ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ Catalan យក​ប្រវត្តិសាស្ត្រ​ជា​សមរភូមិ​ជម្លោះ​ ខណៈពេល​ដែល​អ្នក​ប្រវត្តិសាស្ត្រ​​អេស្ប៉ាញ​​​កំពុង​តតាំង​គ្នា​រឿងនេះ


សកម្មជន​ដើរ​ក្បួន​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​ការ​ប្រកាស​ឯករាជ្យ​របស់​តំបន់ Catalonia នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។
សកម្មជន​ដើរ​ក្បួន​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​ប្រឆាំង​នឹង​ការ​ប្រកាស​ឯករាជ្យ​របស់​តំបន់ Catalonia នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។

វិបត្តិ​ទាមទារ​​ឯករាជ្យ​ភាព​ដ៏​ចម្រូងចម្រាស​ដែល​មិនទាន់​ដោះស្រាយ​រួច​នៅ​ឡើយ​រវាង​ប្រទេស​អេស្ប៉ាញ​​​ និង​ក្រុម​អបគមន៍​ជនជាតិ​ Catalan ​នោះ​​គឺ​បន្ត​មកពី​​ឫសគល់​នៃ​ជម្លោះ​ក្នុង​ប្រវត្តិសាស្ត្រ​​ដ៏​ខ្មៅងងឹត។ ​

ប្រវត្តិ​សាស្រ្ត​ គឺ​ជា​សមរភូមិ​នៃការ​ទាមទារ​ឯករាជ្យដ៏​ចម្រូងចម្រាស​ដែល​មិនទាន់​ដោះស្រាយ​រួច​នៅ​ឡើយ​រវាង​ប្រទេស​អេស្ប៉ាញ​ និងក្រុម​អបគមន៍​ជនជាតិ​ Catalan​ ​ហើយ​ការណ៍​នេះធ្វើ​ឲ្យភាគី​ម្ខាងៗ​បង្គាប់​បញ្ជា​គ្នា​ទៅវិញ​ទៅមក​ និង​នាំ​ឲ្យ​មាន​ស្ថានភាព​ដូចជា​អាវុធ​ និង​បង្កឲ្យ​មាន​ពាក្យ​សម្តីបង្កហេតុ​ដាក់គ្នា ​និងឲ្យ​បោះបង់ចោល​ការទាមទារ​ឯករាជ្យនោះ។

ភាគី​ជម្លោះ​ទាំងពីរ​ ដែលប្រឈម​មុខ​ដាក់គ្នា​ និង​កំពុង​គំរាមកំហែង​ដល់​បូរណភាព​ដែនដីនៃ​ប្រទេស​អេស្ប៉ាញនោះ បាន​នឹង​បង្កើន​កម្តៅនយោបាយ​ដោយ​ការស្រង់​ផ្នែកខ្លះ​នៃ​ខ្លឹមសារ​ប្រវត្តិសាស្រ្ត​ដ៏ខ្មៅ​ងងឹង​នៃ​ប្រទេស​អេស្ប៉ាញ​ និង​តំបន់​ Catalonia ​មក​បង្កហេតុ​ ឬ​ប្រមូល​ទឡ្ហីករណ៍​គាំទ្រ​រៀងៗ​ខ្លួន។​ ​

ភាព​មិនទាន់ដាច់​ស្រេច​ក្នុង​បេះដូង​ និង​ចិត្ត​របស់​ភាគីទាំងពីរនោះ​គឺ​ជម្លោះ​ពាក់ព័ន្ធ​នឹងរឿង​ថា​ តើ​នរណា​បាន​ធ្វើអ្វី​លើ​នរណា​នៃ​ព្រឹត្តិ​ការណ៍​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ១៧១៤​ ​ដែល​ក៏ជា​ឆ្នាំ​និមិត្ត​រូប​សម្រាប់​ជនជាតិ ​Catalan ​នៅ​ពេលរាជធានី​ Barcelona ​របស់​ក្រុម​ជនជាតិ​ Catalan ​ដែល​ស្មោះ​ត្រង់​នឹង​រាជវង្ស​ Habsburg ​ ​ត្រូវបាន​ឡោមព័ន្ធ​យ៉ាងយូរ​នោះ​ ​មុនធ្លាក់ចូល​ក្នុង​ដៃទាហាន​នៃរាជរង្ស​ Bourbon ​គឺ​សម្តេច​ Felipe ទី​៥។ ​

ព្រះមហាក្សត្រ​ដែល​ទទួល​ជ័យជម្នះ​ក្នុង​សង្រ្គាម​ពេលនោះ​ បាន​រុះរើ​រដ្ឋសភា​ថ្នាក់​តំបន់​ Catalonia ​និង​បាន​បិទ​សាកលវិទ្យាល័យ​នានា​ក្នុងទីក្រុង​ និង​ហាមប្រាម​ការ​ប្រើប្រាស់​ភាសា​ Catalan ​ជាភាសា​ផ្លូវ​ការ។ ​

​ចាប់តាំង​ពីពេល​នោះមក​ ក្រុមជនជាតិ​ Catalan ​បាន​ពុះពារ​តស៊ូ​អស់​រយៈពេល​៣​សតវត្ស ​ក្រោម​ការ​គាប​សង្កត់ ការ​មិនការ​គិតគូរ​ខ្វាយខ្វល់ពី​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ​ ដោយពួកគេ​ធ្លាប់​រីករាយ​នឹង​ស្វ័យភាព​ និង​ការ​ទទួល​ស្គាល់​រយៈពេលខ្លី​តែប៉ុណ្ណោះ​ ​ហើយ​ក្រោយមក​ត្រូវ​រង​ការ​បង្ខិតបង្ខំ​ឲ្យ​រំលាយ​វប្បធម៌​ចូលគ្នា​តែមួយដែលជា​ការ​បញ្ជា​ពី​ក្រុម​ជាតិភាគ​ច្រើននៃ​ជនជាតិ Castilian របស់​ប្រទេស​អេស្ប៉ាញ។​ ​

​ព្រះមហា​ក្សត្រ​បច្ចុប្បន្ន​របស់​ប្រទេស​អេស្ប៉ាញគឺសម្តេច​ Felipe ​ទី៦​ ​កាលពីដើម​ខែនេះ​បាន​ចេញ​ព្រះរាជ​សារ​តាម​កញ្ចក់​ទូរទស្សន៍​ដែលមិន​ធ្លាប់​មាន​ពីមុនមក​ ដោយ​ថ្កោល​ទោស​ក្រុមទាមទារ​បំបែក​រដ្ឋ​ជនជាតិ​ Catalan ​ថា​ «ខ្វះ​ភាពស្មោះត្រង់​ចំពោះរាជ​រដ្ឋាភិបាល​អេស្ប៉ាញ» ​និង​បាន​ចាត់ទុក​ថា​ ​ការ​បោះឆ្នោត​ទាមទារ​ឯករាជ្យ​កាលពីថ្ងៃទី១​ ខែតុលាគឺ​ខុសច្បាប់​ និង​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ។​ ក្រុម​អបគមន៍​ជនជាតិ ​Catalan ​បាន​ប្រតិកម្មតប​វិញដោយ​បាន​រំឭក​ឡើង​វិញ​ពី​ការ​គាប​សង្កត់​ក្នុង​សតវត្ស​ទី១៨​ ក្នុង​រជ្ជកាល​ព្រះ​មហាក្សត្រ​ដែល​ជា​រាជ្យ​វង្ស​ជំនាន់ដើម​របស់​ព្រះអង្គ។​ ​

ក្រុម​អ្នក​អត្ថាធិប្បាយ​ជនជាតិ​ Catalan ​ក្នុងនោះ​រួមទាំង​ក្រុម​ដែល​មាន​និន្នាការ​គាំទ្រ​ការ​រួមរួម​គ្នា​ផង​ដែរ​ បាន​និយាយថា​ ព្រះ​មហា​ក្សត្រ​មិនមែន​ជា​បុគ្គលដែល​ត្រូវចេញព្រះរាជ​តម្រិះ​រិះគន់​លើ​រឿង​ដែល​ជំរុញឲ្យ​មានការទាមទារ​ឯករាជ្យភាព​ដោយ​ក្រុម​អបគមន៍​ជនជាតិ​ Catalan ​នោះ​ទេ ​ ហើយ​ត្រូវ​រក​អ្នកផ្សេង​និយាយ​វិញទើប​វា​ល្អជាង។ ក្រុមអ្នក​អត្ថាធិប្បាយ​ទាំងនេះ​បាន​រិះគន់​ថា​ ការ​ថ្លែង​របស់ទ្រង់​គឺកាន់តែ​ធ្វើ​ឲ្យអ្នក​បំបែក​ខ្លួន​កាន់​តែ​បញ្ចេញ​មតិ​ប្រឆាំង​ការមាក់ងាយជាយូរណាស់​របស់​រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីដ​ទៅលើ​អ្នកជាតិ​និយម​នៅ​ក្រោម​អេស្ប៉ាញ​ ដូចជា​ជនជាតិ Catalan ​ជនជាតិ​ Basque និងជនជាតិ ​Galicianនិ​ង​ការគាប​សង្កត់​ពីក្រុម​ជនជាតិ​ Castilian ​នៅ​តំបន់ Catalonia តាំង​ពីឆ្នាំ​១៧១៤។​

ទោះជាយ៉ាងណា​ក្តី​អំណះ​អំណាង​ដែល​កើត​ឡើងនៅ​អតីតកាល​ ​ហើយ​ដែល​ភាគី​ទាំងសង​ខាង​ប្រើប្រាស់​ញឹកញាប់ៗ​បំផុត​ទាក់ទង​នឹង​ការ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​អេស្ប៉ាញ​មិន​ចេះ​ចប់​មិន​ចេះហើយ​នោះ​ គឺសង្គ្រាម​ស៊ីវិល​ និង​របប​ដឹកនាំ​បែបផ្តាច់ការ​របស់​នាយឧត្តមសេនីយ៍​ Francisco Franco។​

ស្វ័យភាព​តំបន់​គឺ​ជា​កត្តា​បណ្តាល​ឲ្យមាន​សង្គ្រាម​ស៊ីវិល​អេស្ប៉ាញ​ ដូចជា​ករណីឧត្តមសេនីយ៍​ Franco ​និង​កងទ័ព​ជាតិ​និយមប្រឆាំង​នឹងការរីក​រាលដាល​នៃ​ចលនា​ទាមទារ​ស្វ័យភាព​សម្រាប់​តំបន់​ Catalonia ​និង Basque ​របស់​រដ្ឋាភិបាល​សាធារណៈ​រដ្ឋឆ្វេង​និយម។​

បើតាម​សម្តី​របស់​ក្រុមទាមទារ​បំបែក​រដ្ឋ​ជនជាតិ​ Catalan​ មួយ​ចំនួន​ ​ លោក​នាយក​រដ្ឋមន្រ្តី​ប្រទេស​អេស្ប៉ាញ​ Mariano Rajoy ​ត្រូវបានគេ​ចាត់ទុក​ជា​បុគ្គលទី២​បន្ទាប់​ពីនាយ​ឧត្តមសេនីយ៍​ Franco ​ហើយ​អ្វី​ដែល​អាច​ប្រៀបធៀប​បាន​នោះ​គឺ​ការបោសម្អាត​ជនជាតិ​ Catalan ​ក្រោយសង្គ្រាម​ស៊ីវិល​ដែល​របបរបស់ឧត្តម​សេនីយ៍​ Franco ​បាន​ប្រហារ​ជីវិត​ជនជាតិ Catalan ​ប្រមាណ​ពី៣.០០០ ទៅ​៤.០០០នាក់។​

ការណ៍​នេះ​គឺជា​សំរែក​ស្រែក​ឈឺចាប់​ខ្លាំង​ជាងការ​ប៉ះ​ទង្គិច​ហិង្សា​នៅតាម​មណ្ឌល​បោះឆ្នោត​កាល​ពីថ្ងៃ​ទី១​ ខែ​តុលា​ទៅទៀត ​ ដែល​នៅពេល​នោះមានមនុស្ស​៨០០​នាក់​បាន​រងរបួស​ ខណៈពេល​ដែល​ក្រុម​ប៉ូលិស​បានព្យាយាម​បិទ​មណ្ឌល​បោះឆ្នោត​ក្នុង​ទីក្រុង​ Barcelona​ ​តាម​បញ្ជា​ពី​រដ្ឋាភិបាល​ក្រុង​Madrid ​ប្រទេស​អេស្ប៉ាញ។​ ​

អ្នកផលិតខ្សែភាពយន្ត​ជនជាតិ​ Catalan ​ម្នាក់​ឈ្មោះ​ Irene Baque ​បាន​រិះគន់ថា៖​ «ការ​គាប​សង្កត់​លើ​ក្រុមជនជាតិ ​Catalan ​ដែល​រស់នៅ​ក្នុង​របប​ដឹកនាំ​បែប​ផ្តាច់ការ​របស់​នាយ​ឧត្តមសេនីយ៍​ Franco ​បាន​ដក់​ជាប់​ក្នុង​បេះដូង​របស់​មនុស្សម្នា​គ្រប់គ្នា​ ហើយ​វា​បាន​ដក់ជាប់​រហូត​ដល់​មនុស្ស​ជំនាន់​ខ្ញុំ​ទៀត»។ ​

មនុស្ស​មួយ​ចំនួន ​ដែល​រិះគន់ក្រុមទាមទារ​បំបែក​រដ្ឋ​ បាន​និយាយ​ថា​ ក្រុម​ជនជាតិ​ Catalan ភាគ​ច្រើន​ទំនងជា​ត្រូវ​សម្លាប់​ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល ​ដោយ​រដ្ឋាភិបាល​សាធារណៈរដ្ឋ​ ដែល​ក្តោប​ក្តាប់​ដោយ​ក្រុម​កុម្មុយនិស្ត​ ខណៈ​ពេល​រដ្ឋាភិបាល​នោះ​ព្យាយាម​បោស​សម្អាត​ក្រុម​អាណាធិបតេយ្យ​ដែល​ក្នុងនោះ​មាន​ក្រុម​អ្នកគាំទ្រ​នយោបាយ​មនោគមវិជ្ជា​ Trotsky ​និង​ក្រុម​នយោបាយ​ដែល​មិន​ពេញ​ចិត្ត​នឹង​ក្រុម​ក្នុង​រដ្ឋាភិបាល​ ​ដែល​ព្រឹត្តិ​ការណ៍​នោះ​គឺ​ជា​សកម្មភាព​កម្ទេច​ក្រុម​ឆ្វេង​និយម​ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​សម័យ​នោះព្យាយាម​ការពារ​ការ​ងើប​ឡើង​នៃ​ចលនា​ហ្វាស៊ីស​និយម​របស់​នាយ​ឧត្តមសេនីយ៍​ Franco។

ការណ៍​ដែលគួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​ចម្លោះ​ឆ្នាំ១៩៣៩​ដល់ឆ្នាំ១៩៧៥​នៃ​របបផ្តាច់ការ​របស់​នាយ​ឧត្តម​សេនីយ៍ ​Franco ​មាន​ក្រុមជនជាតិ​ Catalan ​ដែលមាន​ជីវភាព​មធ្យម​ និង​ក្រុម​ប្រជាជន​ដែល​មាន​ដីធ្លីច្រើន​ ​មើលឃើញ​ថា គុណ​តម្លៃ​អភិរក្ស​និយម​ ច្បាប់​ទម្លាប់​ និង​បទ​បញ្ជា​ផ្សេងៗគឺ​មាន​តម្លៃ​ជា​អាទិភាព​ជាងជាតិ​និយម​របស់​ជនជាតិ​ Catalan។ ​ក្រុមមនុស្ស​ទាំងអស់​នោះ​បាន​គាំទ្រ​របប​នោះ ​និង​ខិតខំ​ពុះពារ​តស៊ូ​រស់​នៅ​ក្នុង​របប​នោះ។​

ក្រុមជាតិ​និយម​អេស្ប៉ាញ​ប្រកាន់​តឹង​មួយ​ចំនួន​រីករាយ​សាទរ​នឹង​ភ្លើង​កម្តៅ​នៃ​ជម្លោះ​កាល​នៃ​អតីត​កាល​នេះ។​

កាលពី​ដើមខែ​នេះ​ អ្នក​តំណាង​រាស្ត្រ​ម្នាក់ឈ្មោះ​ Pablo Casado ​មក​ពីគណបក្ស​ដឹកនាំ​ប្រទេស​របស់​លោក​នាយករដ្ឋមន្រ្តី​ Rajoy ​បាន​ព្រមាន​ថ្នាក់ដឹកនាំ​ក្រុម​ជនជាតិ​ Catalanគឺ​លោក​Carles Puigdemont​ ​ ដោយ​និយាយ​ថា​ ប្រវត្តិសាស្រ្ត​អាច​នឹងកើត​ឡើង​សារជាថ្មី។​ អ្នក​តំណាងរាស្រ្ត​ Casado​ បាន​និយាយ​ថា​ ព្រេង​សំណាង​របស់​លោក​ Puigdemont ​អាចនឹង​ដូចគ្នា​ទៅ​នឹង​ក្រុម​មនុស្ស​មុនលោក​ ​តួយ៉ាង​ដូចជា​លោក​ Lluis Companys​ ដែល​ត្រូវបាន​គេបាញ់​សម្លាប់​ក្នុង​ឆ្នាំ​១៩៤០​ ក្នុង​របប​នាយ​ឧត្តម​សេនីយ៍ ​Franco។ ​

កាល​ពីខែមុន​ ក្រុមជាតិ​និយម​អេស្ប៉ាញក្នុង​រាជ​ធានីម៉ាឌ្រីដ​ បាន​រៀបចំ​ការ​តវ៉ា​ប្រឆាំង​ ដោយ​មាន​អ្នក​ខ្លះ​ស្រែក​ហ៊ោ​សាទរ​គាំទ្រ​អង្គភាព​ប៉ូលិស​ជាតិ​ថា​ «ជយោ​ នាយឧត្តមសេនីយ៍​ Franco» ​នៅ​ពេលក្រុម​ប៉ូលិស​ជាតិ​ដើរ​សំដៅ​ទៅ​រក​ក្រុមជនជាតិ​ Catalan ​ដើម្បី​រារាំង​ការបោះឆ្នោត​ទាមទារ​ឯករាជ្យ​ថ្ងៃទី​១ខែ​តុលា។​

លោក​ Josep Costa ​ដែល​ជាអ្នក​វិទ្យា​សាស្រ្ត​នយោបាយ​មួយរូប​បាន​និយាយ​ថា៖​«រឿង​នេះ​ជាជម្លោះ​នយោបាយ​ដែលអូស​បណ្លាយ​ជាយូរណាស់​មក​ហើយ។​ មូលហេតុបញ្ហា​គឺឋានៈ​របស់​ក្រុម​ជនជាតិ​ Catalan ​ក្នុង​ប្រទេស​អេស្ប៉ាញ​ ដែលជា​បញ្ហា​កើតឡើង​គ្រប់ពេល​ នៅពេល​ណា​ដែល​មាន​ការ​បើក​ចំហ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​សង្គម​អេស្ប៉ាញ»។​

ភាគីទាំងសងខាង​អាច​ត្រូវបាន​គេចោទ​ប្រកាន់​ពីការ​បំពុល​បរិយាកាស​ឲ្យ​មាន​ភាព​ស្មុគស្មាញ​នៃ​ប្រវត្តិ​សាស្រ្ត​អេស្ប៉ាញ។ ​ជនជាតិ​អេស្ប៉ាញ​ភាគច្រើន​នៅតែមិន​ទាន់​ដឹងថា​ សៀវភៅ​ដែល​បោះពុម្ព​មុន​គេ​បង្អស់​នៅ​ប្រទេស​អេស្ប៉ាញគឺបោះពុម្ពជា​ភាសា​ Catalan។ ​អ្នកប្រវត្តិ​សាស្រ្តជនជាតិ​ Catalan ដែល​គាំទ្រការ​បង្រួម​បង្រួម បាន​ត្អូញត្អែរថា​ ពួកគេ​ត្រូវវិទ្យាស្ថានវប្បធម៌ ​Cataloniaមាក់ងាយស្ថាប័ន​វប្បធម៌​នេះមាន​គាំទ្រ​ក្រុម​អបគមន៍​ភាគច្រើន​លើសលប់។ ​

អ្នក​ប្រវត្តិសាស្រ្ត​ជនជាតិអេស្ប៉ាញ​ និង​ជនជាតិ​ Catalan ​មាន​កំហុស​ត្រង់​ដោយ​សារ​ការ​មិន​យល់គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំមក​ ហើយ​ម្យ៉ាងគឺ​អ្នក​ប្រវត្តិសាស្រ្ត​ជនជាតិ​អេស្ប៉ាញ​មិនឲ្យ​តម្លៃ​ការ​ចូល​រួម​មតិ​យោបល់​របស់​ជនជាតិ​ Catalan ​និង​មិនឲ្យ​តម្លៃ​ភាព​រុងរឿង​នៃ​ប្រវត្តិសាស្រ្ត​របស់​ជនជាតិ​ Catalan ​ម្យ៉ាងទៀត​គឺខាង​ក្រុមជនជាតិ​ Catalan​ ក៏ឆ្លើយតប​ធ្វើ​ដូច​ហ្នឹង​ដែរ​ និង​បាន​ផ្សព្វផ្សាយ​ប្រាប់​គេឯង​ថា​ ​ប្រទេស​អេស្ប៉ាញមិន​ល្អ។​ នេះបើយោង​តាម​អ្នក​សារព័ត៌​មាន​ជនជាតិ​ស្វីស​ឈ្មោះ​ Raphael Minder។ ​

ក្នុង​សៀវភៅថ្មី​របស់​លោក​ស្តីពី​នយោបាយ​បះបោរ​របស់​ជនជាតិ​ Catalan ​ដែល​មាន​ចំណង​ជើង​ថា ​ ការ​តស៊ូដើម្បី Catalonia​ ​លោក​បាន​សរសេរ​ថា​ «អត្តសញ្ញាណ​ជាតិបាន​ចាក់​ឫសនៅ​ក្នុង​ប្រវត្តិ​សាស្រ្ត ហើយ​វា​ជារឿង​មួយ​ដ៏​សំខាន់​ណាស់​ដែល​ពួកគេ​ត្រូវប្រារព្ធ​ពិធី​មួយ​ជា​ជាង​ពិធី​ផ្សេង​ទៀត»។​

លោក​បាន​បន្ថែម​ថា​ នៅពេល​ដែល​មាន​ការ​មិន​ត្រូវគ្នា​ខ្លាំង​ក្នុង​រឿង​អតីតកាល​ ​វាកាន់​តែ​លំបាក​ក្នុង​ការ​យល់ស្រប​គ្នា​លើ​រឿង​បច្ចុប្បន្ន​ ហើយ​ចុះ​ទម្រាំ​តែរឿង​អនាគត​នោះ​ គឺកាន់តែ​ពិបាក​ហើយ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​

XS
SM
MD
LG