ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អូស្ត្រាលី​ថា​នឹង​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ចិន


លោក Malcolm Turnbull នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​សភា​អូស្ត្រាលី កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការ​ចោទ​ប្រកាន់​អំពី​អំពើ​ចារកម្ម​និង​ការ​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ចការ​នយោបាយ​ កំពុង​តែ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ចិន​ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​របស់​ប្រទេស​អូស្ត្រាលី​កាន់​តែ​តឹងតែង​ឡើង។​ ថ្លែង​ជា​ភាសា​ចិន នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ លោក​ Malcolm Turnbull​ បាន​ប្រើ​ពាក្យ​ខ្លាំងៗ​រិះគន់​​ប្រទេស​ចិន​អំពី​ការ​ចោទ​ប្រកាន់​រឿង​ជ្រៀត​ជ្រែក​ពី​ប្រទេស​ចិន​ចូល​ទៅ​ក្នុង​រឿង​នយោបាយ​ក្នុង​ស្រុក​ប្រទេស​អូស្ត្រាលី។​

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ លោក​ Malcolm Turnbull​ បាន​ទទូច​ថា​មាន​ការ​ជ្រៀតជ្រែក​ដ៏​ស្មុគ្រ​ស្មាញ​ពី​បរទេស​ចូល​មក​ក្នុង​កិច្ច​ការ​នយោបាយ​ក្នុង​ស្រុក​របស់​ខ្លួន។​ រដ្ឋា​ភិបាល​របស់​លោក​បាន​លើក​យក​ឧទាហរណ៍​មួយ​ គឺ​ករណីលោក​ Sam Dastyari សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ការងារ​ដែល​ជា​គណបក្ស​ប្រឆាំង​ បាន​ស្ថិត​ក្រោម​ការ​ពិនិត្យ​តាម​ដាន​ដោយ​សារ​លោក​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ពាណិជ្ជករ​ចិន​ដ៏​ស្តុក​ស្តម្ភ​ម្នាក់។

លោក​ Dastyari​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​ចិន​នោះ​ចេញ​លុយ​ជំនួស​លោក​ ហើយ​បាន​និយាយ​គាំ​ទ្រ​គោល​នយោបាយផ្លូវ​ការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​គោល​នយោបាយ​នោះ​ប្រឆាំង​នឹង​គោល​ជំហរ​របស់​គណបក្ស​ការងារ​របស់​ប្រទេស​អូស្ត្រាលី។

នៅ​រដ្ឋធានី​ Canberra​ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ម្នាក់​បាន​ចោទ​ប្រកាន់​ថា​លោក​ Dastyari​ ជា​ជន​បង្កប់។​ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ទៅ​កាន់​សភា​កាល​ពី​ខែ​មុន​ លោក​ Dastyari​ ដែល​កើត​នៅ​អ៊ីរ៉ង់​បាន​ទទូច​ថា​លោក​ជា​អ្នក​ស្នេហា​ជាតិ​អូស្ត្រាលី​ ​ប៉ុន្តែ​លោកក៏​មាន​កំហុស​ដែរ។

លោក​ Turnbull​ ​បាន​ប្រើ​ពាក្យ​ខ្លាំងៗ​ហើយ​ទទូច​ថា​ប្រទេស​អូស្ត្រាលី​នឹង​មិន​អាច​ចាញ់​ការ​បំភ័យ​ពី​ប្រទេស​ចិន​ឡើយ។

លោក​ TURNBULL​ បាន​មាន​ប្រសាសន៍​ថា៖

«ប្រទេស​ចិន​ទំនើប​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ១៩៤៩​ ជា​មួយ​នឹង​ពាក្យ​ថា​ «ប្រជា​ពល​រដ្ឋ​ចិន​បាន​ក្រោក​ឈរ​ឡើង​ហើយ»។ ការណ៍​នេះ​ជា​ការ​អះអាង​ពី​អធិបតេយ្យភាព​ និង​មោទនភាព​របស់​ប្រទេស​ចិន។​ ហើយ​យើង​ក៏​ងើប​ប្រឆាំង​វិញ​ដោយ​និយាយ​ថា​ ប្រជា​ពលរដ្ឋ​អូស្ត្រាលី​ក្រោក​ឈរ​ឡើង»។

ប្រទេស​អូស្ត្រាលី​បាន​អនុម័ត​ច្បាប់​ថ្មី​នានា​ ដើម្បី​ហាម​ឃាត់​វិភាគ​ទានពី​បរទេស​ទៅ​គណបក្ស​នយោបាយ​អូស្ត្រាលី។ អ្នក​ដែល​ជ្រៀត​ជ្រែក​ចូល​ក្នុង​ប្រជា​ធិបតេយ្យ​ប្រទេស​អូស្ត្រាលី​ជំនួស​ឲ្យ​ប្រទេស​ផ្សេង​ទៀត​ក៏​អាច​នឹង​ជាប់​ពន្ធនាគារ​ផង​ដែរ។

ប្រទេស​ចិន​បានឲ្យ​ដឹង​ថា ​ខ្លួន​បាន​ដាក់​ពាក្យតវ៉ា​ជា​ផ្លូវ​ការ​ប្រឆាំង​នឹង​ការ​អះអាងរបស់​ លោក​ Turnbull​ ថា​បរទេស​ជ្រៀត​ជ្រែក​ចូលទៅ​ក្នុង​កិច្ច​ការ​ប្រទេស​អូស្ត្រាលី។

នៅ​ក្នុង​សន្និសិទ​ព័ត៌មាន​មួយ​ដែល​បាន​គ្រោង​ទុក​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ លោក​ Geng Shuang​ បាន​ថ្លែង​ថា​ អត្ថាធិប្បាយ​របស់​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។

លោក​ Geng Shuang ​ បាន​មាន​ប្រសាសន៍​ថា៖

«យើង​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​អត្ថាធិប្បាយ​ដែល​ពាក់​ព័ន្ធ​ពី​មេដឹកនាំ​ប្រទេស​អូស្ត្រាលី។​ អត្ថាធិប្បាយ​ទាំង​នេះ​ ពិត​ប្រាកដ​ណាស់​ គឺ​បាន​មក​ពី​ការ​រាយការណ៍​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​ខ្លះ​ ដែល​គ្មាន​គោល​ការណ៍​ និង​ពោរពេញ​ទៅ​ដោយ​សេច​ក្តី​លម្អៀង​ទៅ​លើ​ប្រទេស​ចិន។​ នេះ​ជា​ការ​បំពុល​បរិយាកាស​ក្នុងទំនាក់​ទំនង​រវាង​ប្រទេស​ចិន​ និង​អូស្ត្រាលី»។​

អ្នក​វិភាគ​នានា​បាន​និយាយ​ថា​ គោល​បំណង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ​ចង់​ឲ្យ​ប្រទេស​អូស្ត្រាលី​ប្រែ​មក​គាំ​ទ្រ​ប្រទេស​ចិន​ច្រើន​ជាង​មុន​ ហើយ​ឃ្លាត​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក។​ ប៉ុន្តែ​ អ្នក​វិភាគ​គិត​ថា​ការ​ប្រើ​ពាក្យខ្លាំងៗ​របស់​នាយក​រដ្ឋមន្ត្រី​ លោក​ Turnbull​ បាន​បង្ហាញ​ថា​រដ្ឋាភិបាល​ក្រុង​ Canberra ​ មាន​ឆន្ទះ​ប្រឆាំង​នឹង​ប្រទេស​ចិន។

ប្រទេស​ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​អូស្ត្រាលី​ ខណៈដែល​ប្រទេស​អូស្ត្រាលី​មាន​ចំណង​ជិតស្និទ្ធ​ផ្នែក​យោធា​ជា​មួយ​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៥០​៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG