ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទស្សនៈ​អ្នក​ផ្សាយ​និង​អ្នក​ស្តាប់​ចំពោះ​ខួប​ទី៥៥​នៃ​ការ​ផ្សាយ​របស់​វិអូអេ​ផ្នែក​ខេមរភាសា

  • អ៊ឹម សុធារិទ្ធ

បុគ្គលិក​វីអូអេ​ខ្មែរ​ចូល​និវត្តន៍ អ្នក​ស្រី​អាង ខេន ចូល​រួម​នៅ​ក្នុង​កម្មវិធី 'Hello VOA' កាល​ពី​ថ្ងៃ​ចន្ទ។

បន្ទាប់​ពី​ដំណើរការអស់រយៈពេល៥៥​ឆ្នាំមក​ ​វិទ្យុ​សម្លេងសហរដ្ឋអាមេរិក​ផ្នែកខេមរ​ភាសា​នៅតែជាប្រភពព័ត៌មាននាំ​មុខ​គេ​ និងគួរឲ្យទុកចិត្តបំផុតពី​សំណាក់អ្នក​ស្តាប់កម្ពុជា ។

វីអូអេ​សម្លេងសហរដ្ឋ​អាមេរិក ផ្នែកខេមរភាសា បានចាប់ផ្តើមការផ្សាយ​របស់​ខ្លួននៅថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​១៩៥៥ ដែលរហូតមកដល់ពេលនេះ នៅតែ​ដើរតួ​នាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន​ដល់អ្នកស្តាប់ទាំងក្នុង​ និងក្រៅប្រទេស។

អ្នកស្រី​អាង ខេន ត្រូវបានជ្រើសឲ្យមកធ្វើ​ការនៅវីអូអេសម្លេងសហរដ្ឋ​អាមេរិក​ នារដ្ឋធានីវ៉ាស៊ីង​តោន​ក្នុងឆ្នាំ​១៩៦២ ដោយឆ្លងកាត់ការប្រឡង​ ដែល​ត្រូវ​បានរៀបចំ​ឡើងនៅស្ថានទូតសហរដ្ឋ​អាមេរិកនៅរាជ​ធានីភ្នំពេញ។ ​អ្នកស្រី​អាង ខេន ​បានក្លាយជាអ្នកផ្សាយព័ត៌មាន​វីអូអេសម្លេងសហរដ្ឋអាមេរិក​ នៅ​ពេលលោក​ស្រី​មានអាយុ២១​ឆ្នាំ។ អ្នកស្រីអាង ខេន​ មានប្រសាសន៍ថា​ អ្នកស្រីមាន​មោទនភាពដែលមានឱកាសនាំយក​ព័ត៌មានថ្មីៗក្នុងពិភពលោក​ ក្នុងតំបន់​ និងពី​ប្រទេសកម្ពុជា អស់រយៈពេល៤៥ឆ្នាំ​ ​ជូន​ប្រជា​ពល​រដ្ឋកម្ពុជា។ អ្នក​ស្រីថ្លែងដូច្នេះ​ថា៖

«ខ្ញុំ​ដែលបានចូលមកធ្វើការនៅក្នុងវិទ្យុ​សម្លេងសហរដ្ឋ​អាមេរិកនេះ គឺខ្ញុំ​មានមោទនភាពណាស់​ នៅក្នុ​ង​ការនាំយកព័ត៌មានជូនប្រជា​ពល​រដ្ឋខ្មែរឲ្យបាន​ជ្រាប ជាពិសេសគឺនៅ​ក្នុងពេលដែលមានសង្គ្រាម​តែម្តងចា៎។ ប្រជាពលរដ្ឋខ្មែរ​យើងបានស្តាប់បានតាមដាន ដំណើររឿងសង្គ្រាម​ ហើយចង់ដឹងថា តើមានហេតុ​ការណ៍អ្វីកើតឡើងនៅក្នុងនៅក្នុងពិភព​លោកយើងនេះ។ ដូច្នេះ សូមអស់លោក​ជ្រាបថា ខ្ញុំមិនដែលដកចិត្តខ្ញុំពីការផ្សាយវីអូអេទេ​។ ខ្ញុំចូលវិវត្តន៍សព្វថ្ងៃនេះពី​ព្រោះ​ធ្វើការយូរហើយ តែចិត្តខ្ញុំនៅតែមានមោទនភាព​ និងនឹក​គិតដល់ព័ត៌មាន ដែល​ខ្ញុំធ្លាប់បានផ្តល់ជូនប្រជាពល​រដ្ឋខ្មែរទាំង​អស់គ្នាចា៎»។

លោក​ ទេស សារឿម ចាប់ផ្តើមធ្វើ​ការនៅវិទ្យុ​សម្លេងសហរដ្ឋអាមេរិកក្នុង​ឆ្នាំ​១៩៦៣ តាមរយៈ​កម្មវិធីប្តូរវប្បធម៌ ដោយមានការប្រឡងត្រូវ​បា​នរៀបចំឡើង​នៅក្នុងស្ថាន​ទូតសហរដ្ឋអាមេរិកនៅ​រាជ​ធានីភ្នំពេញដែរ។ លោក​ ទេស​ សារឿម ដែលក្រោយមកក្លាយជាអ្នកកែសម្រួល​នៃវីអូអេសម្លេងសហរដ្ឋអាមេរិកផ្នែក​ខេមរភាសា មុនពេលលោកចូលនិវត្តន៍ក្នុងឆ្នាំ​២០០៤ ​មានប្រសាសន៍ថា គោល​បំណងធំរបស់វីអូអេគឺផ្តល់ព័ត៌មានដល់បណ្តាប្រទេសតតីយលោក​អំពីគោល​នយោបាយក្រៅប្រទេសសហរដ្ឋអាមេរិក សេរីភាព និងការ​អភិវឌ្ឍ។ លោក​សារឿម​ មានប្រសាសន៍ថា៖

«គោលដៅនៃវិទ្យុ​សម្លេងសហរដ្ឋ​អាមេរិក គឺ​ជាគោលដៅរបស់រដ្ឋាភិបាល​នៃសហរដ្ឋ​អាមេរិក​ទាំងមូល ដើម្បីឲ្យប្រជាជនទូទៅនៅក្នុងពិភពលោកបាន​យល់ដឹងអំពី​នយោបាយក្រៅប្រទេស​ និងក្នុងប្រទេសរបស់សហរដ្ឋ​អាមេរិក គឺ​ថា នយោបាយសហរដ្ឋអាមេរិកគ្មានគោលបំណងចង់​បានដែន​ដី​ ឬ​ទឹក​ដី​ ឬដែន​អំណាចណាមួយក្រៅពី​ជួយប្រទេសក្រី​ក្រឲ្យមានការ​អភិវឌ្ឍឡើងទេបាទ»។

លោក​ សារឿម បន្តថា រហូតមកទល់ពេលនេះ លោកសង្កេតឃើញ​ថា វិទ្យុ​សម្លេងសហរដ្ឋ​អាមេរិក​ផ្សាយ​ព័ត៌មានស្តី​អំពី​គោល​នយោបាយរបស់សហរដ្ឋ​អាមេរិកដល់ប្រជាពល​រដ្ឋខ្មែរឲ្យបានយល់ដឹង ថាតើសហរដ្ឋ​អាមេរិកមានគោល​នយោបាយទាក់ទងនឹងប្រទេសកម្ពុជាយ៉ាងណា។ តាម​រយៈ​វិទ្យុ​សម្លេងសហរដ្ឋ​អាមេរិកនេះ​ផងដែរ​ ប្រជាពល​រដ្ឋ​កម្ពុជាបានយល់ដឹងអំពីសិទ្ធិរបស់ខ្លួន អំពី​របៀបគ្រប់គ្រងនៃប្រទេសនិមួយៗ និងការអភិវឌ្ឍ។ ដូចលោកស្រី​ អាង ខេន ដែរ ​លោក​ ទេស​ សារឿម​ មានប្រសាសន៍ថា លោកមានមោទនភាពដែលបាន​បម្រើការនៅវីអូអេ​សម្លេងសហរដ្ឋ​អាមេរិក ដែលជា​ទី​កន្លែងមួយមិន​ត្រឹមតែផ្តល់​ឱកាស​ដល់​លោកក្នុងការ​នាំអ្វីដែលបានកើតឡើងក្នុងពិភពខាង​ក្រៅ និង​ព័ត៌មានក្នុងប្រទេសដែលប្រព័ន្ធ​ផ្សព្វ​ផ្សាយក្នុងស្រុកមិនអាចផ្សាយបាន​ ​ដល់​ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ​ទេ តែថែមទាំងជាកន្លែងដែលផ្តល់ឱកាសដល់លោក​បានសិក្សាបន្ថែម ដើម្បីអភិវឌ្ឍខ្លួនឯង និងជួយជាហិរញ្ញវត្ថុដល់​គ្រួសារ​របស់​លោកទៀត​ផង។ លោក​ សារឿម​ ថ្លែង​ដូច្នេះ​ថា៖

«ការ​ដែល​បាន​ទទួល​ឱកាស​មក​ធ្វើ​ការ​នៅ​ក្នុង​វិទ្យុសម្លេង​សហរដ្ឋ​អាមេរិក​នេះ គឺ​ជា​ឱកាស​មួយ​ដ៏​ប្រសើរ ព្រោះ​ថាអ្នក​ដែល​បាន​មក​ធ្វើ​ការ​នៅ​ក្នុង​ទី​នេះ គឺថា​មិន​មែន​គ្រាន់​តែធ្វើ​ការ​ដើម្បី​ជា​ប្រយោជន៍​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​ដើម្បី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ ​តែ​អាច​ទទួលបាន​ការ​យល់​ដឹង​ព្រោះ​មាន​កន្លែង​ដែលយើង​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវជា​ច្រើន​ដូច​ជា​ក្នុង​វិស័យ​សេដ្ឋកិច្ច នយោបាយ វិទ្យាសាស្ត្រ ឬ​អវកាស​ជា​ដើម។ល។ ដូច្នេះ​យើង​មាន​ឱកាស​ល្អ​ណាស់​បើយើង​ខំសង្វាត​សំភី ដើម្បី​ចំណេះដឹង​ យើង​អាច​ធ្វើ​ការ​ស្រាវ​ជ្រាវ​តទៅ​ទៀត និង​រៀន​បន្តទៅ​មុខ​ទៀត​ឲ្យ​បាន​ជ្រៅ​ជ្រះ​»។

វីអូអេសម្លេងសហរដ្ឋអាមេរិកផ្នែកខេមរភាសា ដែលបានបម្រើប្រជា​ពលរដ្ឋអស់រយៈ​ពេល៥៥ឆ្នាំមកហើយនោះ​ ត្រូវ​បានប្រជាពលរដ្ឋកម្ពុជាភាគច្រើនចាត់ទុកថា ជា​ប្រភពព័ត៌មាន​ដ៏សុក្រឹត្យ និងគួរឲ្យទុកចិត្តបំផុត។ ជា​អាទិ៍ លោក​ អ៊ុន ប៊ុនហ៊ាង ដែលត្រូវ​បានស្គាល់ថា​ជា​វិចិត្រករ​គំនូត្លុក​ឈ្មោះថាសកវាទិ៍ ដ៏​ល្បី​ ដែលកំពុងរស់​នៅក្នុងប្រទេស​អូស្រ្តាលីមាន​ប្រសាសន៍ថា លោកតាមដានស្តាប់វីអូអេ តាំងពីឆ្នាំ១៩៦៨មកម្លេះ ហើយនៅតែទទួលស្គាល់​ថា វីអូអេ មានតួនាទីនាំមុខក្នុងការនាំ​ព័ត៌មានដ៏សុក្រិត្យដល់ប្រជាពលរដ្ឋកម្ពុជា និងរូប​លោក​។​ លោកប៊ុនហ៊ាងមានប្រសាសន៍ថា៖

«មកដល់ឥឡូវ​ហ្នឹង​ ខ្ញុំនៅតែស្តាប់វិទ្យុសម្លេងសហរដ្ឋអាមេរិក​ ដោយខ្ញុំយល់ថា សម្លេង​នេះ​នៅតែជាសម្លេងវិទ្យុ​មួយ ដែលសុក្រិត្យបំផុតហើយ និយាយមែនទែនទៅ គឺមិនលំអៀង ហើយព័ត៌មានល្អ ជា​ពិសេស​ពត៌មានអន្តរជាតិ ហើយពត៌មានស្រុកខ្មែរ ដែលមានអ្នក​យក​ពត៌មានយើង ដែលខ្ញុំស្តាប់ទៅគឺធ្វើឲ្យខ្ញុំស្រឡាញ់ និងកោតសរសើរ គឺក្រុមអ្នកទាំង​អស់ហ្នឹង​បានផ្តល់ព័ត៌មានដ៏សុក្រិត្យបំផុតហើយបាទ។ វីអូអេ ធ្វើឲ្យខ្ញុំចាប់ចិត្តតាំងពី​ឆ្នាំ ១៩៦៨មក»។

លោក ​អ៊ុន ប៊ុន​ហ៊ាង​ បានរំលឹក​ថា សំខាន់បំផុតគឺកាលពីជំនាន់ខ្មែរ​ក្រហម​ នៅពេល​នោះលោកនៅស្រុកពារាំង​ ខេត្ត​ព្រៃវែង ។ លោកមានប្រសាសន៍ថា ​ពេល​នោះ​ លោកមាន​សង្ឃឹមក្នុងជីវិតដោយបានស្តាប់ព័ត៌មានដែលផ្សាយដោយវីអូអេសម្លេង​សហរដ្ឋ​អាមេរិក។ លោកបន្ត​ថា៖

«ខ្ញុំសប្បាយចិត្តណាស់រាល់យប់​ ខ្ញុំស្តាប់វិទ្យុហ្នឹង​ ដោយ​គ្របភួយពីលើដើម្បីស្តាប់វិទ្យុ​ហ្នឹងបាទ។ ពេលខ្ញុំស្តាប់វិទ្យុសម្លេងសហរដ្ឋ​អាមេរិក​ ខ្ញុំដូច​ជាមានសេចក្តីសង្ឃឹម ដក់ក្នុងទឹក​ចិត្តរបស់ខ្ញុំ គឺធ្វើឲ្យខ្ញុំមានការតស៊ូ​ក្នុងឆាកជីវិត ។ ពេលនោះយើងពិបាកណាស់ ប៉ុន្តែដំណឹង​ដែលយើងដឹងពីខាងក្រៅមក គឺធ្វើឲ្យខ្ញុំមានការសប្បាយចិត្តច្រើន។ ដំណឹងហ្នឹងដូច​ជាកាលពី​ខ្មែរក្រហមចាប់​ កប៉ាល់ធំអាមេរិកាំង ឈ្មោះនាវា ម៉ាយ៉ា​ហ្គេហ្ស (Mayaquez) និងដំណឹងដូច​ជាមានយន្តហោះអាថ៌កំបាំងមួយទម្លាក់គ្រាប់​បែកនៅសៀមរាប ពេលដែលខ្មែរក្រហមទើ​បតែ​ឈ្នះថ្មីៗ។ ពេល​មួយទៀតដែលធ្វើឲ្យខ្ញុំសប្បាយចិត្តគឺ​ពេលយើងត្រឡប់មកពី​ធ្វើកិច្ច​ការដែល​លំបាកក្នុងរបបខ្មែរក្រហម​ គឺ​ពេល​យប់​នោះ​ ខ្ញុំ​ស្តាប់​វិទ្យុ គឺ​គេ​និយាយ​អំពី​កីឡាអូឡាំពិក​នៅ​ម៉ុងត្រេអាល់ នៅ​ប្រទេស​កាណាដា ឆ្នាំ ១៩៧៦។ ពេល​ឮខ្ញុំ​សប្បាយ​ណាស់​យប់​នោះ គេង​រហូតដល់​យល់សប្តិ។ ស្តាប់​ទៅ​ដូចសប្បាយ​ណាស់​នូវ​ការ​ជូប​ជុំ​របស់​កីឡា​ករ​ទាំង​អស់​ពី​ជុំ​វិញ​ពិភពលោក។ តែ​អកុសល​រាស្រ្ត​ខ្មែរ​ពេល​នោះ​ធ្លាក់​ក្នុង​រណ្តៅ​នរក​ ប៉ុន្តែ​ពេល​ដែល​បាន​ស្តាប់​វិទ្យុសម្លេង​សហរដ្ឋ​អាមេរិក ធ្វើ​ឲ្យ​ទឹក​ចិត្ត​ខ្ញុំ​សប្បាយណាស់​ រហូត​ដល់​យល់​សប្តិ តែ​ពេល​ភ្ញាក់​ឡើងទើប​ដឹង​ថា យើង​មិន​មែន​ស្ថិត​នៅ​ក្នុង​ស្រុក​សេរី​ទេ គឺ​ស្ថិត​ក្នុង​ស្រុក​កុម្មុយនីស្ត»។

ដូចគ្នា​នេះ​ដែរ អ្នក​ស្រី​ សង បុប្ផា ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់​ដំបង មាន​ប្រសាសន៍​ថា អ្នក​ស្រី​ស្តាប់វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​តាំង​ពី​អ្នក​ស្រី​នៅ​តូច ដោយ​សារ​តែវិទ្យុ​នេះ​ជា​ប្រភព​ព័ត៌មាន​ពិត។ អ្នកស្រី​មានប្រសាសន៍ថា៖

«ឥឡូវ​នេះ​គេ​ហៅ​ភាសា​វីអូអេ តែ​ពី​មុន​គេ​ហៅ​ប៉ុស្តិ៍អាមេរិកាំង។ ខ្ញុំ​ចូល​ចិត្ត​ស្តាប់​តាំង​ពី​ដើម ដោយ​សារ​វីអូអេ​សំខាន់​ណាស់​នៅ​ក្នុង​សង្គម។ ខ្ញុំ​ស្តាប់​ជា​មួយ​លោក​ប៉ា​ខ្ញុំ​ដែល​ជា​ទាហាន ហើយ​ខ្ញុំ​ដឹង​ថា វាផ្តល់​ការ​ពិត​សម្រាប់​គាត់។​ ហើយ​វីអូ​អេ​ផ្សាយ​ទាំង​ពីក្នុង​សង្គម និង​ពិភព​លោក​ដល់​អ្នក​ស្តាប់ដូច​ជា​រូប​ខ្ញុំ​នេះ​ដែរ»​។

លោក ​ឆិត​ សារុំ​ អាយុ​ ៥០ឆ្នាំ ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង​ គឺ​ជា​អ្នក​តាម​ដាន​ស្តាប់​វីអូអេ​សម្លេង​សហរដ្ឋអាមេរិក​តាំង​ពី​ឆ្នាំ​១៩៧០ មាន​ប្រសាសន៍​ថា លោកទទួល​បាន​ព័ត៌មាន​ភាគច្រើន​ពី​វីអូអេសម្លេង​សហរដ្ឋអាមេរិក​ ពីព្រោះ​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុកមិនមាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​រសើប និង​ព័ត៌មាន​ដែល​មាន​លក្ខណៈរិះគន់ស្ថាបនា​បាន​ទេ ។ លោក​ សារំ​ មាន​ប្រសាសន៍​ថា៖

«ខ្ញុំស្តាប់​តាំង​ពី​ឆ្នាំ ១៩៧០ តាំង​ពី​រដ្ឋប្រហារ​សម្តេចសីហនុ តាំង​ពី​ខ្ញុំ​នៅ​តូចៗ អាយុ​៧-៨​ឆ្នាំម្ល៉េះ ហើយ​រហូត​ដល់​ឥឡូវ​នេះ​នៅ​តែ​មាន​ចំណូលចិត្ត​ស្តាប់​ដោយសារ វិទ្យុ​ហ្នឹង​និយាយ​ការ​ពិត មិន​និយាយ​លំអៀង​ទៅ​ខាង​នេះ ទៅ​ខាង​នោះ។ ខ្ញុំ​មិន​អាច​ដឹង​ពី​ម្ខាង​ទៀត​បាន​ទេ ពីព្រោះ​គេ​និយាយ​តែ​សសើរ គេ​មិន​ដែល​និយាយ​បង្អាប់។ អញ្ចឹង​យើង​មិន​ដឹង​ថា​គេ​ខុស​អី​ទេ តែ​វីអូអេ​និយាយ​ទាំង​អស់​ គេធ្វើ​ល្អ​ក៏​និយាយ​ គេធ្វើ​អាក្រក់​ក៏​និយាយ។ សម្រាប់​ខ្ញុំ​ៗមិន​អាច​ទៅ​ធ្វើ​អី​បាន​ក្នុង​សង្គម​ទេ គ្រាន់​តែ​ជា​ការ​យល់​ដឹង​របស់​ខ្ញុំ​តាម​ព័ត៌មាន​ហ្នឹង ហើយ​អាច​ថ្លឹង​ថ្លែង​បាន​អ្នក​នេះ​ល្អ អ្នក​នេះ​អាក្រក់​តាម​ហ្នឹង»។

លោក​បន្ត​ថា ​លើស​នេះ​ វីអូអេ​គឺ​ជា​ប្រភព​នៃ​អប់រំ​ក្រៅ​ប្រព័ន្ធ​មួយដល់​អ្នក​ស្តាប់​ ដែល​ចំណេះ​ដឹង​របស់​គាត់​នៅ​មាន​កំណត់។ លោក​ សារុំ​ ថ្លែង​ដូច្នេះ​ថា៖

«វាជា​ការ​ល្អ​ដែល​វីអូអេ​បាន​ព័ត៌មានផ្តល់ឲ្យ ដូច​ជា​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដែល​ទាក់​ទង​គ្នា​ក៏​ជា​រឿង​មួយ ហើយ​កម្មវិធី​អប់​រំ​សុខភាព​ក៏​ជារឿង​មួយ​ល្អ ​សម្រាប់​ប្រជា​ជន​កម្ពុជា​ដែរ ដែល​គ្នាមិន​សូវ​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ ដោយសារតែ​មាន​សង្គ្រាម​ច្រើន​ឆ្នាំ​ពេក​ទៅ​ គ្នា​មិន​បាន​រៀន​សូត្រ។ ដូច្នេះ​ព័ត៌មានរបស់​វីអូអេ ដូចជា​ជំងឺ​ថ្លើម ជំងឺ​អេដស៍ ឆ្លង​តាម​របៀប​ណានៅ​ក្នុង​នាទី​សុខភាព ហើយ​នាទី​យល់​ដឹង​អំពី​ច្បាប់​ ​អាច​ជ្រាប​ចូល​បន្តិច​ម្តងៗ​ក្នុង​ខួរក្បាល ប្រជា​ជន​កម្ពុជា​ដែល​ចូល​ចិត្ត​ស្តាប់​វីអូអេ។

ឆ្លើយ​តបទៅ​នឹង​ការ​ថ្លែង​ខាង​លើ​ លោក​ ជាម យាប តំណាងរាស្រ្ត​នៃ​គណបក្ស​ប្រជាជនកម្ពុជាទទួល​ស្គាល់​អំពី​តួនាដ៏​សំខាន់​របស់​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ផ្សព្វ​ផ្សាយ​ច្បាប់​ និង​ការ​អនុវត្ត​ច្បាប់​ដល់​ប្រជា​ពលរដ្ឋ។ លោក ​ជាម​ យាប ​ថ្លែង​ថា៖

«ខ្ញុំ​បាន​អរគុណ​ច្រើន​លើក​ច្រើន​សារ​ហើយ ចំពោះ​វីអូអេ ដែល​ជា​Watchdog ដ៏​មាន​សារសំខាន់​មួយ ដែល​បាន​ផ្សព្វផ្សាយ នូវ​នីតិ​វិធី ដែល​រដ្ឋ​សភា​កម្ពុជាក៏​ដូច​ជាព្រឹទ្ធសភាដែល​បាន​អនុម័ត​រាល់​ច្បាប់​ទាំង​ឡាយ ហើយ​ច្បាប់​ទាំង​នោះ ជួន​កាល​ប្រជាជន​លោក​អត់​បានជ្រាប ប៉ុន្តែ​ពេល​ដែល​លោក ចូល​ចិត្ត​ស្តាប់វិទ្យុ​វីអូអេ​ វីអូអេ​បាន​ផ្សព្វផ្សាយ​ ដែល​នេះគឺជា ឧបករណ៍​មួយ​យ៉ាង​សំខាន់​ផងដែរ​ ហើយ​ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​ខ្លាំង​ថា វីអូអេនឹង​បន្ត​ផ្សព្វផ្សាយ សភាពការណ៍ទូទៅរបស់​កម្ពុជា ដើម្បី​ជាជំនួយ​មួយ​យ៉ាង​សំខាន់ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គោរពអនុវត្ត​ច្បាប់​ក៏ដូចជាផែន​ការ និង​កម្មវិធី​នយោបាយ​របស់​ខ្លួនបា៎»។

លោក​ ជាម​ យាប​ បន្ត​ទៀតថា ទោះ​បីគណបក្ស​ប្រឆាំង​ហាក់​មាន​ឱកាស​ច្រើនជាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បញ្ចេញ​ទស្សនៈ​តាម​រយៈ​វីអូ​អេ​ ដែល​លោក​យល់​ថា មាន​ការ​ថ្នាំងថ្នាក់​ខ្លះ​ពី​សំណាក់​អ្នក​ស្តាប់ខ្លះក៏ដោយ ក៏លោក​យល់ថា វីអូអេដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការផ្តល់​ព័ត៌មាន​សម្រាប់​ជាទុន​ដល់​ប្រជាពលរដ្ឋ អ្នក​តាក់​តែង​ច្បាប់ មន្ត្រី​រដ្ឋាភិបាល និង​សង្គមស៊ីវិល​យក​មក​ត្រិះរិះ​ពិចារណា។ លោក​បន្ត​ទៀតថា៖

«ក្នុងនាម​ខ្ញុំ​ជាតំណាង​រាស្រ្ត​មួយ​រូប ខ្ញុំ​សូម​អរគុណ​ និង​កោត​សរសើរ ចំពោះ​លោក​ប្រធាន វិទ្យុវីអូអេ ក៏​ដូច​ជាសហការី​ទាំង​អស់​ ដែល​បាន​ខិត​ខំ​បម្រើ​ការងារ ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ផ្សេងៗ ជូន​ដល់​ប្រជាជន​លើ​សកលលោក ក៏​ដូច​ជាប្រជា​ជន​កម្ពុជា នៅក្នុង​ និង​ក្រៅ​ប្រទេស ជាពិសេស​លើក​យក​សភាព​ការណ៍​របស់​កម្ពុជាគ្រប់​ពេល​វេលា​ទាំង​អស់​ដើម្បី​ផ្សាយ​ជាទូទៅជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប»។

វីអូអេ​ជូន​កាល​មាន​ការពិបាក​ក្នុងការ​ទាក់​ទង​សាកសួរពីសំណាក់​មន្ត្រី​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​ដោយ​មូល​ហេតុ​ខ្លាចមាន​បញ្ហា និង​ធ្លាក់​ពី​ដំណែង។​ ប៉ុន្តែ​លោក ​ជាម យាម មាន​ប្រសាសន៍​ថា​ ការ​ឆ្លើយ​សំណួរ​របស់អ្នក​យក​ព័ត៌មាន​គឺ​ជាឱកាស​ដ៏​ប្រសើរមួយ​សម្រាប់​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន និង​បំភ្លឺការ​ពិត។ លោក​បាន​បញ្ជាក់​ថា៖

«អញ្ចឹង​ខ្ញុំ​សូម​អំពាវនាវ ដល់​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជា​មន្ត្រី​រាជការ​ទាំងអស់ ការសាកសួររបស់​អ្នក​ព័ត៌មាន ឬវិទ្យុទូរទស្សន៍គឺ​មាន​សារសំខាន់​ណាស់»។

ចំណែក​លោក​ កឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​មាន​ប្រសាសន៍​ថា វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​តុល្យភាព​នៃព័ត៌មាន​ សម្រាប់ប្រជាពលរដ្ឋ​ខ្មែរ​ ពីព្រោះ​ប្រព័ន្ធ​ព័ត៌មាន​នៅ​ស្រុក​ខ្មែរភាគ​ច្រើន ជាពិសេសវិទ្យុ និង​ទូរទស្សន៍ លំអៀង​ទៅ​ខាង​រដ្ឋាភិបាល។ លោក ​សុខា មាន​ប្រសាសន៍ថា៖

«ខាង​សម្លេង​សហរដ្ឋអាមេរិក គឺ​ទី​១ ​អាច​ផ្តល់​ឱកាស​ដល់​ខាង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​បញ្ចេញ​ព័ត៌មាន​ខ្លួន​ខ្លះ ទី២ ប្រជាពលរដ្ឋ​អាចទទួល​ព័ត៌មាន​ពិភព​លោក​ អំពី​ស្ថានភាព​នយោបាយ​ក្នុង​ពិភព​លោក ដើម្បី​ឲ្យ​យើង​ដឹង​ការ​ពិត​នៅ​ក្នុង​ពិភពលោក​ផង និង​ទី៣​ ផ្តល់​ឱកាសឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នេះ បាន​ជួប ដូចជា​កម្មវិធី​ហេឡូវីអូអេ ជួបផ្ទាល់​ជាមួយ​នឹងអ្នក​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ផ្ទាល់ ដែល​នេះ​ជា​ចំណុច​សំខាន់​ដែល​យើង​ឃើញ​បី​ហ្នឹង»។

លោក ម៉ម សម្បតិ្ត ដែល​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូលធនធាន ដែលហៅកាត់ថា (CRRT) មាន​ប្រសាសន៍ថា វីអូអេ​សម្លេង​សហរដ្ឋអាមេរិក​ឆ្លុះបញ្ចាំង​តថភាព​ជាក់​ស្តែង នូវអ្វីដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រយោជន៍ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ត្រូវការ​ព័ត៌មាន​ទាំង​នេះ។ លោក​ សម្បតិ្ត​ បន្ត​ថា៖

«សម្លេង​សហរដ្ឋអាមេរិក​បាន​ឆ្លុះ​បញ្ចាំង​គ្រប់​ប្រធាន​បទ​ទាំងអស់ គឺ​មិន​មែន​សម្រាប់​តែ​រឿង​អវិជ្ជមាន​ទេ តែ​មាន​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​រួម​ទាំងកង្វល់​នានា​ដែល​សហគមន៍​កំពុង​ជួប​ប្រទះ​ផងដែរ​ ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​ វីអូអេ​បាន​ឆ្លុះ​បញ្ចាំង អំពី​កង្វល់​ទាក់​ទង​ទៅនឹងប្រធាន​បទ​សំខាន់ៗ ឧទាហរណ៍​ដូចជា​ធនធាន​ធម្មជាតិ អំពីអភិបាលកិច្ច​ល្អ អំពី​ការ​វិវត្ត​នយោបាយ​ទាក់ទិន​ទៅ​នឹង​ប្រទេស​កម្ពុជាផង​ដែរ ដែល​អាច​ឲ្យ​ប្រជាជន​ខ្មែរ​រៀនសូត្រ ហើយស្តាប់​ធ្វើ​ជាពុទ្ធិ សម្រាប់​កែលំអរ​សុខភាព​ផង​ ជីវភាព​រស់​នៅ​ផង ហើយ​សំខាន់​បំផុត ធ្វើ​ឲ្យសិទ្ធិ​ សេរីភាព​ដែល​យើងកំពុង​ត្រូវការ​នេះ អាច​មាន​ការ​រីក​ចម្រើន​នៅ​ក្នុងប្រទេស​ជាតិ​យើង​ផង​ដែរ​ប៎ា»។

វីអូអេ​សម្លេងផ្នែក​ខេមរភាសា គឺ​ជា​សេវា​ផ្សាយ​មួយ​ក្នុង​ចំណោម​សេវា​ផ្សាយរបស់​វីអូអេ​ចំនួន៤៥​ភាសា​ ដែល​ត្រូវបាន​ចាប់​ផ្តើម​ផ្សាយ​តាំង​ពី​ឆ្នាំ ១៩៤២ ហើយ​មានអ្នក​ស្តាប់​ប្រហែល​១២៥លាន​នាក់នៅ​ក្នុង​ពិភព​លោក។ យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់ InterMedia នៃ​សហរដ្ឋ​អាមេរិកចេញផ្សាយ​ខែ​មករា ឆ្នាំ​២០១០ វីអូអេ​ផ្នែក​ខេមរភាសា មាន​អ្នក​ស្តាប់ក្នុង​មួយឆ្នាំចំនួន​៣៦​ភាគរយ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​សរុប។ វីអូអេ​ផ្នែក​ខេមរភាសា​មាន​កម្មវិធី​ផ្សាយចំនួន៩០នាទី​ក្នុង​មួយ​ថ្ងៃ ដោយ​ចែក​ជាពី​ពេល ពេល​ព្រឹក​ម៉ោង​ពី៥ដល់​៥​កន្លះ និងពេល​យប់ពី​ម៉ោង៨​កន្លះ​ដល់ម៉ោង​៩កន្លះ ហើយ​កម្មវិធី​នេះ​ក៏​ត្រូវបាន​ផ្សាយ​តាម​វិទ្យុជា​ដៃគូ​ដែល​ក្នុង​នោះរួម​មាន វិទ្យុ​សំបុក​ឃ្មុំ​ FM105 វិទ្យុព័ត៌មាន​ស្រ្តី​កម្ពុជា​ FM102 និង​វិទ្យុ​អង្គររដ្ឋាសៀម​រាប​ FM 95.5។​ វីអូអេ​ផ្នែក​ខេមរភាសា​ក៏​មាន​កម្មវិធី​ទូរទស្សន៍​ដែល​ត្រូវបាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិកម្ពុជា និង​ស៊ីធីអិន​ផង​ដែរ។ វីអូអេ​ព្យាយាម​ផ្តល់​ពត៌មាន​ដល់​អ្នក​ស្តាប់​តាម​គ្រប់​មធ្យោបាយ ដូចជា​តាម​រយៈ​គេ​ហទំព័រ voacambodia.com តាម​រយៈ​Youtube VOA Khmer Service, Facebook VOA Khmer, Twitter VOAKhmerEn និង​បណ្តាញសង្គម​ខ្មែរ​ Angkorone ៕

XS
SM
MD
LG