កូរ៉េខាងជើងបានបាញ់កាំជ្រួចបាល្លីស្ទិកវង់ប្រតិបត្តិខ្លី២គ្រាប់នៅព្រឹកព្រលឹមថ្ងៃពុធនេះនៅក្នុងអ្វីដែលពួកអ្នកវិភាគខ្លះនៅក្នុងទីក្រុងសេអ៊ូលបាននិយាយថា អាចជាការគំរាមកំហែងលាក់មុខប្រឆាំងនឹងនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដែលបានចតនៅក្នុងទីក្រុងកំពង់ផែរបស់កូរ៉េខាងត្បូងកាលពីប៉ុន្មានម៉ោងមុននោះ។
កាំជ្រួចបាល្លីស្ទិកវង់ប្រតិបត្តិខ្លី២គ្រាប់បានបាញ់ចេញពីតំបន់ Sunan នៅជិតរដ្ឋធានីព្យុងយ៉ាងបានត្រូវគេតាមដានឃើញនៅចន្លោះម៉ោង៣:៣០និង៣:៤៦ព្រឹក។ នេះបើតាមការិយាល័យនាយអគ្គសេនាធិការកងទ័ពរួមរបស់កូរ៉េខាងត្បូង។
ការិយាល័យនេះបានប្រាប់ឱ្យដឹងទៀតថាកាំជ្រួចមីស៊ីលទាំងនេះបានហោះចម្ងាយប្រហែល៥៥០គីឡូម៉ែត្រមុនពេលផ្ទុះធ្លាក់ចូលក្នុងផ្ទៃទឹកនៅផ្នែកខាងកើតឧបទ្វីបកូរ៉េ។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Yasukazu Hamadaបានដាក់ចម្ងាយកាំជ្រួចមីស៊ីលដែលតាមដានឃើញនោះមានចម្ងាយរហូតដល់៦០០គីឡូម៉ែត្រដោយមានរយៈកម្ពស់៥០គីឡូម៉ែត្រដោយលោកនិយាយថាកាំជ្រួចមីស៊ីលនេះអាចមានលទ្ធភាពហោះក្នុងគន្លងខុសពីធម្មតា។
លោករដ្ឋមន្ត្រីការពារជាតិជប៉ុនបាននិយាយថាការបាញ់បង្ហោះនេះជាការមិនអាចទទួលយកបាន ដោយលោកបានបន្ថែមទៀតថាក្រសួងការបរទេសរបស់ជប៉ុនបានដាក់ពាក្យតវ៉ាប្រឆាំង។
នៅក្នុងហេតុការណ៍មួយទៀត ទាហានអាមេរិកាំងម្នាក់ដែលប្រឈមចំណាត់ការវិន័យយោធាសហរដ្ឋអាមេរិកត្រូវបានគេជឿថាបានស្ថិតនៅក្នុងការឃុំឃាំងក្នុងប្រទេសកូរ៉េខាងជើងបន្ទាប់ពីឆ្លងកាត់ព្រំដែនដោយខុសច្បាប់ដែលបានបែងចែកកូរ៉េទាំង២នៅឯតំបន់សន្តិសុខរួមក្នុងភូមិ Panmunjom កាលពីថ្ងៃអង្គារម្សិលមិញ។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austinបានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា«អ្វីដែលយើងបានដឹងពិតប្រាកដគឺថាសមាជិកកងទ័ពរបស់យើងដែលបានធ្វើដំណើរដោយមានចេតនានិងគ្មានការអនុញ្ញាតបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធាឬ MDL។ យើងជឿថាលោកបានស្ថិតនៅក្នុងការឃុំឃាំងនៅសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ»។
ទាហានរូបនោះដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាពលឯក Travis T. King បានស្ថិតនៅក្នុងមជ្ឈមណ្ឌលឃុំឃាំងក្នុងប្រទេសកូរ៉េខាងត្បូងអស់រយៈពេលប្រ ហែល១ ខែកន្លះដើម្បីទទួលវិធានការវិន័យ។ នេះបើតាមមន្ត្រីសហរដ្ឋអាមេរិកម្នាក់ដែលបានប្រាប់ VOA។ មន្ត្រីរូបនោះបានបន្ថែមទៀតថាទាហានរូបនោះបានត្រូវគេយកទៅកាន់ចំណតអាកាសយានដ្ឋានដើម្បីវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ក៏ប៉ុន្តែមិនបានឡើងជិះយន្តហោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Associated Press និង AFP រាយការណ៍ថា លោកKing កាលពីពេលថ្មីៗនេះត្រូវបានគេដោះលែងចេញពីគុកកូរ៉េខាងត្បូងបន្ទាប់ពីជាប់គុកលើបទចោទប្រកាន់ការវាយតប់មក៕