ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សកម្មជន​ចោទប្រកាន់​ពួក​យោធា​មីយ៉ាន់ម៉ា​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ


ជនជាតិ​រ៉ូហ៊ីងយ៉ា​ឥស្លាម​ម្នាក់​ដែល​ឆ្លង​កាត់​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​វាយ​ជន​ភៀស​ខ្លួន​ផ្សេង​ទៀត​ នៅ​ពេល​ការ​វាយតប់​គ្នា​ផ្ទុះ​ឡើង​ក្នុង​ពេល​ចែក​ជំនួយ​មួយ​នៅ​ក្បែរ​ជំរំ​ជន​ភៀស​ខ្លួន Balukhali ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
ជនជាតិ​រ៉ូហ៊ីងយ៉ា​ឥស្លាម​ម្នាក់​ដែល​ឆ្លង​កាត់​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​វាយ​ជន​ភៀស​ខ្លួន​ផ្សេង​ទៀត​ នៅ​ពេល​ការ​វាយតប់​គ្នា​ផ្ទុះ​ឡើង​ក្នុង​ពេល​ចែក​ជំនួយ​មួយ​នៅ​ក្បែរ​ជំរំ​ជន​ភៀស​ខ្លួន Balukhali ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch កាល​ពី​ថ្ងៃ​អង្គារ​បាន​ចោទ​ប្រកាន់​ពួក​យោធា​មីយ៉ាន់ម៉ា​ពី «ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ‍» ​នៅពេល​ដែល​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាកាន់​សាសនា​ឥស្លាម​រាប់​សែន​នាក់​រត់​គេច​ចេញ​ពី​អំពើ​ហិង្សា​នៅ​រដ្ឋ Rakhine។

លោក James Rose នាយក​ខាង​ច្បាប់​ និង​គោល​នយោបាយ​នៅ​ឯ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​និយាយថា «ពួក​យោធា​មីយ៉ាន់ម៉ា​បាន​បណ្តេញ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​យ៉ាង​ព្រៃផ្សៃ​ចេញ​ពី​រដ្ឋ Rakhine។ ការ​សម្លាប់​រង្គាល​ពួក​អ្នក​ភូមិ ​និង​ការ​ដុត​ផ្ទះ​ដែល​បណ្តេញ​មនុស្ស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ទាំងអស់​នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាស​នា​ឥស្លាម​ជាង​៤សែននាក់​បាន​រត់គេច​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​ដើម្បី​គេច ចេញ​ពីការ​ធ្វើទុក​បុកម្នេញ​ដោយរដ្ឋាភិបាល​មីយ៉ាន​ម៉ា។​ យោងតាម​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​មនុស្ស​៤ម៉ឺន​៥​ពាន់​នាក់​បាន​រត់​គេច​ខ្លួន​ទៅ​កាន់​បង់ក្លាដែស​ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​នេះ។

អំពើហិង្សា​កាល​ពីពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋ Rakhine នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី២៥ ​ខែ​សីហានៅពេល​ដែល​ក្រុម​បះបោរ​រ៉ូហ៊ីងយ៉ា​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ដ៏​ប្រល័យ​ទៅ​លើ​ប៉ុស្តិ៍​សន្តិសុខ។ មីយ៉ាន់ម៉ា​បាន​ឆ្លើយតប​ដោយ​ប្រើ​កិច្ច​ប្រតិបត្តិ​បោស​សម្អាត​ខាង​យោធា​ដើម្បី​កម្ចាត់ពួកឧទ្ទាម។

​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ​បាន​ចោទ​ប្រកាន់​ពួក​យោធា​មីយ៉ាន់ម៉ា​ពី​ការ​ប្រព្រឹត្ត​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ និង​ជា​ប្រព័ន្ធ​ដោយ​ផ្ទាល់​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម។​ អង្គការ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​បាន​ចង្អុល​បង្ហាញ​ថា ឧក្រិដ្ឋកម្ម​បាន​ធ្វើ​ឡើង​ដោយ​ពួក​យោធា​មីយ៉ាន់ម៉ា​រួម​ទាំង​ការ​និរទេស​ខ្លួន​ហើយ​និង​ការ​បង្ខំ​ឲ្យ​មនុស្ស​ផ្លាស់​ទី​លំនៅ ​សម្លាប់​ និង​ការ​ប៉ុនប៉ង​សម្លាប់ ​ចាប់​រំលោភ​ហើយ​និងរំខាន​យាយី​ខាង​ផ្លូវ​ភេទ៕

XS
SM
MD
LG