ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការតែង​តាំង​កាឌីណាល់បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ខុស​គ្នា​នៅ​​មីយ៉ាន់ម៉ា​ និង​វៀត​ណាម


កា​ឌីណាល់​តែងតាំង​ថ្មី​ Charles Maung Bo កំពុង​ធ្វើ​ការ​បួងសួង​ក្នុង​ពិធី​បុណ្យ​សាសនា​មួយ​នៅជាយក្រុង​ យ៉ាងហ្គោន​ ប្រទេស​មីយ៉ាន់ម៉ា​។

​ព័ត៌មាន​នៃ​ការតែងតាំង​កាឌីណាល់​សាសនា​រ៉ូម៉ាំង​កាតូលិកលើក​ទីមួយពី​ប្រទេស​មីយ៉ាន់ម៉ា ដែល​ធ្លាប់​ត្រូវ​បាន​ស្គាល់​ថា​ភូមា​ ​ត្រូវ​បាន​ស្វាគមន៍​ដោយ​ក្រុម​អ្នក​កាន់​សាសនា​ខុសៗ​គ្នា​នៅ​ក្នុង​ប្រទេស​នោះ។

កាល​ពី​ថ្ងៃ​អាទិត្យ ​សម្តេច​ប៉ាប​រ៉ូម៉ាំង​កាតូលិក​ ហ្វ្រង់ស៊ីស​ (Francis) បាន​តែងតាំង​អាសឺវ៉ែក Charles Maung Bo ​ជា​កាឌីណាល់​ថ្មីក្នុង​ចំណោម​កាឌីណាល់ថ្មី២០​នាក់ ដែល​ជាឋានៈលំដាប់​ទី​២បន្ទាប់​ពី​ឋានៈ​សម្តេច​ប៉ាប​។

មេដឹកនាំ​សាសនា​ផ្សេង​ទៀត​មក​ពី​ភូមា ​រួមមាន​មេដឹកនាំ​សាសនា​អូតូដក់​ (Orthodox) ព្រះ​ពុទ្ធ​សាសនានិង​អ៊ីស្លាម​ ​បាន​សរសើរការ​ជ្រើសរើស​លោក Bo ​ដែល​នៅ​ពេល​បច្ចុប្បន្ន​លោកជាអាសឺវ៉ែក​ទីក្រុង​យ៉ាងហ្គោន (Yangon)។​ព្រះតេជគុណ Pyinya Thiha ​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា ​មានបន្ទូល​ថា ​ព្រះអង្គ​សង្ឃឹម​ថា ​កាឌីណាល់​ថ្មី​ ​នឹង​ក្លាយ​ជាកម្លាំង​វិជ្ជមានមួយ​សម្រាប់​ប្រទេស​ទាំង​មូល។

«យើង ​សង្ឃឹម​ថា ​ព្រះ​អង្គ​នឹង​អាច​ធ្វើ​ការ​ឲ្យ​កាន់​តែទូលំទូលាយ ដោយ​រួម​បញ្ចូល​ទាំង​តំបន់ដាច់​ស្រយាល​នានា​នៅតាម​ព្រំដែន​។ក្នុង​ពេលដ៏​ចាំបាច់​បំផុតដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​សង្គម​និងសិទ្ធិពលរដ្ឋ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​របស់​យើង។ ​ខ្ញុំ​សប្បាយរីក​រាយ​ខ្លាំង​ណាស់ដែល​ព្រះ​អង្គ ​បាន​ត្រូវ​តែងតាំង​ជា​កាឌីណាល់នេះ»។​

ភូមា ​ជា​ប្រទេស​ដែល​មាន​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​ដ៏​ច្រើន​លើស​លប់ និង​មាន​អ្នក​កាន់​សាសនា​កាតូលិក​ប្រហែល​៧​សែននាក់​នៃ​ប្រជា​ពលរដ្ឋ​សរុប​ជាង​៥០​លាននាក់។

​ស្រប​ពេល​ជា​មួយ​គ្នា​នេះ វៀត​ណាម​ដែល​ជា​ប្រទេស​ជិត​ខាង ​នឹង​មាន​កាឌីណាល់​រ៉ូម៉ាំងកាតូលិក​ទី​៣របស់​ខ្លួន​ចាប់​តាំង​ពីការ​បញ្ចប់​សង្គ្រាម​វៀត​ណាម​កាល​ពី​ជិត​៤០​ឆ្នាំ​មុន។

អាសឺវ៉ែក​ Pierre Nguyen Van Nhon ​ក៏​ត្រូវ​បាន​តែងតាំង​ដោយ​សម្តេច Pope ​កាល​ពី​ថ្ងៃ​អាទិត្យដែរ។​ទោះ​បី​ជាយ៉ាង​ណាក៏ដោយ​ ការ​ជ្រើសរើស​លោក​កំពុង​ទាក់​ទាញបាន​ទទួល​ការ​សរសើរ​តែ​បន្តិច​បន្តួចប៉ុណ្ណោះនៅ​វៀតណាម។

​លោកឳពុក Vincent Pham Trung Thanh ក្នុង​ទីក្រុង​ហូជីមិញ (Ho Chi Minh) ​និយាយ​ថា ​លោក​យល់ឃើញ​ការ​សម្រេច​នេះ​ថា ​គ្មាន​អ្វីជាង​លិខិត​អរគុណ​ទៅ​កាន់អាសឺវ៉ែក​ទេ។​

«ខ្ញុំសប្បាយ​រីករាយ​ដែល​បាន​ឮ​ព័ត៌មាន​នេះ ក៏ប៉ុន្តែ​ខ្ញុំ​មិន​រំពឹង​ច្រើនពី​ព្រះ​អង្គ​ទេពី​ព្រោះ​ខ្ញុំ ​បាន​ជួប​ព្រះ​អង្គ​ជា​ច្រើន​លើកហើយ​ ហើយ​ព្រះអង្គ បាន​ប្រាប់​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត​ថា ​ព្រះអង្គ ​កាន់​តែ​ចាស់​ហើយហើយ​ថា ​ព្រះ​អង្គ ​ចង់​ចូល​និវត្តិន៍​ដើម្បី​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ជំនួស»។

​លោក Le Thanh Tung ជា​សកម្ម​ជន​សាសនា​កាតូលិក​ ​និយាយ​ថា ​លោក​ចង់​បាន​កាឌីណាល់​ម្នាក់​ដែល​មាន​ឆន្ទៈ​ប្រយុទ្ធ​ដើម្បី​ស្វែង​រកការពិត ​យុត្តិធម៌និង​សេរីភាព​សាសនានៅវៀត​ណាម។

«ខ្ញុំ​មិន​មាន​សុទិដ្ឋិនិយម​អំពី​ការ​ចាត់តាំង​នេះ​ទេ។ខ្ញុំ ​មិន​បាន​ឃើញ​សេចក្តី​សង្ឃឹមអ្វី​ពី​អាសឺវ៉ែក Nhon​ ​ដែល​ត្រូវ​បាន​តែងតាំង​ជាកាឌីណាល់​នោះ​ទេ។នេះ​ ជា​ការ​ចាត់តាំង​ខាង​ការទូត​និង​មាន​តែ​ឈ្មោះជាជាង​ការ​តែងតាំង​ដោយ​ផ្អែកលើ​សាសនា​ពិតប្រាកដ»។

​កាឌី​ណាល់​ថ្មីទាំង​២០​រូប ​នឹង​ត្រូវ​តែ​តាំង​ជា​ផ្លូវការ​នៅ​ខែ​ក្រោយ​នៅ​ក្នុង​ពិធីមួយ​នៅ​វិមាន​វ៉ាទីកង់ (Vatican)៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG