នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលចិនបានចោទសហរដ្ឋអាមេរិកថាបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត «រាប់ម៉ឺនដង» លើប្រទេសចិន និងថាបានលួចទិន្ន័យសម្ងាត់ជាច្រើន ដែលក្នុងនោះរួមមានទាំងទិន្នន័យមកពីសាកលវិទ្យាល័យស្រាវជ្រាវមួយរបស់រដ្ឋផងដែរ។
កន្លងមក រដ្ឋាភិបាលអាមេរិកបានចោទរដ្ឋាភិបាលចិនថាបានធ្វើការវាយប្រហារតាមអ៊ីនធឺណិតលើបណ្តាក្រុមហ៊ុនអាជីវកម្មផ្សេងៗរបស់សហរដ្ឋអាមេរិកនិងលើទីភ្នាក់ងារនានារបស់រដ្ឋាភិបាលអាមេរិក។ នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលនាំឱ្យចំណងទាក់ទងរវាងប្រទេសមហាអំណាចទាំងពីរធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
រដ្ឋាភិបាលចិនតែងតែច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ហើយបានចោទ សហរដ្ឋអាមេរិកវិញថាបានធ្វើចារកម្មតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែកម្របង្ហាញជាសាធារណៈនូវព័ត៌មានលំអិតទាក់ទិននឹងការវាយប្រហារជាក់លាក់ណាមួយណាស់។
របាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃចន្ទនេះដោយមជ្ឈមណ្ឌលជាតិរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការឆ្លើយតបបន្ទាន់នឹងវីរុសកុំព្យូទ័រ (National Computer Virus Emergency Response Center) បានចោទទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក (NSA) ថាបានធ្វើការ «វាយប្រហារបែបព្យាបាទរាប់ម៉ឺនដងតាមប្រព័ន្ធអ៊ីនធឺណិតលើបណ្តាញអ៊ីនធឺណិតក្នុងប្រទេសចិននៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
របាយការណ៍នេះបានចោទប្រកាន់ជាពិសេសលើការិយាល័យ Tailored Access Operations របស់ទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក ថាបានលួចចូលក្នុងប្រព័ន្ធអ៊ីនធឺណិតរបស់សាកលវិទ្យាល័យ Northwestern Polytechnical ក្នុងទីក្រុង Xi'an នៃប្រទេសចិន។
សាកលវិទ្យាល័យនេះទទួលបានថវិកាផ្គត់ផ្គង់ពីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋាភិបាលចិន ហើយមានជំនាញខាងការស្រាវជ្រាវផ្នែកអាកាសចរណ៍វិទ្យានិងអវកាស។
មជ្ឈមណ្ឌលជាតិរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការឆ្លើយតបបន្ទាន់នឹងវីរុសកុំព្យូទ័របានចោទថាការិយាល័យរបស់ទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិកនោះបានលួចចូលក្នុងប្រព័ន្ធអ៊ីនធឺណិតរបស់សាកលវិទ្យាល័យនេះ ហើយបាន «ត្រួតត្រាលើឧបករណ៍បណ្ដាញកុំព្យូទ័ររាប់ម៉ឺនគ្រឿង»។
ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះបានថ្កោលទោសចំពោះអ្វីដែលចិនចោទថាជាការវាយប្រហារនោះ ដោយបានបញ្ជាក់ថាវា «ធ្វើឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ប្រទេសចិននិងសន្តិសុខទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់កុំព្យូទ័រនៅក្នុងប្រទេសចិន»។
អ្នកស្រី Mao Ning អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា៖ «យើងស្នើឱ្យសហរដ្ឋអាមេរិកផ្តល់ការពន្យល់ និងជំរុញឱ្យពួកគេបញ្ឈប់ជាបន្ទាន់នូវវិធានការខុសច្បាប់នេះ»។
ទីភ្នាក់ងារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកមិនទាន់បានឆ្លើយតបចំពោះសំណើរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលស្នើឱ្យមានការបកស្រាយលើរឿងនេះនៅឡើយទេ៕