ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើង​ទៀន​បន្ត​ស្នើ​សុំ​ឯកសារ​ដើម្បី​អាច​ចូលរួម​ការ​បោះ​ឆ្នោត ខណៈ​រង​ការ​ព្រមាន​រំលាយ​គណបក្ស


រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។

គណបក្ស​ភ្លើង​ទៀន​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បន្ត​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ​បន្ត​ទៀត ដើម្បី​ធានា​ថា ​ខ្លួន​មាន​លទ្ធភាព​ចូលរួម​ការ​បោះ​ឆ្នោត​នា​ពេល​ក្រោយ។ ស្រប​ពេល​ជាមួយ​នេះ គណបក្ស​ភ្លើង​ទៀន​ក៏​រង​ការ​ព្រមាន​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ការ​រំលាយ​គណបក្ស​ជំទាស់​មួយ​នេះ។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ភស្តុតាង​មាន​គ្រប់គ្រាន់​អំពី​អ្នក​ណា​ខ្លះ​ គេ​បង្កើត​នូវ​ Channel សប្បាយ​តេឡេក្រាម។ ខ្ញុំ​បាន​ចូល​ទៅ​ខមិន​ផ្ទាល់​នៅ​ក្នុង​ហ្នឹង​ ហើយ​យើង​ឃើញ​មុខ​សញ្ញា​មួយ​ចំនួន​ដែល​ចេញ​ពី​ស្រុក​ក្រៅ​ចូល​មក​បក្ស​នយោបាយ​មួយ​ អ៊ីចឹង​ទេ​ តើ​បក្ស​នេះ​គួរតែ​ត្រូវ​បាន​រំលាយ​ឬ​ក៏​អត់។ ឥឡូវ​បើ​ចៅហ្វាយ​របស់​បក្ស​នេះ​ពីខាង​ក្រៅ​ លើក​ដៃ​កាប់​មក​លើ​យើង​ យើង​ក៏​មិន​ញញើត​ជា​មួយ​នឹង​ផ្តាច់​ផ្តួល​ឬស​គល់​ក្រវាត់​ចោល​ដែរ»។

កាល​ពី​ថ្ងៃព្រហស្បតិ៍ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​លើក​ឡើង​ថា ​ខ្លួន​បាន​ព្យាយាម​ស្នើសុំច្បាប់​ដើម​នៃ​ប្រកាស​លេខ​ ១៩៣ ប្រក ចុះ​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​ ១៩៩៨ របស់​ក្រសួង​មហាផ្ទៃ​ ស្តី​ពី​ការចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​ដែល​គណបក្ស​ភ្លើង​ទៀន​បាន​បាត់​ នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​ភ្លើង​ទៀន រហូត​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន។

គណបក្ស​ភ្លើង​ទៀន​បញ្ជាក់​ថា ​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការរក​ដំណោះ​ស្រាយ​ជា​មួយ​ក្រសួង​មហាផ្ទៃ​ ហើយ​សង្ឃឹម​ថា​ ក្រសួងមហាផ្ទៃ​នៃរដ្ឋាភិបាល​អាណត្តិ​ថ្មី​ នឹង​ជួយ​ផ្ដល់​ដំណោះ​ស្រាយ​ពាក់ព័ន្ធ​ ឯកសារ​លិខិត​បញ្ជាក់​ការចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​គណបក្ស​ភ្លើង​ទៀន​យក​មក​ប្រើប្រាស់​ក្នុង​ការចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ សម្រាប់​ការបោះឆ្នោត​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ជា​បន្ត​បន្ទាប់​នៅ​ពេល​ខាង​មុខ។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក រ៉ុង ឈុន ប្រាប់​វីអូអេ​ថា លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ច្រើន​ដង​មក​ហើយ​មក​លើ​គណបក្ស​ភ្លើង​ទៀន​ថា ​មាន​ការជាប់​ទាក់ទង​នឹង លោក ​សម រង្ស៊ី។ ប៉ុន្តែ​លោក​ថា ​គណបក្ស​ភ្លើងទៀន​គឺ​ជា​គណបក្ស​ស្រប​ច្បាប់​ និង​មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង លោក ​សម រង្ស៊ី ឡើយ។

លោក​បន្ថែម​ថា​ គណបក្ស​ភ្លើង​ទៀន​នឹង​នៅ​តែ​បន្ត​ទាក់ទង​ទៅ​ក្រសួង​មហា​ផ្ទៃ និង​ភាគី​ផ្សេងៗ ដើម្បី​អាច​ឱ្យ​គណបក្ស​ភ្លើង​ទៀន​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខៗ។

លោក​បញ្ជាក់​ថា៖ «ទាក់ទង​ទៅ​នឹង​ក្រសួង​មហផ្ទៃ​បដិសេធ​មិន​ទទួល​គណបក្ស​ភ្លើងទៀន ​យើង​នឹង​ធ្វើ​ការងារ​ជា​មួយ​និងស្ថានទូត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​មហាផ្ទៃ​ធ្វើ​ម៉េច​ឱ្យ​គណបក្ស​ភ្លើង​ទៀន​បាន​សេចក្តី​ចម្លង​ឬ​លិខិត​បញ្ជាក់​ណា​មួយ​ដែល​គ.ជ.ប ទទួល​យក​បាន​ក្នុងការ​ចុះ​ឈ្មោះ​បេក្ខជន​ ក៏​ដូច​ជា​ចុះ​ឈ្មោះ​បញ្ជី​គណ​បក្ស​នយោបាយ​ក្នុង​ការប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ខាង​មុខ​នេះ»។

លោក​ក៏​ជំរុញឱ្យ​ក្រសួង​មហាផ្ទៃ​គួរ​តែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ជុំវិញ​បញ្ហា​នៃ​ការ​ស្នើ​សុំ​ច្បាប់​ដើម ថា​តើ​ក្រសួង​អាច​ផ្តល់​ឲ្យ​ឬយ៉ាងណា។

លោក​ថ្លែងថា៖ «ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​ចង្អុល​បង្ហាញ​ធ្វើ​ការ​ណែនាំ​ឱ្យ​ច្បាស់​ជា​ផ្លូវ​ការ​មក​គណ​បក្ស​ភ្លើង​ទៀន ដើម្បី​ធ្វើ​ម៉េច​ឱ្យគណបក្ស​ភ្លើង​ទៀន​បំពេញ​ទៅ​តាម​អ្វី​ដែល​ជា​ការ​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ​ក្នុង​ការដែល​យើង​ចង់​បាន​លិខិត ដើម្បី​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ក្នុង​ការប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ថ្នាក់​សកល​ព្រឹទ្ធសភា​នៅ​ពេល​ខាង​មុខ​នេះ​បាទ»។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ ប្រាប់​វីអូអេថាក្រសួង​មហាផ្ទៃ​អនុវត្ត​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា​៖ «ក្រសួង​មហា​ផ្ទៃ​មិន​មាន​សមត្ថកិច្ច​អី​ដោះស្រាយក្នុង​ការ​ណ៍​ដែល​គ.ជ.ប​ មិន​ចុះ​ឈ្មោះ​ឱ្យ​គណបក្ស​ភ្លើង​ទៀន​បាន​ចូល​ប្រកួត​ប្រជែង​ទេ។ ការប្រកាស​ទទួល​ឬ​មិន​ទទួល​ត្រូវ​បាន​ គ.ជ.ប បដិសេធ​មិន​ទទួល​ហើយ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​រួច​ហើយ​ថា​មិន​ទទួល​គណបក្ស​ភ្លើង​ទៀន​ចូល​រួម​ការបោះឆ្នោត​ទេ។ ​និយាយ​រួម​គឺបាត់​បញ្ជី​ជាតិ​ដើម​ ដែល​គេ​ចង់​បាន​តែ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​ឱ្យ​ហើយ​តើ។ តែ​សំបុត្រ​ដើម​នោះ​ ទុក​នៅ​ឯណា​ ហើយ​បើ​ជួប​នឹង​ក្រសួង​មហាផ្ទៃ ក៏​ក្រសួង​មិន​មាន​សិទ្ធិ​អី​ធំ​ជាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែរ»៕

XS
SM
MD
LG