ក្រុមអ្នកជំនួយពេទ្យដែលគេហៅមកព្យាបាលលោក George Floyd បន្ទាប់ពីមន្ត្រីប៉ូលិសម្នាក់បានយកជង្គង់សង្កត់កលោកអស់រយៈពេលជាង៩នាទីកាលពីឆ្នាំទៅបានផ្តល់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេគិតថា លោកបានស្លាប់បាត់ទៅហើយនៅពេលពួកគេទៅដល់។
លោក Derek Smith អ្នកជំនួយពេទ្យម្នាក់ដែលបានផ្តល់សក្ខីកម្មនៅក្នុងបន្ទប់តុលាការក្រុង Minneapolis កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា នៅពេលដែលលោកបានទៅដល់កន្លែងកើតហេតុ លោកមិនបានរកឃើញថាលោក Floyd នៅមានជីពចរទេ។ លោក Smith ថា «ខ្ញុំគិតថា លោក Floyd បានស្លាប់បាត់ហើយ»។
លោក Seth Bravinder ដែលជាអ្នកជំនួយពេទ្យទី២ បានប្រាប់គណៈវិនិច្ឆ័យកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីប៉ូលិសលោក Derek Chauvin កំពុងតែសង្កត់កលោក Floyd នៅពេលដែលពួកគេបានទៅដល់។
លោក Chauvin បានសង្កត់កលោក Floyd អស់៩នាទី និង២៩វិនាទី ខណៈដែលលោក Floyd បានស្រែកម្តងហើយម្តងទៀតថា លោកមិនអាចដកដង្ហើម ដែលជាការបណ្តាលឲ្យមានការធ្វើបាតុកម្មនៅទូទាំងប្រទេសនិងទូទាំងពិភពលោកដើម្បីគាំទ្រជីវិតជនស្បែកខ្មៅនិងដើម្បីប្រឆាំងប្រព័ន្ធរបស់ប៉ូលិស។
លោក Chauvin ដែលជាជនស្បែកស ត្រូវបានក្រសួងប៉ូលិសរបស់ក្រុងបណ្តេញពីការងារមួយថ្ងៃបន្ទាប់ពីលោក Floyd ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកបានស្លាប់នៅក្រោមសមត្ថកិច្ចប៉ូលិស៕