​យោធា»។

នៅ​ខែ​តុលា ​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី ​និង​រដ្ឋមន្ត្រី​អាស៊ាន​ផ្សេង​ទៀត​ បាន​ដក​ឧត្តម​សេនីយ៍​ជាន់​ខ្ពស់​របស់​មីយ៉ាន់ម៉ា​ គឺ​លោក ​Min Aung Hlaing ​ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ដែល​នេះ​ ជា​ចំណាត់ការ​ធំ​បំផុត​របស់​អាស៊ាន​ចំពោះ​បញ្ហា​មីយ៉ាន់ម៉ា​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃទី១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ​នៅ​ពេល​ដែល​យោធា​មីយ៉ាន់ម៉ា​ បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី ​Aung San Suu Kyi៕​

អ្នកស្រី Eva Mazrieva និង​អ្នកស្រី Virginia Gunawan រួមចំណែកក្នុង​សេចក្តីរាយការណ៍​នេះ។

XS
SM
MD
LG