ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១៣​នាក់​ស្លាប់ ហើយ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​ពី​មាន​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង Barcelona


ប៉ូលិស​ឈរ​នៅ​ជិត​រថយន្ត​វ៉ែន​ដែល​បាន​វាយប្រហារ​ក្នុង​ទីក្រុង ​Barcelona ប្រទេស​អេស្ប៉ាញ។
ប៉ូលិស​ឈរ​នៅ​ជិត​រថយន្ត​វ៉ែន​ដែល​បាន​វាយប្រហារ​ក្នុង​ទីក្រុង ​Barcelona ប្រទេស​អេស្ប៉ាញ។

ប៉ូលិស​នៅ​ក្នុង​ទីក្រុង Barcelona និយាយ​ថា ពួកគេ​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​មាន​មនុស្ស​ម្នាក់​បាន​បើក​រថយន្ត​ដឹក​ទំនិញ​ធុន​តូច​មួយ​គ្រឿង​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ដ៏​មមាញឹក​មួយ​និង​បាន​បុក​មនុស្ស​រាប់​សិប​នាក់។ ហេតុការណ៍​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​១៣​នាក់​ស្លាប់​ហើយ​មនុស្ស​រាប់​សិប​នាក់​ទៀត​រង​របួស។ ​

ប៉ូលិស​អេស៉្បាញ​ម្នាក់​បាន​សរសេរ​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter ថា «យើង​ចាប់​បាន​បុរស​ម្នាក់​ហើយ​យើង​កំពុង​តែ​ចាត់​ទុក​រឿង​នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម‍»។
​ លោក​ Joaquim Forn ​ស្នងការ​ប៉ូលិសនៃ​តំបន់ Catalonia ​បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter ដោយ​បញ្ជាក់​ថា «មនុស្ស​១៣​នាក់​បាន​ស្លាប់​ហើយ​មនុស្ស​ជាង​៥០​នាក់​បាន​រង​របួស‍»។ ​

កាល​ពី​មុន​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា បុរស​ពីរ​នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ប្រើ​របាំង​ការពារ​ខ្លួន​នៅ​ក្នុង​កន្លែង​ផឹក​ស្រា​មួយ​នៅ​ជិត​នោះ ក្រោយ​ពី​ការវាយប្រហារ​នេះ ប៉ុន្តែ​ប៉ូលិស​បាន​បញ្ជាក់​ថា គ្មាន​នរណា​ម្នាក់​ចោះ​រូង​នៅ​កន្លែង​ផឹក​ស្រា​នោះ​ទេ។

កាសែត El Periodico អេស៉្បាញ​បាន​រាយការណ៍​ថា មាន​ឭ​ស្នូរ​កាំភ្លើង​នៅ​ម្តុំ​ផ្សារ La Boqueria ថ្វីដ្បិត​តែ​កាសែត​នេះ​មិន​បាន​ស្រង់​ប្រភព​ព័ត៌មាន​នោះ​ទេ។

កាសែត El Pais រាយការណ៍​ថា អ្នក​បើក​រថយន្ត​នោះ​បាន​រត់គេច​ខ្លួន​ដោយ​ជើង​ទទេ បន្ទាប់​ពី​រត់​ទៅ​ផ្លូវ​ថ្មើរជើង។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​ភ្លាមៗ​នៅ​ឡើយ​ទេ ថា​ខ្មាន់​កាំភ្លើង​នោះ​គឺ​ជា​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ធុន​តូច​នោះ​។ ​
ប៉ូលិស​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ដល់​មនុស្ស​ម្នា​ឲ្យ​ចាកចេញ​ពី​កន្លែង​កើត​ហេតុ ខណៈ​ដែល​ពួកគេ​កំពុង​តែ​ដោះស្រាយ​ករណី​វាយប្រហារ​ភេរវកម្ម៕

XS
SM
MD
LG