ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ការ​ជំរុញ​នីតិរដ្ឋ​មិន​ដើរ​ទន្ទឹម​គ្នា​រវាង​ថ្នាក់​ជាតិ​និង​មូលដ្ឋាន


លោក ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​ម្នាក់​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​ផល​ប៉ះពាល់​លើ​សង្គម​ស៊ីវិល» នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello VOA ប្រចាំ​ខែ​អំពី​អភិបាលកិច្ច​ល្អ​ជាមួយ​លោក ម៉ែន គឹមសេង នៃ VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA)
លោក ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​ម្នាក់​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​ផល​ប៉ះពាល់​លើ​សង្គម​ស៊ីវិល» នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello VOA ប្រចាំ​ខែ​អំពី​អភិបាលកិច្ច​ល្អ​ជាមួយ​លោក ម៉ែន គឹមសេង នៃ VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA)

ប្រទេស​កម្ពុជា​នៅ​មានគម្លាត​រវាងឆន្ទៈ​នយោបាយ​នៅ​ថ្នាក់​ជាតិ​ក្នុង​ការ​ធ្វើ​ការ​កែទម្រង់​ដើម្បី​ជួយ​ជំរុញ​នីតិរដ្ឋ​នៅ​កម្ពុជា​និង​ការ​អនុវត្ត​ជាក់​ស្តែង​របស់​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​ហាក់​ដូច​ជា​ធ្វើ​តាម​ទម្លាប់​ចាស់​ដដែល។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ​ឱក សេរីសុភ័ក្រ​អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អនិង​ជា​វាគ្មិន​ប្រចាំ​ខែ​របស់​កម្មវិធី​«អភិបាលកិច្ច​ល្អ»​របស់​ VOA ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖

«បើ​សិន​ជា​យើង​គិត​កំណែទម្រង់​ជា​លក្ខណៈ​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ក្រសួង​ឬ​មួយ​ក៏​នៅ​ខាង​លើ​ថ្នាក់​ជាតិ​នេះ​ ឃើញ​ថា​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ពី​រាជរដ្ឋាភិបាល​បន្ទាប់​ពី​ការ​បោះឆ្នោត។ នេះ​ឃើញ​ថា​មាន​ភាព​ច្បាស់​លាស់​មែន។ ប៉ុន្តែ​បើ​យើង​គិត​ទៅ​នឹង​ជីវិត​ពលរដ្ឋ​ដែល​មាន​បញ្ហា​ក្តីក្តាំ​ឡើង​មក​ប្តឹង​តុលាការ បើ​យើង​គិត​ពី​សមត្ថកិច្ច​យុត្តិធម៌​ដែល​ស៊ើបអង្កេត​ចាប់​ចង​ព្រះ​រាជអាជ្ញា​ដែល​បញ្ជា​ឱ្យ​សមត្ថកិច្ច​យុត្តិធម៌​ទាំងអស់​នោះ​ធ្វើ​ការ​ឃាត់​ខ្លួន​ហៅ​មក​សួរ​ឬមួយ​ក៏​មក​ដល់​តុលាការ​ហើយ​មាន​មេធាវី​ការពារ​ឬមួយ​ចៅក្រម​កាត់​ក្តី ជាដើម​ខ្ញុំ​គិត​ថា​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​នៅ​មិន​ទាន់​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​សាមញ្ញ​ដែល​អត់​មាន​លុយ​កាក់​ ដែល​អត់​មាន​អំណាច​ដើម្បី​នឹង​ពឹង​គេ​ដើម្បី​នឹង​សូក​គេ​នោះ​គឺ​ថា​នៅ​ឆ្ងាយ​ណាស់‍»។​

លោក​ ​ឱក សេរីសុភ័ក្រ​ បាន​បន្ថែម​ថា ​មន្ត្រី​តុលាការ​និង​មន្ត្រី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តែ​សួរ​សម្លុត​កំហែង​ប្រជាពលរដ្ឋ​ដែល​មក​រក​សេវា​របស់​ពួកគាត់​ ប៉ុន្តែ​បើ​ពលរដ្ឋមាន​លុយកាក់ខ្លះ​គឺ​ពួកគេ​និយាយ​ស្រួល​បួល​បន្តិច។

លោក​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា បើមិន​មាន​ការ​ពិន័យ​ឱ្យ​ធ្ងន់ធ្ងរ​ឬ​មួយ​រាង​ចាល​ទេ​ប្រជាពលរដ្ឋ​នៅ​តែ រង​ទុក្ខ​ទោស​ដដែល​ជា​ដដែល​មិន​ខាន​នៅ​ក្នុង​រឿង​នេះ»។

ប្រជាពលរដ្ឋ​តំបន់​បុរីកីឡា​និង​បឹងកក់ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញទាមទារ​ឲ្យ​ពន្លឿន​ការ​ស្វែងរក​ដំណោះស្រាយ​និង​ការ​ចាប់​ខ្លួន​ជន​ដែល​បាន​បង្ក​អំពើ​ហិង្សា​លើ​ស្ត្រី​តំបន់​បុរីកីឡា កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​មីនា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)
ប្រជាពលរដ្ឋ​តំបន់​បុរីកីឡា​និង​បឹងកក់ធ្វើ​បាតុកម្ម​នៅ​ពី​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញទាមទារ​ឲ្យ​ពន្លឿន​ការ​ស្វែងរក​ដំណោះស្រាយ​និង​ការ​ចាប់​ខ្លួន​ជន​ដែល​បាន​បង្ក​អំពើ​ហិង្សា​លើ​ស្ត្រី​តំបន់​បុរីកីឡា កាល​ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​មីនា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​បាន​វាយតម្លៃ​ប្រទេស​កម្ពុជា​ថា ស្ថិតនៅ​ស្ទើរ​តែ​ក្រោម​គេ​បំផុត​ខាង​ផ្នែក​នីតិរដ្ឋបើ​ប្រៀបធៀប​នឹង​ប្រទេស​នានា​លើ​ពិភពលោក​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​៩៩​ក្នុង​ចំណោម​ប្រទេស​១០២។ នេះ​បើ​យោង​តាម​របាយការណ៍​អង្កេត​មួយ​ធ្វើ​ឡើង​ដោយ​គម្រោងយុត្តិធម៌​ពិភពលោក​ដែល​បាន​ចេញផ្សាយ​កាល​ពី​ដើម​ខែ​មិថុនា​នេះ។

តារាង​វាយ​តម្លៃ​ធ្វើ​ការ​វាស់​ស្ទង់​ពិនិត្យ​លើ​ចំណុច​ជាច្រើន​ដូច​ជា​ការ​កម្រិត​នៃ​អំណាច​រដ្ឋ អំពើ​ពុករលួយ​ សិទ្ធិ​មនុស្ស ការ​អនុវត្ត​ច្បាប់​ ប្រព័ន្ធ​តុលាការ​និង​ការ​បើក​ចំហ​របស់​រដ្ឋាភិបាល​ជាដើម។

អង្គការ​នេះ​ឱ្យ​ដឹង​ថា ​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ស្ថិត​ក្នុង​ចំណោម​ចំណុចអវិជ្ជមាន​ខ្លាំង​ជាង​គេ​បំផុត​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ​ក៏​ស្ថិត​នៅ​បាត​តារាង​ខាង​ផ្នែក​នីតិរដ្ឋ​បើ​ប្រៀបធៀប​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ដោយ​បាន​ចំណាត់​ថ្នាក់​១៥​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៥។​

លោក ​ឱក សេរីសុភ័ក្រ យល់​ថា ​ដើម្បី​ធានា​ឱ្យ​មាន​ការ​អនុវត្ត​នីតិរដ្ឋ​កាន់តែ​ប្រសើរ​មាន​តែ​អង្គការសង្គម​ស៊ីវិល​និងប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ការជា​ដៃ​គូ​រួមគ្នា​ហើយ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​បាន​ស៊ីជម្រៅ​បូក​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឱ្យ​កាន់​តែ​ច្រើន​ឡើង។ ​

«យើង​បាន​ហៅ​ប្រជាពលរដ្ឋ​គឺថា​កុំ​ខ្លាច​ញញើត​នឹង​និយាយ​កន្លែង​ណា​ដែល​មាន​អភិបាលកិច្ច​មិន​ល្អ​ មាន​អ្វី​ដែល​មាន​អំពើ​ពុករលួយ​មាន​អ្វី​ដែល​មាន​ការ​រំលោភ​ច្បាប់​ហ្នឹង​ត្រូវ​តែ​និយាយ​នាំ​គ្នា​ហ៊ាន​និយាយ‍»៕

XS
SM
MD
LG