សម្តេចរ៉ូម៉ាំងកាតូលិក Pope Francisបានធ្វើពិធីបួងសួងប្រចាំឆ្នាំក្នុងពិធីបុណ្យណូអែលទៅកាន់មនុស្សរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំគ្នានៅទីលាន St. Peter’s Square ដែលនៅទីនោះព្រះអង្គបានថ្កោលទោសអ្វីដែលព្រះអង្គ បានហៅថាការធ្វើទុក្ខបុកម្នេញដោយព្រៃផ្សៃទៅលើជនជាតិភាគតិចដោយក្រុមរដ្ឋអ៊ីស្លាមដែលបានកាន់កាប់ផ្នែកមួយដ៏ធំនៃប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់នៅដើមឆ្នាំនេះ។
បុណ្យណូអែលជាថ្ងៃដ៏ពិសិដ្ឋមួយសម្រាប់អ្នកកាន់គ្រឹស្តសាសនាដែលបានបា្ររព្ធពិធីនៃការចាប់កំណើតរបស់ព្រះយ៉េស៊ូមួយនេះកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
សម្តេចប៉ាបបានពិភាក្សាជម្លោះនិងវិបត្តិសំខាន់ៗជាច្រើនដែលកំពុងបន្តកើតមានឡើងនៅក្នុងពិភពលោក ដោយព្រះអង្គជំរុញឲ្យមានសន្តិភាពនៅក្នុងប្រទេសនានាដូចជា អ៊ុយក្រែន នីហ្សេរីយ៉ា និងសាធារណរដ្ឋអាហ្វ្រិកកណ្តាលហើយបានថ្កោលទោសការវាយប្រហារកាលពីសប្តាហ៍មុនរបស់ពួកតាលីបានប្រឆាំងនឹងសិស្សសាលាក្នុងប្រទេសប៉ាគីស្ថាន។
សម្តេចប៉ាបក៏បានធ្វើការជូនពរដល់ជនរងគ្រោះដោយសារជំងឺអេបូឡា (Ebola) ជាពិសេសប្រជាពលរដ្ឋនៃប្រទេសលីបេរីយ៉ា (Liberia) សៀរ៉ាឡេអូន (Sierra Leone) និងប្រទេសហ្គីណេ (Guinea) ហើយនិងបានអំពាវនាវឲ្យមានការថែទាំដល់អ្នកទាំងនោះ។
នៅក្នុងទីក្រុង Bethlehem នៃតំបន់ West Bank កាលពីថ្ងៃព្រហស្បត៍ម្សិលមិញ អ្នកកាន់គ្រឹស្តសាសនាបានជួបជុំគ្នាដើម្បីធ្វើពិធីសាសនានៅព្រះវិហារគ្រឹស្តសាសនា Nativity ដែលជាទីកន្លែងព្រះយ៉េស៊ូបានប្រសូត្រ៕