ព្រះមហាក្សត្រនរោត្តម សីហមុនីនៃប្រទេសកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋចេញទៅបោះឆ្នោតជាតិក្នុងពេលខាងមុខដោយកុំព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែងឬសម្លុតពីគណបក្សនយោបាយឬបុគ្គលណាម្នាក់។
ព្រះរាជសារអំពាវនាវត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាតាំងពីថ្ងៃទី១៨ខែឧសភាហើយទើបតែចែកផ្សាយតាមបណ្តាញសារព័ត៌មាននៅថ្ងៃអង្គារនេះនិងស្របពេលដែលអ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិកំពុងធ្វើយុទ្ធនាការអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត។
ដោយចាត់ទុកថាការបោះឆ្នោតក្នុងពេលនេះធ្វើឡើងដោយ«សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាពនិងដោយសម្ងាត់» ព្រះមហាក្សត្រនរោត្តម សីហមុនីបានបន្ថែមនៅក្នុងព្រះរាជសារថា៖
«ខ្ញុំសូមជនរួមជាតិទាំងអស់មេត្តាប្រើសិទ្ធិសេរីភាព បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះហើយមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតដោយអវត្តមានគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជាង៤០ភាគរយក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងពេលកន្លងមក។
គណបក្សសង្គ្រោះជាតិបានស្នើសុំពលរដ្ឋកុំទៅបោះឆ្នោតដើម្បីកុំផ្តល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលថ្មីហើយចាត់ទុកថាវាជាការបោះឆ្នោតក្លែងក្លាយ។ អ្នកគាំទ្រនៃគណបក្សនេះបានធ្វើបាតុកម្មនិងគ្រោងធ្វើបាតុកម្មជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិកនិងប្រទេសបារាំងដើម្បីទាមទារឱ្យប្រទេសជប៉ុនដកការគាំទ្រចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ៕