នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋនៅតំបន់ Catalonia ដែលជាតំបន់ស្វ័យតនៃប្រទេសអេស្ប៉ាញបានចេញទៅបោះឆ្នោតប្រជាមតិផ្ដាច់ឯករាជ្យចេញពីប្រទេសអេស្ប៉ាញ ដែលការបោះឆ្នោតនេះត្រូវបានហាមឃាត់ដោយតុលាការធម្មនុញ្ញ។
ស្របពេលនោះដែរ ប៉ូលិសបានរឹបអូសយកសន្លឹងឆ្នោតយ៉ាងហោចណាស់ពីស្ថានីយបោះឆ្នោតមួយកន្លែង។
ក្រសួងមហាផ្ទៃអេស្ប៉ាញបានបញ្ជាក់នៅលើប្រព័ន្ធ Twitter ថា ហិបឆ្នោត និងសន្លឹកឆ្នោតដំបូងៗត្រូវបានរឹបអូស។ ក្រសួងបានបន្ថែមទៀតថា ប៉ូលិសនឹងរឹបអូសសន្លឹកឆ្នោតបន្ថែមទៀតនៅក្នុងតំបន់ Catalonia។
អ្នកនាំពាក្យឲ្យរដ្ឋាភិបាលតំបន់ Catalonia បាននិយាយថា ប្រជាពលរដ្ឋអាចបោះឆ្នោតនៅតាមស្ថានីយបោះឆ្នោតណាក៏បានដែរ ដោយសារតែអាជ្ញាធរអេស្ប៉ាញបានបិទស្ថានីយបោះឆ្នោតមួយចំនួន និងរឹបអូសសន្លឹកឆ្នោត។ ការប្រតាយប្រតប់រវាងប៉ូលិស និងអ្នកបោះឆ្នោតត្រូវបានរាយការណ៍ថាបានកើតឡើងនៅតាមសង្កាត់ខ្លះ។
តុលាការធម្មនុញ្ញប្រទេសអេស្ប៉ាញបានផ្អាកការបោះឆ្នោតប្រជាមតិនេះ ហើយរដ្ឋាភិបាលកណ្ដាលប្រទេសអេស្ប៉ាញបានបញ្ជាក់ថា ការបោះឆ្នោតនេះគឺខុសច្បាប់។
លោក Enric Millo ដែលជាមន្ត្រីសន្តិសុខជាន់ខ្ពស់អេស្ប៉ាញប្រចាំតំបន់ Catalonia ស្ថិតនៅភាគឦសានប្រទេសអេស្ប៉ាញនេះ បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា ប៉ូលិសបានបិទស្ថានីយបោះឆ្នោតចំនួនពាក់កណ្ដាលនៃស្ថានីយបោះឆ្នោតសរុបចំនួនជាង ២៣០០កន្លែង។
លោកបន្ថែមថា អាជ្ញាធរអេស្ប៉ាញបានរុះរើបច្ចេកវិទ្យាដែលមន្ត្រីតំបន់ Calalonia គ្រោងនឹងប្រើសម្រាប់ការបោះឆ្នោត និងរាប់សន្លឹងឆ្នោត ដែលករណីនេះអាចធ្វើឲ្យការបោះឆ្នោតប្រជាមតិនេះពិបាកនឹងធ្វើឡើងណាស់។
មន្ត្រីនៅតំបន់ Catalonia បាននិយាយថា ពួកគេនឹងនៅតែបន្តធ្វើការបោះឆ្នោតប្រជាមតិនេះ ទោះបីជារដ្ឋាភិបាលកណ្ដាលអេស្ប៉ាញហាមឃាត់ក៏ដោយ៕