ការកាត់ក្តីអំពីឧក្រិដ្ឋកម្មសង្គ្រាមនៃលោកអតីតប្រធានាធិបតីឆាល ថៃល័រ (Charles Taylor) នៃប្រទេសលីបេរីយ៉ាបានចប់ហើយក្រោយរយៈពេលជាងបីឆ្នាំ។
លោក ថៃល័រឆ្លើយថាលោកគ្មានទោសពៃរ៍អ្វីទេចំពោះការចោទប្រកាន់១១យ៉ាងអំពីឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិស្តីពីការគាំទ្ររបស់លោកដល់ពួកឧទ្ទាមក្នុងប្រទេសសេរ៉ាឡេអូន (Sierra Leone) នៅជិតខាងដែលបានសម្លាប់ បង្ខិតបង្ខំសេពសន្ធវៈនិងកាត់ដៃជើងពួកជនស៊ីវិលក្នុងសង្គ្រាមស៊ីវិលនៃប្រទេសនេះ។
លោកស្រី ប្រេនដា ហូលលីស (Brenda Hollis) អគ្គរដ្ឋអាជ្ញាបានសុំដល់ពួកចៅក្រមឱ្យសម្រេចថាលោកថៃល័រ មានទោសតាមបទចោទប្រកាន់ទាំងអស់។
«ភស្តុតាងដែលគួរឱ្យជឿទុកចិត្តបានក្នុងក្តីនេះបង្ហាញថាជនចុងចោទមានទោសហួសពីការសង្ស័យដោយសមហេតុផលនៃការចោទប្រកាន់នីមួយៗនិងការចោទប្រកាន់ទាំងអស់ក្នុងដីកាចោទប្រកាន់នេះ»។
លោក ខតតឺណេយ ហ្គ្រីវហ្វីត្ស (Courtenay Griffiths) មេធាវីការពារនាំមុខគេរបស់លោក ថៃល័រ និយាយថាអយ្យការបានធ្វើការសនិ្នដ្ឋានដោយគ្មានភស្តុតាង។
«ជាការគួរឱ្យឆ្ងល់ថាមានភស្តុតាងដោយផ្ទាល់តិចតួចណាស់ដែលភ្ជាប់ជនចុងចោទទៅនឹងឧក្រិដ្ឋកម្មដែលបានត្រូវចោទប្រកាន់។ ដោយភាគច្រើន ការប៉ុនប៉ងរបស់អយ្យការនេះក្នុងការភ្ជាប់ជនចុង ចោទទៅនឹងឧក្រិដ្ឋម្មដែលបានត្រូវចោទប្រកាន់បានផ្តោតយ៉ាងច្រើនទៅលើពាក្យចចាម អារ៉ាម ភស្តុតាងមិនសំខាន់និងការស្មានជាច្រើន»។
លោក ហ្គ្រីវហ្វីត្ស ថ្លែងថាពួករដ្ឋអាជ្ញាបាន«ធ្វើឱ្យអាប់ឱនដល់ឧត្តមគតិដ៏ឧដុង្គឧត្តមនៃច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិដោយធ្វើឱ្យករណីនេះក្លាយទៅជាទម្រង់មួយនៃអាណានិគមនិយមបែបថ្មីក្នុងសតវត្សទី២១»។ លោកស្រីហូលលីសមានប្រសាសន៍ថាលោកហ្គ្រីវហ្វីត្ស មើលមិនឃើញការណ៍ពិតជាក់ស្តែងដែលថាគឺរដ្ឋាភិបាលនៃប្រទេសសេរ៉ា ឡេអូនដែលបានសុំឱ្យអ.ស.ប.បង្កើតតុលាការពិសេសនេះ។
«ហើយក៏មានការបង្ហាញភាពសមហេតុផលបែបរឹងទទឹងមួយក្នុងការនិយាយបង្ហាញហេតុផលនេះដែរ។ហើយការបង្ហាញភាពសមហេតុផលនេះហាក់ដូចជាថាលុះត្រាតែពួកប្រមុខរដ្ឋក្នុងទ្វីបអាហ្វ្រិកបង្កើតតុលាការឬអាចបង្កើតតុលាការដើម្បីផ្តន្ទាទោសពួកឧក្រិដ្ឋជនក្នុងប្រទេសរបស់ពួកគេ ទោះណាជាឧក្រិដ្ឋកម្មដែលធ្វើឱ្យយើងទាំងអស់គ្នាជាសមាជិកនៃសហគមន៍អន្តរជាតិមានការអាក់អន់ចិត្តក៏ដោយ លុះត្រាណាតែពួកគេធ្វើដូច្នេះ ទើបមនុស្សទាំងអស់ក្នុងពិភពលោកគួរដកខ្លួនចេញទៅ។ ពីព្រោះបើពួកគេមិនធ្វើដូច្នេះទេពួកជនរងគ្រោះទាំងនេះមិនអាចរកយុត្តិធម៌បានទ្បើយ។ ពួកគេសក្តិសមនឹងទទួលយុត្តិធម៌តិចតួច។ យើងស្នើទៅលោកថានេះមិនមែនជាករណីបែបនេះទេ»។
លោកហ្គ្រីវហ្វីត្សបានរិះគន់លោកស្រី ហូលលីស ដែលបានកោះហៅអ្នកស្រី ណាអូមី ខែមប៊ែល(Naomi Campbell) អ្នកបង្ហាញម៉ូតសម្លៀកបំពាក់អង់គ្លេសឱ្យឆ្លើយជាកសិណសាក្សីក្នុងតុលាការ។ គេបាននិយាយថាអ្នកស្រី ខែមប៊ែលបានទទួលពេជ្រពីលោកថៃល័រនៅក្រោយការទទួលទានអាហារពេលយប់មួយក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកស្រី ខែមប៊ែលបានឆ្លើយជាកសិណសាក្សីថាអ្នកស្រីមិនបានដឹងទេថានរណាបានបញ្ជូនទៅឱ្យអ្នកស្រីនូវអ្វីដែលអ្នកស្រីហៅថា«ដុំថ្មកខ្វក់»បីបួនដុំរហូតដល់ពេលទទួលទានអាហារពេលព្រឹក។ លោក ហ្គ្រីវហ្វីត្សបាននិយាយប្រាប់តុលាការថាលោកមិនដឹងទេថាហេតុដូចម្តេចបានជាអំណោយពេជ្រនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងភ្ជាប់លោក ឆាល ថៃល័រទៅនឹងការទិញគ្រឿងអាវុធទៅវិញ។
«ការកោះហៅអ្នកស្រី ណាអូមី ខែមប៊ែល ជាមហន្តរាយទាំងស្រុងមួយសម្រាប់អយ្យការ។ មិត្តមានការចេះដឹងច្រើនរបស់ខ្ញុំ គឺកញ្ញា ហូលលីសបានមើលជើងគាត់ដែលមានធ្លុះចេញឈាមហើយកាន់កាំភ្លើងមួយដែលមានចេញផ្សែងដោយនិយាយថា«ខ្ញុំមិនដឹងថាកាំភ្លើងនេះមានដាក់គ្រាប់ទេ»។ ជាដំបូងទ្បើយ អយ្យការស្វះស្វែងសួរដេញដោលពួកសាក្សីរបស់ផងខ្លួនផ្ទាល់។ បន្ទាប់មកនៅពេលដែលការណ៍នេះមិនបានការអយ្យការក៏ខិតខំព្យាយាមបោះបង់អ្នកស្រី។ «អូ អ្នកស្រីមិនមែនជាសាក្សីរបស់អយ្យការទេ»។ តើនរណាដែលបានទទួលដីកាកោះសាក្សីដើម្បីហៅអ្នកស្រី ខែមប៊ែល ឱ្យមកឆ្លើយជាកសិណសាក្សី?»
លោក ហ្គ្រីវហ្វីត្ស និយាយថាលោកថៃល័រ ជាជនរងគ្រោះនៃ«បណ្តឹងសាធារណៈមានការជ្រើសរើស» ពីព្រោះមេដឹកនាំនៃប្រទេសលីប៊ី លោក ម៉ូអាម៉ា ហ្កាដាហ្វី (Moammar Ghadafi) និងលោកប្រធានាធិបតីប៊្លេស កុមប៉ាអរ (Blaise Compaore) នៃប្រទេសប៊ូគីណា ហ្វាសូ (Burkina Faso) ក៏មានការទទួលខុសត្រូវស្មើគ្នាដល់ការគាំទ្រពួកឧទ្ទាមក្នុងប្រទេសសេរ៉ា ឡេអូនដែរ។ លោកស្រី ហូលលីស ថ្លែងថាគ្មានមុខនាទីនរណាម្នាក់ក្នុងជម្លោះនេះប្រៀបធៀបបានជាមួយមុខនាទីរបស់លោកថៃល័រទេ។
«លោកថៃល័រជាមនុស្សសំខាន់ណាស់នៃបណ្តាញឧក្រិដ្ឋកម្មក្នុងប្រទេសសេរ៉ា ឡេអូន។ តើលោកហ្កាដាហ្វីនិងលោកកុមប៉ាអរមានមុខនាទីអ្វីខ្លះ?អស់លោកពីរនាក់នេះបានជួយកសាងបណ្តាញនោះតាមរយៈលោកឆាល ថៃល័រ។ សហគមន៍អន្តរជាតិមិនបានចាប់ខ្លួនលោកហ្កាដាហ្វី និងលោកប្លេស កុមប៉ាអរទេ។ សហគមន៍អន្តរជាតិចាប់ខ្លួនលោកឆាល ថៃល័រពីព្រោះលោកជាជនដែលត្រួតត្រាក្រុមទាំងនេះដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏រន្ធត់បែបនេះ»។
តុលាការពិសេសសម្រាប់ប្រទេសសេរ៉ា ឡេអូនគាំទ្រដោយអ.ស.ប.មិនអាចដាក់កំហិតទោសប្រហារជីវិតទេ។ ដូច្នេះ ប្រសិនបើត្រូវរកឃើញថាមានទោស លោកថៃល័រ ប្រឈមមុខនឹងការជាប់គុកមួយជីវិត៕
ប្រែសម្រួលដោយ ឈឹម សុមេធ