ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកទទួល​បាន​ការតែងតាំង​ជា​ចៅក្រម​សង្ឃឹម​នឹង​កែលម្អ​ប្រព័ន្ធ​តុលាការ​កេនយ៉ា


ផ្នែកខាងក្រៅនៃតុលាការរដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស កេនយ៉ា
ផ្នែកខាងក្រៅនៃតុលាការរដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស កេនយ៉ា

ក្នុង​សម័យ​ប្រជុំ​ជា​ប្រវត្តិសាស្រ្ត​មួយ​ក្នុង​សភា​នៃ​ប្រទេស​កេនយ៉ា​បណ្ឌិត ​វីល្លី មូទុងហ្កា (Willy ​Mutunga)​ អ្នក​បាន​ទទួល​ការតែងតាំង​ជា​ប្រធាន​ចៅក្រម​ បាន​សន្យា​ធ្វើការ​ផ្លាស់ប្តូរ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស ​កេនយ៉ា ​ទាក់ទង​នឹង​តុលាការ​ដែល​ល្បីល្បាញ​ខាង​ពុក​រលួយ។

កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សាលាក្រុង​ណៃរ៉ូប៊ី ​បណ្ឌិត ​វីល្លី មូទុងហ្កា​បេក្ខជន​ប្រធាន​ចៅក្រម​ បាន​ធ្វើ​អ្វី​ដែល​មិន​មាន​ចៅក្រម​ជាតិ​ កេនយ៉ា ​ណាម្នាក់​បាន​ធ្វើ​កាលពី​ពេលមុន​មក​គឺ​ការពារ​ជា​សាធារណៈ​នូវ​កិត្តិយស​និង​ការតែង​តាំង​របស់​លោក​ដល់​ឋានៈ​ជា​ចៅក្រម​កេនយ៉ា។

ក្នុង​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ គណៈកម្មការ​ត្រួត​ពិនិត្យ​ការអនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ កេនយ៉ា​ (CIOC)​ ដែល​ដឹកនាំ​ដោយ​សមាជិក​សភា​ អាប់ឌីកាដៀ ម៉ូហាម៉េដ(Abdikadir​ Mohammed) ​បាន​ឈ្លេច​សួរ​លោក​មូទុងហ្កា​ ពី​ប្រវត្តិ​របស់​លោក​ហើយ​ទាមទារ​ចង់ដឹង​ថា​តើ​លោក​មាន​បំណង​ដឹកនាំ​តុលាការ​ដែល​មាន​ជម្លោះ​នៃ​ប្រទេស​ កេនយ៉ា ​ដោយ​របៀប​ណា។

«យើង​កំពុង​ស្វែងរក​មនុស្ស​ណាម្នាក់​ដែល​នឹង​ដឹកនាំ​ការធ្វើ​កំណែ​ទម្រង់​ដ៏​ពិតប្រាកដ​មួយ​នៅក្នុង​តុលាការ។ លោក​មាន​អ្វី​ធានា​អះអាង​នឹង​ផ្តល់​ឲ្យ​គណៈ​កម្មការ​ថា​ស្ថាប័ន​នោះ​ដែល​កំពុង​ត្រូវការ​ការធ្វើកំណែ​ទម្រង់​យ៉ាង​ខ្លាំង​ថា​យើង​នឹងមាន​អ្នកដឹក​នាំ​ពិត​ប្រាកដ​មួយ»។

សំណួរ​ជា​ច្រើន​ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ប្រវត្តិ​និង​ជំនឿ​របស់​លោក មូទុងហ្កា​ហើយ​សមាជិក​សភា​ជាច្រើន​ចង់ដឹង​ពិតប្រាកដ​ថា​តើ​លោក​នឹង​ដោះស្រាយ​បញ្ហាពិបាក​ជាច្រើន​របស់​កេនយ៉ា​ដោយ​របៀប​ណា។ លោក​ មូទុងហ្កា​ បញ្ចៀស​សំណួរ​បែបនេះ​ដោយ​ជជែក​ឲ្យ​ហេតុផល​ថា​លោក​មិន​អាច​អារ​កាត់​ជា​មុន​ក្នុង​ករណី​បែបនេះ​ទេ។​ ប៉ុន្តែ​មេធាវី ​កេនយ៉ា ​រូបនេះ​បាន​សម្តែង​នូវ​ការ​ជឿ​ជាក់​របស់​លោក​ថា​វា​ជា​ការទទួល​ខុសត្រូវ​របស់​ប្រជាពលរដ្ឋ​ កេនយ៉ា​ ដើម្បី​ចូល​រួម​ការធ្វើ​កំណែ​ទម្រង់​ដ៏​សំខាន់​នេះ​ ពេល​ដែល​សួរ​ថា​តើ​លោក​នឹង​លើក​ដម្កើង​សិទ្ធិ​ស្រ្តី​យ៉ាង​ដូចម្តេច​លោក​និយាយ​ថា៖

«ខ្ញុំ​មិន​អាច​សន្យា​អ្វី​ចំពោះ​ស្រ្តី​ទេ​ ពីព្រោះ​ខ្ញុំ​គិត​ថា​ស្រ្តី​និង​ប្រជាពលរដ្ឋ​កេនយ៉ាទាំងអស់​ដែល​តាម​ការណ៍ពិត​ត្រូវ​ចូលរួម​ធ្វើ​ឲ្យមាន​រដ្ឋធម្មនុញ្ញ​ឡើង​វិញ។ សុភាសិត​ Kambas ​និយាយ​ថា​ប្រសិនបើ​អ្នក​ចូល​ពិធី​ចូល​សាសន៍​ អ្នក​ត្រូវ​តែ​ទុក​ខ្លួន​ចំហ​ទទេ។ ប្រជាពលរដ្ឋ​ កេនយ៉ា ​គួរ​តែទុក​ខ្លួន​ពួកយើង​ឲ្យ​នៅ​ចំហ​ទទេ»។

ការបង្ហាញខ្លួន​របស់​លោក​ មូទុងហ្កា​ នៅ​ពីមុខ​គណៈកម្មាធិការ​ (CIOC) ​គឺ​ជាលទ្ធផល​ជម្លោះ​ជូរចត់​ខាង​នយោបាយ​អស់​រយៈពេល​ជាច្រើន​ខែ​លើ​ដំណើរការ​នៃ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ។ នៅចុង​ខែ​មករា​ ប្រធានាធិបតី​ អ៊ឹមវ៉ាយ គីបាគី (Mwai​ Kibaki) ​បាន​ធ្វើ​ការតែងតាំង​តុលាការ​ជា​ឯកតោ​ភាគី​ជាច្រើន​លើក​រួមមាន​ប្រធាន​ចៅ​ក្រម​ផង។ ចំណាត់ការ​នេះ​ បាន​ទទួល​ការរិះគន់​យ៉ាង​ដំណំ​ភ្លាម​ៗពី​លោក រ៉ាយឡា អូឌីងហ្កា ​(Raila ​Odinga)​ នាយក​រដ្ឋមន្រ្តី​ដែល​ច្បាប់​នៃ​ប្រទេស​ កេនយ៉ា ​តម្រូវ​ឲ្យមាន​ការអនុ​ម័ត​របស់​លោក។ បន្ទាប់ពី​ពិចារណា​ដោយ​ប្រធានសភា ​កេនយ៉ា ​ការតែងតាំង​នោះ​បាន​ត្រូវ​ទុកជា​មោឃៈ​ហើយ​បាន​ស្ថិតនៅក្នុង​កណ្តាប់ដៃ​របស់​គណៈកម្មាធិការ​សេវាកម្ម​សភា​ កេនយ៉ា​ដែល​បាន​ជ្រើសរើស​លោក​ មូទុងហ្កា ​ហើយ​នឹង​បេក្ខជន​ផ្សេង​ៗទៀត​សម្រាប់​ការិយាល័យ​កំពូល​តុលាការ​នេះ។

ផ្ទុយគ្នា​ស្រឡះ​ទៅនឹង​ការតែងតាំង​កាលពី​មុន​ដំបូង​របស់​លោក​ គីបាគី ​លោកមូទុងហ្កា​ បាន​ទទួល​ការសរសើ​យ៉ាងខ្លាំង​ពី​ក្រុម​អ្នកច្បាប់​និង​អង្គការ​សង្គម​ស៊ីវិល​កេនយ៉ា។ ​ក៏ប៉ុន្តែ ​ការតែងតាំង​ក៏បាន​ធ្វើ​ឲ្យមាន​ភាពចម្រូង​ចម្រាស​ផង​ដែរ។ លោក ​មូទុងហ្កា ​បាន​ទទួល​រងនូវ​ការរិះគន់​ពី​ក្រុម​សមាជិក​សភា​បុរាណ​ជាច្រើន​របស់ ​កេនយ៉ា​ ចំពោះ​ការពាក់​ក្រវិល​ហើយនឹង​ក្រុម​ព្រះវិហារ​គ្រឹស្ត​សាសនា​អះអាង​ថា​លោក​គាំទ្រ​ការពន្លូត​កូន​ហើយនឹង​ការរៀប​ការ​ភេទដូចគ្នា។

ទោះបី​មាន​ការរិះគន់​បែបនេះ​ក៏ដោយ​ លោក​ មូទុងហ្កា ​បាន​ប្រាប់​គណៈកម្មការ​ថា​លោក​សង្ឃឹម​ថា​លោក​អាច​ប្រើប្រាស់​មុខនាទី​ចៅក្រម​របស់​លោក​ដើម្បី​ស្តារ​ទំនុកចិត្ត​ដែល​រង​ការខូចខាត​រវាង​ពួក​តុលាការ​ពុករលួយ​និង​ប្រជា ពលរដ្ឋ ​កេនយ៉ា ។

«ខ្ញុំ ​ចង់​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​វិស័យ​សាធារណៈ​ដើម្បី​ឲ្យជនជាតិ​ កេនយ៉ា ​មាន​ការទុកចិត្ត។ ហើយនឹង​ធ្វើ​ឲ្យប្រាកដ​ថា​ប្រព័ន្ធ​តុលា​ការ​នេះ​សម្រាប់​ពលរដ្ឋ ​កេនយ៉ា​ ទាំងអស់»។

គណៈកម្មការ ​(CIOC)​ ក៏​បាន​តែងតាំង​លោក​ កេរីយ៉ាកូ តូប៊ីកូ (Keriako Tobiko)​ ជា​នាយក​រដ្ឋអាជ្ញា​សាធារណៈ​ហើយ​លោកស្រី​ណាន់ស៊ី បារ៉ាហ្សា (Nancy ​Baraza) ​ជា​អនុប្រធាន​តុលាការ។

ប្រសិនបើ​ បាន​ទទួល​ការអនុម័ត​ បេក្ខជន​ទាំងបី​ នឹង​ត្រូវ​បញ្ជូន​ឈ្មោះ​ទៅ​សភាដើម្បី​បាន​ទទួល​ការអនុម័ត​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ។

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG