អ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបក្នុងប្រទេសកម្ពុជាគឺអ្នកស្រី ចក់ សុភាព នៅថ្ងៃព្រហស្បតិ៍នេះ បានចូលខ្លួនបំភ្លឺនៅតុលាការរាជធានីភ្នំពេញ ក្នុងសំណុំរឿងប្រធានបក្សជំទាស់គឺលោក កឹម សុខា ដែលត្រូវបានតុលាការចោទប្រកាន់ពីបទក្បត់ជាតិ។
នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR រូបនេះគឺជាសាក្សីទីបីដែលបានចូលខ្លួនបំភ្លឺនៅតុលាការរាជធានីភ្នំពេញ។
ក្រោយការបំភ្លឺប្រាប់ចៅក្រមស៊ើបសួរជាង១ម៉ោងកន្លះ អ្នកស្រី ចក់ សុភាព បានប្រាប់អ្នកសារព័ត៌មានដែលរង់ចាំនៅខាងក្រៅតុលាការថា ចៅក្រមស៊ើបសួរបានសួរនាំអ្នកស្រីទាក់ទិននឹងការងាររបស់អ្នកស្រីនិងដំណើរការ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅមុននិងក្រោយការគ្រប់គ្រងរបស់លោក កឹម សុខា។
ដោយព្យាយាមមិនបញ្ជាក់លម្អិតពីការសាកសួរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នកស្រី ចក់ សុភាព ថ្លែងថា៖
«ដូចខ្ញុំបានបញ្ជាក់គឺពាក់ព័ន្ធនឹងការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅពេលដំបូង ហើយកិច្ចការខ្លះខ្ញុំអត់អាចឆ្លើយបានទោះបីខ្ញុំបានចូលធ្វើការយូរមែន ប៉ុន្តែកិច្ចការជាច្រើនខ្ញុំមិនដឹងទេ។ អញ្ចឹង អ្វីដែលខ្ញុំចង់បញ្ជាក់គឺសួរពាក់ព័ន្ធការងាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅក្រោមការគ្រប់គ្រងរបស់ លោក កឹម សុខា ហើយនឹងការងារពេលបច្ចុប្បន្នខ្លះដែរ»។
លោក កឹម សុខា ដែលពេលនេះកំពុងជាប់ឃុំគឺជាអ្នកបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងឆ្នាំ ២០០២ និងធ្លាប់ធ្វើជាប្រធានអង្គការ នេះអស់ជាច្រើឆ្នាំមុនពេលលោកសម្រេចវិលចូលឆាកនយោបាយវិញនៅឆ្នាំ២០០៧។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់រងការគំរាមបិទទ្វារ ក្រោយការចាប់ខ្លួន លោក កឹម សុខា។ យ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់កាលពីចុងឆ្នាំ ២០១៧ថា អង្គការសិទ្ធិមនុស្សមួយនេះ មិនមានទំនាក់ទំនងនឹង«ករណីក្បត់ជាតិ» របស់ លោក កឹម សុខា នោះទេ។
អ្នកស្រី ចក់ សុភាព គឺជាសាក្សីទីបី ក្នុងចំណោមសាក្សីទាំង ៨រូប ដែលបានចូលខ្លួនបំភ្លឺនៅតុលាការរាជធានីភ្នំពេញ ក្នុងសប្តាហ៍នេះ។ នៅថ្ងៃព្រហស្បតិ៍នេះសាក្សីពីររូបគឺអ្នកស្រី ចក់ សុភាព និង លោក មាស គីមសេង ប្រធានសមាគមធាងត្នោតបានចូលឆ្លើយនៅមុខចៅក្រមស៊ើបសួរ ខណៈសាក្សីមួយរូបទៀត គឺលោក គ្រី សុង អតីតបុគ្គលិករបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចូលខ្លួនកាលពីដើមសប្តាហ៍នេះ។
លោក លី សុផាណា អ្នកនាំពាក្យនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គម តេឡេក្រាម ក្នុងន័យដើមថា៖ «សាក្សីបានចូលឆ្លើយចំនួន២នាក់នៅថ្ងៃនេះ។ មកដល់ថ្ងៃនេះ សាក្សីចូលឆ្លើយបាន៣ នាក់ និងអវត្តមានសាក្សីម្នាក់ ហើយនឹងបន្តសួរសាក្សីផ្សេងទៀតនៅសប្តាហ៍ក្រោយ »។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញបានចេញដីកាកោះ ហៅសាក្សី៨រូបដើម្បីផ្តល់សក្ខីកម្ម លើសំណុំរឿង «ក្បត់ជាតិ» របស់លោក កឹម សុខា។ ភាគច្រើននៃសាក្សីទាំង៨រូបគឺជាមន្ត្រីឬអតីតមន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានប្រជាជនដែលមាននិន្នាការគាំទ្របក្សជំទាស់។
លោក សៀ ភារម្យ ប្រធានអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលជាសាក្សីមួយក្នុងចំណោមនោះ បានប្រាប់ VOA ពីសហរដ្ឋអាមេរិក កាលពីដើមខែមិថុនាថា លោកមិនចាប់អារម្មណ៍ចំពោះដីការបស់«តុលាការតេឡេ» នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ ហើយ លោកក៏នឹងមិនចូលឆ្លើយនៅតុលាការនៅថ្ងៃទី១២មិថុនាខាងមុខដែរ។
អ្នកស្រី ចក់ សុភាព បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងអង្គការសង្គមស៊ីវិលសង្ឃឹមដំណើរការនីតិវិធី ក្នុងសំណុំរឿងរបស់លោក កឹម សុខា នឹងធ្វើឡើងដោយឯករាជ្យ ហើយសិទ្ធិរបស់សាក្សីក៏នឹងត្រូវបានគោរពសិទ្ធិផងដែរ។
«ជាក្តីសង្ឃឹមរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឬក្នុងនាមអង្គការសង្គមស៊ីវិលគឺយើងចង់ឃើញថាដំណើរការនីតិវិធីនេះធ្វើទៅប្រកបដោយឯករាជ្យ ហើយនឹងមិនមានការជះឥទ្ធិពលណាមួយ ហើយជាពិសេសគឺធានាដល់សិទ្ធិអ្នកពាក់ព័ន្ធទាំងឡាយរួមទាំងសាក្សីរួមទាំងជនជាប់ចោទ ទទួលបាននូវសិទ្ធិជំនុំជម្រះដោយយុត្តិធម៌»។
លោក កឹម សុខា ប្រធានបក្សជំទាស់ ដ៏ធំនៅកម្ពុជាត្រូវបានចាប់ឃុំខ្លួនកាលពីដើមខែកញ្ញា កន្លងទៅ ក្រោមបទចោទថារួមដៃជាមួយបរទេសដើម្បីផ្ដួលរំលំរបបគ្រប់គ្រងរបស់ លោក ហ៊ុន សែន។ លោក ត្រូវបានចោទនិងឃុំខ្លួន នៅពន្ធនាគារត្រពាំងផ្លុងនៃខេត្តត្បូងឃុំ។ កម្ពុជាបានរងការរិះគន់និងសម្ពាធយ៉ាងច្រើនពីប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ក្រោយពីរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានឃុំខ្លួនមេបក្សជំទាស់និងរំលាយបក្សដែលមានពលរដ្ឋគាំទ្រជាង៤០ភាគរយក្នុងការបោះឆ្នោតកន្លងមក។ ខណៈដំណើរការកាត់ទោសលោកកឹម សុខា កំពុងតែធ្វើឡើងដោយសន្សឹមៗ។ ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាដោយគ្មានការចូលរួមពីបក្សជំទាស់មួយនេះ៕