ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​សភា ​និង​រដ្ឋាភិបាល​អាមេរិក​ពិនិត្យ​ជាថ្មី​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និងក្នុង​តំបន់​អាស៊ី

  • សុខ ខេមរា

សមាជិក​សភាថ្មី​របស់​ស.រ.អ.​បើក​សម័យ​ប្រជុំ។

ទាំង​សមាជិក​សភា​និង​មន្ត្រី​រដ្ឋាភិបាល​ស.រ.អា.​ចាប់​ផ្តើម​សម្លឹង​មើល​ជាថ្មី​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ នៅពេល​ដែល​ប្រទេស​ក្នុង​តំបន់​មាន​បញ្ហា​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​សមាជិក​សភា​អាមេរិកាំង​ និង​មន្ត្រី​រដ្ឋាភិបាល​នៅតែ​ចាត់​ទុក​ថា ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិតេយ្យ​ជា​អាទិភាព​នៃ​គោល​នយោបាយ​របស់​ខ្លួន​ ដោយ​បាន​បញ្ជាក់​ថា​ ស.រ.អា.​នឹង​បន្ត​ជួយ​ពង្រឹង​បញ្ហា​ទាំង​នេះ​ក្នុង​តំបន់​អាស៊ី ​រួមទាំង​កម្ពុជា​ផង​ដែរ។​

ក្រុម​មន្ត្រី​ស.រ.អា.​បាន​អះអាង​ពី​ការ​ប្តេជ្ញា​របស់​ខ្លួន ​ដើម្បី​ជួយ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​នឹង​តំបន់​អាស៊ី​នៅ​ចំពោះ​មុខ​គណៈ​កម្មការ​ការ​បរទេស​សភា​អាមេរិកាំង​ ដែល​ចង់​ដឹង​អំពី​ស្ថាន​ការណ៍​ក្នុង​តំបន់​អាស៊ី ​កម្ពុជា ​ថៃ​ ហុងកុង​ និង​ប្រទេស​ភូមា។​

ក្រុម​សមាជិក​សភា​បាន​និយាយ​ថា​ ប្រទេស​ទាំង​នេះ​មាន​បញ្ហា​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​ស្ថិត​ក្នុង​ភាព​វឹកវរ​ខាង​នយោបាយ​នៃ​ដំណាក់​កាល​អន្តរកាល ​ក្រោយ​ការ​បោះឆ្នោត​ និង​កំពុង​រៀបចំ​ការ​បោះឆ្នោត។

សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​គឺ​លោក ​Matt Salmon ​មកពី​រដ្ឋ Arizona ​ដែល​ជា​ប្រធាន​អនុ​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​គណៈ​កម្មការ​ការ​បរទេស​សភា ​បាន​ថ្លែង ក្នុង​ពេល​លោក​ធ្វើ​ជា​អធិបតី​នៃ​សវនាការ​ថ្មីៗ​នេះ​ថា​ លោក​ចង់​ដឹង​អំពី​បញ្ហា​អាស៊ី៖

«ថ្ងៃ​នេះ​យើង​នឹង​យក​ចិត្ត​ទុកដាក់​ជាពិសេស​ទៅ​លើ​ដែនដី​ហុងកុង​ប្រទេស​ ភូមា​ ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា»។​

នៅ​ក្នុង​ការ​សួរ​ដេញដោល​កាលពី​សប្តាហ៍​មុន​នោះ​ លោក​សមាជិក​សភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​គឺលោក​ Brad Sherman មកពី​រដ្ឋ​កាលីហ្វ័រញ៉ា​ក៏​បាន​បន្ថែម​ថា​ លោក​ក៏​ចង់​ដឹង​អំពី​ស្ថាន​ការណ៍ប្រជា​ធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​ និង​ប្រទេស​កម្ពុជា​ដែរ។​

ឆ្លើយ​តប​ទៅនឹង​ការ​សួរ​នាំ​របស់​សភា ​ លោក ​Scott Marciel​ ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ថា​ មាន​ការ​រីក​ចម្រើន​ចំពោះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ី​ជាមួយ​នឹង​ការ​ជួយ​រួម​ចំណែក​របស់​ស.រ.អា.​ និង​ពលរដ្ឋ​ក្នុង​តំបន់​ខ្លួន​ឯង ​តែ​លោក​ថា​ មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។​

«ពាក់​ព័ន្ធ​នឹង​បញ្ហា​កម្ពុជា​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​សភា​ឆ្នាំ​២០១៣​ យើង ​ជាពិសេស​ស្ថានទូត​ស.រ.អា.​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ជួយ​រួម​ចំណែក​នាំ​ឲ្យ​រដ្ឋាភិបាល​ និង​គណបក្ស​ជំទាស់​មាន​កិច្ច​ពិភាក្សា​គ្នា​ ដើម្បី​ដោះស្រាយ​ភាព​ទាល់​ច្រក​រយៈ​ពេល​មួយ​ឆ្នាំ។​ មាន​កិច្ចការ​ច្រើន​ទៀត​ត្រូវ​បំពេញ ​តែ​ពេល​នេះ​ភាគី​ទាំងពីរ​អង្គុយ​ក្នុង​សភា​ជាមួយ​គ្នា​ ហើយ​យើង​នឹង​គាំទ្រ​ពលរដ្ឋ​កម្ពុជា ​នៅ​ពេល​ដែលពួក​គេ​ពឹង​ផ្នែក​ទៅ​លើ​ការ​រីកចម្រើន​នេះ»។​

លោក​ថ្លែង​ថា​ ស.រ.អា.​គាំទ្រ​ដល់​ក្រុម​សង្គម​ស៊ីវិល​ទាក់ទង​ជាមួយ​ក្រុម​មេ​ដឹកនាំ​អ្នក​ជំនាន់​ក្រោយ​ នឹង​ធ្វើឲ្យ​មាន​សំឡេង​សង្គម​ស៊ីវិល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ ដែល​លោក​អះអាង​ថា​ លទ្ធិ​ប្រជា​ធិបតេយ្យ​មិនមែន​និយាយ​តែ​រឿង​ការ​បោះឆ្នោត​ដោយ​សេរី​ប៉ុណ្ណោះ​ទេ​ តែ​វា​ជា​រឿង​ពលរដ្ឋ​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​ចាប់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អ្វីៗ​ឲ្យ​មាន​តម្លាភាព ​និង​ការ​ទទួល​ខុស​ត្រូវ។​

ការ​សួរដេញ​ដោល​នេះ​គឺ​កើត​ឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​គណៈ​ប្រតិភូ​សភា​ស.រ.អា.​ទាំងពីរ​គណបក្ស​ ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្រុម​សំឡេង​ភាគ​តិច​គឺ​លោកស្រី ​Nancy Pelosi​ បាន​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ រួមទាំង​កម្ពុជា​ផង​ដែរ។​

ក្នុង​ទស្សន​កិច្ច​ ដែល​លោកស្រីបាន​ជួបជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​និងតំណាងអង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​នោះ​ លោក​ Nancy Pelosi​ បាន​ផ្តោត​លើ​ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ បញ្ហា​សិទ្ធិ​មនុស្ស​ និង​ពាណិជ្ជកម្ម។​

ថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរ​ភាសា​ក្នុង​ពេល​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​ជាមួយ​គណៈប្រតិភូ​សភា​នោះ​ លោកស្រី​ Zoe Lofgren ​សមាជិក​សភា​អាមេរិក​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​អះអាង​ថា​ លោកស្រី​ និង​គណៈ​ប្រតិភូ​បាន​លើក​ឡើង​ច្រើន​ពី​កង្វល់​របស់​ប្រតិភូ​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ហើយ​នឹង​ស្តាប់​ពី​ក្តី​កង្វល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បន្ទាប់​ពី​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​នោះ។​

«យើង​ពិតជា​មាន​ក្តី​បារម្ភ​អំពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា ​ ដែល​យើង​បាន​បញ្ជាក់​ប្រាប់​លោក​ ហ៊ុន សែន​ តែ​យើង​បាន​ដឹង​ថា​ មាន​កម្លាំង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ជា​កម្លាំង​ពិត​របស់​កម្ពុជា​ខ្លួន​ឯង»។

លោកស្រី​បាន​អះអាង​ថា​ ស.រ.អា.​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​នានា​ តែ​ក៏​មិន​ បោះបង់​ចោល​បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែរ ​ដែល​ជា​ការ​ផ្តោត​ចំណាប់​អារម្មណ៍​ក្នុង​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​សភា។​

លោកស្រី​ពុំ​បាន​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​នៃ​ការ​ជួប​ប្រជុំ​ជាមួយ​នឹង​ក្រុម​សង្គម​ស៊ីវិល ​និង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ទេ​ តែ​បាន​បញ្ជាក់​ថា​ លោកស្រី​មិន​គិត​ថា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​មិន​ទទួល​យក​មតិពីអាមេរិកាំង​នោះ​ទេ​ តែ​យើង​បាន​បញ្ជាក់​ច្បាស់​ពី​ទស្សន​របស់​អាមេរិក។

លោក​ស្រីបានបញ្ជាក់​ថា​ ​ប្រទេស​កម្ពុជា​មាន​ផល​ប្រយោជន៍​ពី​ការ​បន្ត​រក្សា​ទំនាក់​ទំនង​រឹង​មាំ​ជាមួយ​ស.រ.អា.​លើ​ផ្នែក​សេដ្ឋកិច្ច​ កំណើន​ពាណិជ្ជ​កម្ម​ ដើម្បី​ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា។ ក្រៅពី​នោះ​លោក​ស្រី​បាន​ទទូច​ឲ្យពលរដ្ឋ​អាមេរិកាំង​មាន​ដើម​កំណើត​ខ្មែរធ្វើ​ការ​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​អាមេរិកាំង​ចាត់​ទុក​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​ជា​រឿង​សំខាន់។​

«ខ្ញុំ​គ្រាន់តែ​ទទូច​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​ក៏ដូច​ជា​ពលរដ្ឋ​អាមរិកាំង​ដើម​កំណើត​ផ្សេង​ទៀត​ ឲ្យ​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អាមេរិក​ ដើម្បី​ដាក់​បញ្ហា​សិទ្ធិ​មនុស្ស​ជា​រឿង​អាទិភាព​ក្នុង​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​ជា​អន្តរជាតិ។ ​បើ​ធ្វើ​ដូច្នោះ​បាន​គឺ​ជា​រឿង​ ដែល​អាច​ផ្លាស់​ប្តូរ​ពី​របប​ផ្តាច់ការ​ទៅ​កាន់​កត្តា​ផ្សេង​ទៀត»។​

លោកស្រី​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា​ ជំនួយ​របស់​ទីភ្នាក់ងារ​ស.រ.អា.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​គឺ​ USAID​ គួរតែ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​សិទ្ធិ​ស្ត្រី​ដែល​ត្រូវ​គោរព​ ហើយ​អ្នក​ជម្ងឺ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ ហើយ​កម្មករ​រោងចក្រ​ត្រូវ​មាន​សិទ្ធិ​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​និង​ការ​ដោះស្រាយ​ឲ្យ​បាន​យុត្តិធម៌​ដល់​ពួក​គេ។​

លោក​ ចន​ណាថាន់ ​ស្តៃវឺស៍ ​(Jonathan Stivers)​ នាយក​រង​នៃ​ទីភ្នាក់ងារ​ស.រ.អា.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ បាន​ថ្លែង​ក្នុង​ពេល​សវនាការ​សភា​ដែរ​ថា​ ជំនួយ​ស.រ.អា.​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយឲ្យ​មាន​ការ​រីក​ចម្រើន​ ផ្នែក​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

«នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​លើក​កម្ពស់​អភិបាល​កិច្ច​តាម​បែប​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅតែ​បន្ត​ជា​អាទិភាព​ខ្ពស់​បំផុត​សម្រាប់​ស.រ.អា.។ ​ជំនួយ​ស.រ.អា.​សម្រាប់​អង្គការ​សិទ្ធិ​មនុស្ស​ បាន​ជួយ​ពង្រឹង​ជំនាញ​របស់គេ​ជា​ចាំបាច់​ក្នុង​ការ​ធ្វើការ​តស៊ូ​មតិ​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​សម្រាប់​ការ​ផ្លាស់​ប្តូរ»។​

លោក​បាន​បន្ថែម​ថា តាំងពី​ទស​វត្សរ៍​១៩៩០​មក​ ស.រ.អា.​បាន​គាំទ្រ​ក្រុម​សង្គម​ស៊ីវិល​ ហើយនឹង​បន្ត​ផ្តល់​ជំនួយ​ជា​អាទិភាព។​

លោក​អះអាង​ដែរ​ថា​ សង្គម​ស៊ីវិល​ដែល​ USAID​ ផ្តល់​ជំនួយ​នោះ​បាន​ធ្វើ​ឲ្យ​មាន​សកម្ម​ភាព​យ៉ាង​សកម្ម​សំខាន់ៗ​ជាច្រើន​ ពាក់​ព័ន្ធ​នឹង​ការ​គាំទ្រ​ផ្នែក​សិទ្ធិ​មនុស្ស​ ដូចជា​ការ​ផ្តល់​មេធាវី​ ការ​ធ្វើ​សកម្ម​ភាព​ឃ្លាំមើល​សវនាការ ​ការ​គាំទ្រ​ការ​តស៊ូ​មតិ​ទៅ​ដល់​សកម្ម​ជន​ជាប់​ឃុំឃាំង​ជាង​១០០០នាក់​ ការ​ជួយដល់​ការ​កាត់​បន្ថយ​ការ​ជួញដូរ​ក្មេង​ក្រោម​អាយុ​ ការ​ជួយមួយ​ផ្នែក​ដល់​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​ ការ​ជួយឲ្យ​មាន​ការផ្តល់​ដល់​ពល​រដ្ឋ​ជាង​៧០០គ្រួសារ​ ដែល​ត្រូវ​បាន​រំលោភ​បំពាន​នៅ​ខេត្ត​សៀមរាប​ និង​ជួយ​ការ​តស៊ូ​មតិ​ឲ្យ​មាន​ការ​ដោះលែង​សកម្ម​ជន​ដីធ្លី​ជា​ស្ត្រី​១០នាក់​ថ្មីៗ​ផង​ដែរ។​

ក្រៅពី​បញ្ជាក់​ថា​ ស.រ.អា.​ត្រូវតែ​ជួយ​គាំទ្រ​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អាស៊ី​នោះ​ ក្រុម​សមាជិក​សភា​ក៏​បាន​សួរ​ដេញដោល​ពី​បញ្ហា​រដ្ឋាភិបាល​ភូមា ​ដែល​មាន​ការ​រឹតត្បិត​ក្រុម​ជំទាស់​ និង​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ រ៉ូហ៊ីងយ៉ា ​បញ្ហា​រដ្ឋ​ប្រហារ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​ថៃ​ ដែល​បច្ចុប្បន្ន​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យោធា​ បញ្ហា​នៅ​ដែន​ដី​ហុងកុង ​ដែល​កំពុង​កែ​ទម្រង់​ការ​បោះឆ្នោត​ដ៏​ស្មុគ​ស្មាញ​ និង​បញ្ហា​កម្ពុជា ​ដែល​មាន​ការ​ជាប់​គាំង​ដំណើរ​ជិត​មួយ​ឆ្នាំ​ ហើយ​ទើប​បាន​ស្រុះ​ស្រួល​គ្នា​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​ទាំងពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ។​

នៅ​ក្នុង​សវនាការ​នោះ​ដែរ​ ឧបការី​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ស.រ.អា.​គឺ​លោក ​Tom Malinowski ​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជា​ធិតេយ្យ​ សិទ្ធិ​មនុស្ស ​និង​ពលកម្ម​ បាន​អះអាង​ថា​ ការ​ជួយ​ជ្រោង​ជ្រែង​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​មនុស្ស​ នៅតំបន់អាស៊ី​នឹង​ជួយ​ឲ្យ​សង្គម​មាន​ស្ថិរ​ភាព​ និង​ភាព​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​តាម​វិធី​ផ្សេងៗ។​

«ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​គឺ​ជា​រឿង​ដែល​យើង​ធ្វើ​ ព្រោះ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ​ ហើយ​នឹង​ធ្វើ​ឲ្យ​រីក​ចម្រើន​ដល់​ផល​ប្រយោជន៍​ស.រ.អា.»។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​សហ​រដ្ឋ​អាមេរិក​បាន​ងាកបែរ​គោល​នយោបាយ​របស់​ខ្លួន​ជា​យុទ្ធសាស្ត្រ​ទៅតំបន់អាស៊ី​ ដើម្បី​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​តុល្យភាព​ នៅ​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​១០ ​ដែល​មាន​ពលរដ្ឋ​ជាង​៦០០​លាន​នាក់ ​កំពុង​រៀបចំ​ធ្វើ​សមាហរណ​កម្ម​ចូល​ក្នុង​សហគមន៍​សេដ្ឋ​កិច្ច​រួមមួយ​នៅ​ដំណាច់​ឆ្នាំ​២០១៥ ​ដែល​ចិន​ មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង​ក្នុង​តំបន់​នេះ៕

XS
SM
MD
LG