ភ្នំពេញ៖ អ្នកឃ្លាំមើលព័ត៌មានឯករាជ្យនៅថ្ងៃពុធនេះសម្តែងការព្រួយបារម្ភថា ការជួបប្រជុំលក្ខណៈបិទទ្វាររវាងតំណាងមន្ត្រីរដ្ឋាភិបាលជាមួយតំណាងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកផ្នែកខេមរភាសាថា ជាការបំភិតបំភ័យនិងជាការគំរាមកំហែងមួយដល់ប្រព័ន្ឋផ្សព្វផ្សាយរបស់វិទ្យុទាំងពីរដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក។
មន្ត្រីតំណាងរដ្ឋាភិបាលពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស យុត្តិធម៌ និងក្រសួងព័ត៌មាន តំណាងស្ថានទូតសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី វីអូអេសំឡេងសហរដ្ឋអាមេរិក និងតំណាងក្លឹបអ្នកកាសែតកម្ពុជា បានបើកកិច្ចប្រជុំមួយនៅទីស្តីការគណៈរដ្ឋមន្ត្រីជាលក្ខណៈបិទទ្វារមិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានចូលរួមឡើយ។
ខ្លឺមសារនៃកិច្ចប្រជុំមិនត្រូវបានទម្លាយឲ្យដឹងជាសារធារណៈទេ ប៉ុន្តែយោងតាមលិខិតអញ្ជើញរបស់ក្រសួងព័ត៌មានតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានរៀបរាប់ថា ការបើកកិច្ចប្រជុំនេះជាការបង្ហាញកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយប្រព័ន្ឋផ្សាយបរទេស និងបេសកម្មរបស់វិទ្យុបរទេសផ្សាយជាខេមរៈភាសានៅក្នុងប្រទេសកម្ពុជា។
លោក សន ម៉ាកឃីនថត អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលបានចូលរួមក្នុងកិច្ចប្រជុំនោះបានប្រាប់តាមរយៈសារអេឡិកត្រូនិកថាដោយសារកិច្ចប្រជុំមានលក្ខណៈបិទទ្វារ លោកមិនអាចបញ្ចេញខ្លឹមសារនៃកិច្ចប្រជុំនេះបានទេ ប៉ុន្តែជំហររបស់សហរដ្ឋអាមេរិកគាំទ្រសេរីភាពបញ្ចេញមតិ និងសិទ្ឋិទទួលព័ត៌មានតាមរយៈប្រព័ន្ឋផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិក។
លោក ប៉ាង ងួនទៀង នាយកប្រតិបត្តិនៃមជ្ឃមណ្ឌលកម្ពុជាសម្រាប់ការផ្សព្វផ្សាយព័ត៌មានឯករាជ្យបាននិយាយថា ការជួបប្រជុំគ្នានេះវាជាសញ្ញាមិនល្អ និងជាការគំរាមកំហែងសម្រាប់ដំណើរការនៃវិទ្យុទាំងពីរ។ លោកបាននិយាយថា ប្រជាពលរដ្ឋមានចំណូលចិត្តស្ដាប់វិទ្យុអាស៊ីសេរី និងវីអូអេ ក៏ប៉ុន្តែរដ្ឋាភិបាលយល់ថាវិទ្យុទាំងពីរមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ។
«ខ្ញុំមិនទាន់ដឹងថាជាការពិភាក្សាយ៉ាងម៉េច ប៉ុន្តែខ្ញុំថា វាជាការសញ្ញាមិនល្អមួយសម្លាប់អ្នកប្រកបវិជ្ជាជីវៈសាព័ត៌មានក្នុងប្រទេសទាំងពីរ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យថ្លែងថា នេះជាយុទ្ឋសាស្ត្រមួយរបស់រដ្ឋាភិបាលដើម្បីរាំងខ្ទប់វិទ្យុទាំងពីរមិនឲ្យបន្តរិះគន់រដ្ឋាភិបាល។ លោកបានសួរថាតើជំហររបស់វិទ្យុទាំងពីរបែបណាក្រោយពីមានកិច្ចប្រជុំនោះរួចមក។
«តើយើងត្រូវប្រកាន់ឬក៏ចេះតែមានការទោទន់ទៅតាមការគាបសង្កត់ហ្នឹងឬក៏យ៉ាងម៉េច?»។
លោកយឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអះអាងថា ទាំងវិទ្យុអាស៊ីសេរីនិងវីអូអេមានក្រមវិជ្ជាជីវល្អប្រសើរហើយយើងមិនគួរមានការកោះប្រជុំឬក៏ធ្វើការគាបសង្កត់វិទ្យុទាំងពីរនេះទេ។
«នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រព័ន្ឋផ្សព្វផ្សាយគឺជាអំណាចទី៤។ ដូច្នេះ បានប្រព័ន្ឋផ្សព្វផ្សាយហ្នឹងហើយដែលជួយតំរែតំរង់ទិស ផ្តល់កញ្ចក់ឆ្លុះចំណុចខ្វះខាតរបស់អ្នកដឹកនាំនយោបាយដើម្បីធ្វើការកែតម្រូវ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំនេះគ្រាន់តែស្វែងរកដំណោះស្រាយមួយដើម្បីជួយគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលនិងការពង្រឹងវិជ្ជាជីវៈព័ត៌មានតែប៉ុណ្ណោះ។
«យើងក៏មានការផ្តល់គំនិតមួយទៀតក្នុងការចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរហើយសុំឲ្យយកចិត្តទុកដាក់ខ្ពស់ពីវប្បធម៌ និងច្បាប់របស់កម្ពុជា»។
លោកគ្រីស ឌិឃើត ប្រធានវីអូអេផ្នែកខេមរភាសាមានប្រសាសន៍ថា វីអូអេនៅតែបន្តផ្តល់ព័ត៌មានពិតមិនលម្អៀងដល់ប្រជាពលរដ្ឋកម្ពុជា។
«វីអូអេផ្នែកខេមរភាសានឹងនៅតែបន្តផ្សាយ និងរាយការណ៍ព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងមិនលម្អៀងដដែល គឺដូចអ្វីដែលយើងបានធ្វើជាងប្រាំទសវត្សរ៍មកនេះ ដោយផ្តល់ព័ត៌មានជាភាសាខ្មែរទាន់ហេតុការណ៍ ត្រឹមត្រូវ និងមានទស្សនៈយោបល់ជាច្រើនអំពីពិភពលោក សហរដ្ឋអាមេរិក អាស៊ី និងកម្ពុជាជារៀងរាល់ថ្ងៃទៅដល់ប្រជាពលរដ្ឋ១៥លាននាក់នៅកម្ពុជា។ គឺពលរដ្ឋទាំងនោះហើយជាអ្នកស្តាប់របស់យើងហើយពួកគេសមនឹងទទួលបានព័ត៌មានប្រកបដោយគុណភាពដែលពួកគេអាចជឿទុកចិត្តបាន»។