ស្ថានីយ៍ទូរទស្សន៍ Channel News Asia របស់សិង្ហបុរីបានការពារសេចក្តីរាយការណ៍ស៊ីជម្រៅរបស់ខ្លួន ស្តីពីកំណើននៃការវិនិយោគ និងវត្តមានជនជាតិចិនក្នុងប្រទេសកម្ពុជា ដោយអះអាងថា ក្រុមការងារខ្លួនបានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយលើប្រធានបទនៃព័ត៌មានដែលបានរាយការណ៍ និងជួបសម្ភាសន៍ខាងភាគីរដ្ឋាភិបាលកម្ពុជាផងដែរ។
កាលពីសប្តាហ៍មុន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរីលោក ងួន សុខវេង បានប្រតិកម្មតបទៅនឹង Channel News Asia (ឬហៅថា CNA) ដែលបានចេញផ្សាយសេចក្តីរាយការណ៍ជាភាពយន្តឯកសារអំពីសកម្មភាពវិនិយោគយ៉ាងគំហុករបស់ចិន និងការហូរចូលនៃចំនួនប្រជាជនចិនច្រើនពាន់នាក់មកកាន់កម្ពុជា ដោយផ្តោតលើតំបន់មាត់សមុទ្ររបស់ខេត្តព្រះសីហនុនៅប្រទេសកម្ពុជា។
លោក ងួន សុខវេង បានបង្ហាញការអាក់អន់ចិត្តចំពោះសេចក្តីរាយការណ៍ដែលបានបង្ហាញពីការណ៍ដែលជនជាតិចិនមិនត្រឹមតែមកបោះទុនវិនិយោគរកស៊ីនៅកម្ពុជានោះទេ តែថែមទាំងបានដណើ្តមមុខរបរតូចតាចពីប្រជារាស្ត្រខ្មែរដែលជាម្ចាស់ស្រុក ហើយក៏បានធ្វើឲ្យតម្លៃនៃការរស់នៅកើនឡើងខ្ពស់។
លោកបានចោទថា Channel News Asia ដែលចេញសេចក្តីរាយការណ៍ដែលមានចំណងជើងថា «ពិនិត្យស៊ីជម្រៅ៖ការទូតមូលប្បទានប័ត្ររបស់ចិន» ឬ (Insight: China's Chequebook Diplomacy) បាន«ឈរលើតែព័ត៌មានមួយផ្នែកនិងការវិភាគមិនបានស៊ីជម្រៅ» ជាពិសេសទាក់ទងនឹងការអភិវឌ្ឍនៅទីក្រុងព្រះសីហនុ។
អ្នកស្រី Karen Yew ប្រធានផ្នែកទំនាក់ទំនង និងទីផ្សារសារជីវកម្មទូរទស្សន៍ Channel News Asia បានបញ្ជាក់ VOA តាមសារអេឡិចត្រូនិក ឬអ៊ីម៉េលកាលពីយប់ថ្ងៃសុក្រថា ក្រុមការងារធ្វើសេចក្តីរាយការណ៍បែបស៊ីជម្រៅនេះបានស្រាវជ្រាវអំពីប្រធានបទនៃព័ត៌មានខាងលើយ៉ាងលម្អិត និងបានធានាថា ការយល់ឃើញនានានឹងត្រូវបានបង្ហាញក្នុងសេចក្តីរាយការណ៍នោះ ដោយរាប់បញ្ចូលទាំងទស្សនៈរបស់មន្ត្រីរដ្ឋាភិបាល និងតំណាងសហគមន៍ជាច្រើននាក់ និងប្រជាពលរដ្ឋមូលដ្ឋាន។
អ្នកស្រី Karen Yew បានសរសេរក្នុងន័យដើមថា៖
«ដើម្បីធានាថាការយល់ឃើញរបស់រដ្ឋាភិបាលកម្ពុជាក៏ត្រូវបានរាប់បញ្ចូលនោះ ក្រុមការងារធ្វើសេចក្តីរាយការណ៍បែបស៊ីជម្រៅនេះ បានស្នើសុំធ្វើបទសម្ភាសន៍ជាច្រើន»។
អ្នកស្រីបានបន្ថែមថា៖ «ពួកគេទទួលបានការផ្តល់បទសម្ភាសន៍ជាមួយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងអភិបាលក្រុងព្រះសីហនុលោក អ៊ី សុខឡេង ដែលបានផ្តល់ទស្សនៈរបស់ពួកគេអំពីទំនាក់ទំនងកម្ពុជា-ចិន និងផលប្រយោជន៍ ដែលវិនិយោគរបស់ប្រទេសចិន បាននាំមកជូនកម្ពុជា»។
ក្នុងលិខិតរបស់លោកផ្ញើជូនលោកស្រី ថាំ ឡុកខេង ប្រធានប្រតិបត្តិសារជីវកម្មរបស់ទូរទស្សន៍ Channel News Asia ចុះថ្ងៃទី១២ ខែមិថុនា លោកឯកអគ្គរាជទូត ងួន សុខវេង បានវាយតម្លៃសេចក្តីការណ៍របស់ CNA [Channel News Asia] ថា មិនបានខិតខំបង្ហាញឲ្យបានគ្រប់ជ្រុងជ្រោយទេ អំពីការណ៍ពិតស្តីពីការវិនិយោគ និងវត្តមានចិននៅក្រុងព្រះសីហនុ ហើយផ្ទុយទៅវិញលើកតែទស្សនៈអវិជ្ជមាន ផ្អែកតាមការយល់ឃើញរបស់ប្រជាជនមូលដ្ឋានតែពីរនាក់។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍របស់ទូរទស្សន៍ Channel News Asia ដែលចេញផ្សាយតាំងពីខែកុម្ភៈមកនោះ បានបង្ហាញពីសកម្មភាពសាងសង់អគារជាច្រើនក្នុងខេត្តព្រះសីហនុ និងប្រជាជនចិនដែលបានទៅធ្វើការនិងរកស៊ីក្នុងខេត្តជាប់ដែនសមុទ្រកម្ពុជា។
សេចក្តីរាយការណ៍នេះបានបង្ហាញថា វត្តមានជនជាតិចិនបានធ្វើឲ្យតម្លៃនៃការរស់នៅនៅទីនោះមានការកើនឡើងខ្ពស់ ហើយជនជាតិចិនបានដណ្តើមយកមុខរបរតូចតាចពីប្រជាជនកម្ពុជា។ សេចក្តីរាយការណ៍ដដែលនោះក៏បានរំលេចពីជម្លោះដីធ្លី ដែលបានកើតឡើងក្នុងពេលវិនិយោគចិនចូលកាន់តែច្រើនទៅក្នុងខេត្តព្រះសីហនុ។ អ្នកយកព័ត៌មានរបស់ Channel News Asia ក៏បានលើកពីបញ្ហានយោបាយការបរទេសកម្ពុជា ដោយបានលើកពីតួនាទីរបស់កម្ពុជាក្នុងជម្លោះដ៏ចម្រូងចម្រាសនៅសមុទ្រចិនខាងត្បូងផងដែរ។
លោកឯកអគ្គរាជទូត ងួន សុខវេង បានច្រានចោលបញ្ហាដីធ្លី ដែលបានលើកយកមកបង្ហាញក្នុងសេចក្តីរាយការណ៍របស់ទូរទស្សន៍ Channel News Asia និងបានការពារនយោបាយអព្យាក្រឹតកម្ពុជា ដែលមិនលម្អៀងទៅរកចិន ក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងនោះ៕