មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនបានបង្ហាញក្តីព្រួយបារម្ភថា មិនអាចចូលរួមការបោះឆ្នោតព្រឹទ្ធសភា នាដើមឆ្នាំក្រោយ ដោយសារបញ្ហាកង្វះឯកសារដែលត្រូវការដោយស្ថាប័នរៀបចំការបោះឆ្នោត ខណៈរដ្ឋាភិបាលកំណត់យកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាសម្រាប់អាណត្តិទី៥។
នេះជាការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោតគឺជាក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០២២កន្លងទៅ ដែលមានចំនួនជាង១ម៉ឺននាក់ និងតំណាងរាស្រ្តក្នុងតំណែងទាំង១២៥រូប ដែលនឹងត្រូវបានបោះឆ្នោតជ្រើសតាំងដោយប្រជាពលរដ្ឋទូទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។
ដើម្បីអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកព្រឹទ្ធសភាបាន លុះត្រាតែបុគ្គលនោះនឹងទៅបោះឆ្នោតនាថ្ងៃអាទិត្យនេះ ស្របតាមច្បាប់បោះឆ្នោតថ្មីដែលស្នើដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ គណបក្សភ្លើងទៀនត្រូវបំពេញលក្ខខណ្ឌផ្សេងៗ ជាពិសេសត្រូវភ្ជាប់ឯកសារដើមចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដែលនេះជាបញ្ហាចម្រូងចម្រាសមួយដែលធ្វើឱ្យគណបក្សភ្លើងទៀនមិនអាចចូលរួមការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងថា៖ «បាទ! បើចង់ឈរឈ្មោះចូលរួមជាបេក្ខជននៃសមាជិកព្រឹទ្ធសភា គណបក្សទាំងអស់ត្រូវពិនិត្យនូវលក្ខខណ្ឌនិងឯកសាររបស់ខ្លួននិងត្រៀមទុកជាមុនកុំចាំដល់ពេលហើយបានធ្វើការដោះស្រាយ គឺនឹងមិនអាចទាន់ពេលវេលានោះទេ»។
ក្នុងករណីដែលគណបក្សភ្លើងទៀនមិនមានឯកសារដើមចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ លោក ហង្ស ពុទ្ធា បញ្ជាក់ថាគណបក្សជំទាស់មួយនេះត្រូវតែរូតរះដាក់ពាក្យប្តឹងទៅនគរបាលប៉ុស្តិ៍ និងស្នើសុំឱ្យក្រសួងមហាផ្ទៃបញ្ជាក់លិខិតទុតិយតាឱ្យគណបក្ស ដើម្បីអាចយកមកប្រើប្រាស់ជាផ្លូវការ និងអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភាបាន។
លោកប្រាប់វីអូអេថា៖ «រាល់ការចុះបញ្ជីគណបក្សនយោបាយ និងដាក់បេក្ខជន ត្រូវភ្ជាប់ជាមួយនូវឯកសារសំខាន់ជាងគេ គឺសេចក្តីចម្លង ដោយធ្វើនីត្យានុកូលកម្មស្តីពីការប្រកាសនៃការចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ នេះគឺជាឯកសារសំខាន់ ហាក់ដូចជាលិខិតឆ្លងដែន អ៊ីចឹង»។
វិសោធនកម្មនៃច្បាប់បោះឆ្នោតថ្មីដែលត្រូវបានស្នើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់លក្ខខណ្ឌថា បុគ្គលដែលអនុវត្តសិទ្ធិបោះឆ្នោតនៃការបោះឆ្នោតជាសកលពីរដងជាប់គ្នា ទើបអាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភាបាន ដូចទៅនឹងការឈរឈ្មោះឱ្យគេបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផងដែរ។ នេះជាបញ្ហាប្រឈមរបស់សមាជិកគណបក្សភ្លើងទៀនមួយទៀត ដែលមិនចង់ទៅបោះឆ្នោត ដោយសារអវត្តមានគណបក្សដែលខ្លួនពេញចិត្ត។
អ្នកស្រី ក្រូច សំអាន តំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជា ធ្លាប់បានថ្លែងក្នុងកិច្ចប្រជុំសភាអំពីវិសោធនកម្មច្បាប់បោះឆ្នោតកាលពីខែមិថុនាថា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាដែលជាការបោះឆ្នោតអសកល ដោយតម្រូវឱ្យបេក្ខជនបោះឆ្នោតចំនួនពីរលើក គឺមិនអាចអនុវត្តបានឡើយ។ អ្នកស្រីថាដើម្បីធានាសង្គតភាព និងអនុភាពនៃការអនុវត្តច្បាប់ នោះនឹងមានការរៀបចំមាត្រាអន្តរបញ្ញត្តិសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ ដែលចែងលក្ខខណ្ឌកំណត់យកតែការបោះឆ្នោតមួយដងប៉ុណ្ណោះ នោះបេក្ខជនអាចឈរឈ្មោះបានហើយ។ នេះមានន័យថា អ្នកនយោបាយដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត នៅក្នុងការបោះឆ្នោតព្រឹទ្ធសភាខាងមុខ ត្រូវទៅបោះឆ្នោតនាថ្ងៃអាទិត្យនេះ។
ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាឆ្នាំ២០២៤ខាងមុខ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀននៅតែបារម្ភខ្លាចមានឧបសគ្គរាំងស្ទះ ដែលធ្វើឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួនបាត់បង់សិទ្ធិ ដូចទៅនឹងការបាត់សិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែរ ប្រសិនបើស្ថាប័ន គ.ជ.ប ត្រូវការឯកសារដូចគ្នា។
អ្នកនាំគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេថា៖ «វាជាការពិតហើយណាស់។ អាហ្នឹងបើសិនជាគេទាមទារអាហ្នឹងព្រោះយើងបាត់បង់រួចទៅហើយ។ អ៊ីចឹងទេ វាជាបញ្ហាប្រឈមហើយ ប៉ុន្តែយើងកំពុងតែគិតថាក្រោយការបោះឆ្នោតជាតិហ្នឹង យើងនឹងធ្វើកិច្ចការនេះជាមួយក្រសួងមហាផ្ទៃ ដើម្បីសុំធ្វើទុតិយតា ហើយបានឬមិនបានអាហ្នឹងតាមហ្នឹងតទៅទៀត។ បើសិនគេថាភ្លើងទៀនជាគណបក្សស្របច្បាប់ មានចុះបញ្ជី វាគួរតែបាន តែបើថាមិនបាន អាហ្នឹងជារឿងមួយទៀតហើយ»។
មន្រ្តីគណបក្សភ្លើងទៀនរូបនោះអះអាងថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយ ដោយស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ១៩៣ ពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានតាមការស្នើសុំ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាក្រសួងមហាផ្ទៃមិនទាន់អាចសម្រេចបែបណាទៀតនៅឡើយទេ ទាក់ទងនឹងសំណើរបស់គណបក្សភ្លើងទៀន ដែលចង់ស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ១៩៣ ពីក្រសួងមហាផ្ទៃ។ លោកបន្ថែមថាក្រសួងចាំមើលការសម្រេចរបស់រដ្ឋាភិបាលអាណត្តិថ្មី។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ធ្វើឡើងក្នុងរយៈពេល៦ឆ្នាំម្តង ដែលជ្រើសរើសសមាជិកព្រឹទ្ធសភាជាង៦០រូប ពោលគឺមានចំនួនសមាជិកស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភាទាំងមូលដែលមានចំនួន១២៥រូប៕