ភ្នំពេញ — គណបក្សនយោបាយចំនួន ១៧ បាននិងកំពុងត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមបឹ្រក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិនេះ មានឃុំសង្កាត់ចំនួន ១,៦៥២ នៅទូទាំងរាជធានីខេត្ត។ បច្ចុប្បន្ន ឃុំសង្កាត់ទាំងជាង ១,៦០០ នោះ កំពុងត្រូវបានគ្រប់គ្រងដោយមេឃុំ និងចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយគណបក្សកាន់អំណាចប្រមូលយកអាសនៈរបស់មេឃុំចៅសង្កាត់គណបក្សប្រឆាំងមួយនេះទាំងអស់ ចំនួន ៤៨៩។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានសារៈសំខាន់នៅក្នុងការផ្តល់អំណាចដល់ក្រុមអ្នកនយោបាយដឹកនាំនៅថ្នាក់មូលដ្ឋាន ដែលជាស្នូលនៃគោលនយោបាយវិមជ្ឈការ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យពហុបក្សនៅថ្នាក់មូលដ្ឋាន។ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់លើកដំបូងត្រូវបានធ្វើឡើងនៅឆ្នាំ ២០០២ ដោយបានដាក់បញ្ចូលអ្នកនយោបាយមកពីគណបក្សប្រឆាំងមួយចំនួន ដូចជាគណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្សសម រង្ស៊ី ទៅក្នុងមុខតំណែងដឹកនាំភូមិឃុំជាលើកដំបូងនៃប្រវត្តិសាស្ត្រនយោបាយសម័យថ្មី ក្រោយរបបខ្មែរក្រហម។
នៅក្នុងការបោះឆ្នោតអាណត្តិនេះ មានគណបក្សនយោបាយចំនួន ១៧ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន ហ្វ៊ុនស៊ិនប៉ិច ខ្មែររួបរួមជាតិ ខ្មែរស្រឡាញ់ជាតិ សញ្ជាតិកម្ពុជា យុវជនកម្ពុជា ឆន្ទៈខ្មែរ កែទម្រង់កម្ពុជា កម្ពុជានិយម ប្រជាធិបតេយ្យមូលដ្ឋាន ខ្មែរតែមួយ សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ឯកភាពជាតិខ្មែរ រស្មីខេមរា និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
សម្រាប់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (L.D.P.) ដែលតែងឈរឈ្មោះបោះឆ្នោតជាច្រើនអាណត្តិមកហើយនោះ បានប្រកាសមិនចូលរួមការបោះឆ្នោតនេះ ដោយបញ្ជាក់ថា មានការរឹតត្បិតខ្លាំងពីសំណាក់ គ.ជ.ប. ជាមួយនឹងនីតិវិធីដែលមិនចែកចាយទម្រង់លទ្ធផលឆ្នោតបឋមតាមការិយាល័យ (ទម្រង់១១០២) ទៅឱ្យភ្នាក់ងារគណបក្សនយោបាយ ហើយថាសំណើខ្លួនទៅគ.ជ.ប.ជុំវិញការកំណត់សុពលភាពសន្លឹកឆ្នោតបានការ មិនត្រូវបានគ.ជ.ប.ទទួលកែប្រែ។
រាល់គណបក្សដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត មិនមានបេក្ខជនឈរជាមេឃុំចៅសង្កាត់នៅគ្រប់ឃុំសង្កាត់ទាំងអស់នោះទេ លើកលែងតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានបេក្ខជននៅគ្រប់ទូទាំងឃុំសង្កាត់ទាំងអស់។ បេក្ខជនរបស់គណបក្សទាំង ១៧ មានចំនួនសរុប ៥,៥០៨ នាក់។ ក្នុងនោះគណបក្សប្រជាជនដាក់បេក្ខជនចំនួន ១,៦៥២ នាក់ ចំណែកគណបក្សភ្លើងទៀន ដាក់បេក្ខជនចំនួន ១,៦២៣ នាក់ ស្ទើរតែគ្រប់ឃុំសង្កាត់ លើកលែងតែឃុំចំនួន ៣។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងក្នុងរយៈពេលតែមួយថ្ងៃគត់ គឺនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង៣រសៀល។ ដើម្បីអាចចូលរួមការបោះឆ្នោតនេះបាន ពលរដ្ឋត្រូវតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ប្រសិនបើមិនមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទេ នោះទាំងពលរដ្ឋ និងព្រះសង្ឃ ត្រូវទៅស្នើសុំលិខិតបញ្ជាក់អត្តសញ្ញាណនៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងថា៖ «ត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ហើយថេរវេលានៃការស្នើសុំគឺចាប់តាំងពីថ្ងៃទី ៥ ខែឧសភា រហូតទៅដល់ថ្ងៃ៣ ខែមិថុនា។ អ៊ីចឹងថ្ងៃបោះឆ្នោតមិនអាចស្នើសុំបានទេ អ៊ីចឹងក៏មិនអាចបោះឆ្នោត មានន័យថា ក៏មិនអាចបោះឆ្នោតបានដែរ»។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១ នាក់។ អ្នកសង្កេតការណ៍មកពីអង្គការជាតិចំនួនជាង ៤ ម៉ឺននាក់ តែមិនមានអ្នកសង្កេតការណ៍អន្តរជាតិ និងតំណាងស្ថានទូតនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា។
ទោះជាមានគណបក្សនយោបាយចម្រុះដល់ទៅ ១៧ ចូលរួមប្រជែងយកតំណែងដឹកនាំឃុំសង្កាត់ ខណៈចំនួនអ្នកដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក៏មានច្រើនក្តី ក៏បរិយាកាសនយោបាយជុំវិញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិនេះ ត្រូវបានគេយល់ថា មានសភាពខុសគ្នាខ្លាំងទៅនឹង ៥ឆ្នាំមុន ដោយសារពេលនោះមានលទ្ធផលបោះឆ្នោតដ៏ប្រកៀកប្រកិតគ្នាមួយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ មិនមានភាពល្អប្រសើរដូចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ កាលពីឆ្នាំ ២០១៧ នោះទេ។
លោកថា ការបោះឆ្នោតអាណត្តិនេះ មានការបង្កើតច្បាប់ដើម្បីរឹតត្បិតការចូលរួមនយោបាយរបស់គណបក្សប្រឆាំងមួយចំនួន ការចាប់ខ្លួនសកម្មជនគណបក្សនយោបាយពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ការចាប់ខ្លួននិងធ្វើទុកបុកម្នេញលើសកម្មជនគណបក្សនយោបាយប្រឆាំង ការបន្តអនុញ្ញាតឲ្យមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធបង្ហាញការគាំទ្រគណបក្សនយោបាយជាដើម។
លោក កន សាវាង្ស បន្ថែមថា បើតាមការសង្កេតរបស់លោក ក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ មក លោកនៅតែឃើញប្រជាពលរដ្ឋហាក់មិនអស់ចិត្តនឹងការបាត់បង់គណបក្សដែលពួកគេគាំទ្រ។
លោក កន សាវាង្ស បញ្ជាក់ថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការបាត់បង់មួយយ៉ាងធំសម្រាប់អ្នកដែលគាំទ្រគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស និងជាមូលហេតុធ្វើឲ្យមានការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិយ៉ាងច្រើន។
«ការរំលាយគណបក្សសង្គ្រោះជាតិកន្លងមក វាជាមេរៀនមួយសម្រាប់ប្រទេសជាតិយើង ដែលបង្ហាញពីភាពបែកបាក់មួយយ៉ាងធំទៅលើផ្នែកនយោបាយ ហើយដែលធ្វើឱ្យទាំងអ្នកគាំទ្រក៏ដោយ អ្នកនយោបាយផ្សេងៗក៏ដោយ គាត់ថា គាត់នឹកស្មានមិនដល់នឹងការបាត់បង់នេះ រហូតដល់សហគមន៍អន្តរជាតិចេញសេចក្តីថ្លែងការណ៍ ឬក៏ស្នើឲ្យរដ្ឋាភិបាលស្ដារនូវលទ្ធិប្រជាធិបតេយ្យវិញ ឲ្យមានការប្រកួតប្រជែងរបស់គណបក្សសង្គ្រោះជាតិកាលឆ្នាំ២០១៨ រហូតឱ្យមានការសម្របសម្រួលផ្នែកនយោបាយរហូតមកដល់ពេលបច្ចុប្បន្ននេះទៀត»។
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានបង្ហាញការយល់ឃើញរបស់ពួកគេ លើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិនេះ ថាមានភាពខុសគ្នាពីអាណត្តិមុន។
លោក ចាន់ ថា អ្នករត់ Pass App នៅរាជធានីភ្នំពេញ ប្រាប់ VOA ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុនមានគណបក្សប្រឆាំងចូលរួម ធ្វើឲ្យមានភាពអ៊ូអរ ប៉ុន្តែសម្រាប់ការបោះឆ្នោតអាណត្តិនេះហាក់មានភាពស្ងប់ស្ងាត់។
បុរសវ័យ ៦១ ឆ្នាំរូបនេះបញ្ជាក់ថា៖ «អាណត្តិមុនមនុស្សហ៊ឹកហ៊ាក់ ចង់និយាយថាហ៊ឹកហ៊ាក់ ម្នាក់ៗសប្បាយចិត្ត។ ដល់អាណត្តិនេះឃើញដូចធម្មតាៗ ចង់និយាយថាធម្មតាអ៊ីចឹង យើងមិនដឹងរឿងនយោបាយយ៉ាងម៉េច យើងប្រជាជនយើងមិនអាចដឹងបានទេ គ្រាន់តែយើងឃើញស្ងាត់យើងប្រាប់ថាស្ងាត់ អត់មានហ៊ឹកហ៊ាក់ដូចមុន»។
ចំណែកលោក អៀ សៀង អ្នករត់ម៉ូតូកង់បីនៅក្បែរផ្សារចាស់ រាជធានីភ្នំពេញ លើកឡើងថា លោកមិនសូវចាប់អារម្មណ៍នឹងការបោះឆ្នោតនោះទេ ដោយលោកថា លោករវល់ប្រកបរបរដើម្បីចិញ្ចឹមជីវិត។
ទោះយ៉ាងណា លោកបង្ហាញការយល់ឃើញលើដំណើរការនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិនេះថា៖ «មានគណបក្សតូចៗហ្នឹង មើលទៅអត់មានសង្ឃឹមទេ គ្រាន់តែឈរឈ្មោះឱ្យតែបោះៗ ឱ្យតែគម្រប់ៗទៅ។ អ្នកដឹកនាំ នៅអ្នកដឹកនាំដដែល»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិនេះ ខុសពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុន ដោយសារមិនមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិដែលជាគណបក្សបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ីរបស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។
គណបក្សប្រឆាំងនេះ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ពោលគឺ ៥ ខែក្រោយការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ រួច ដែលគណបក្សនេះបានឈ្នះការបោះឆ្នោតដោយកាន់កាប់អាសនៈឃុំសង្កាត់ស្ទើរតែពាក់កណ្តាលនៃចំនួនភូមិឃុំសរុប។ នៅពេលនោះ គណបក្សសង្គ្រោះជាតិត្រូវបានគេមើលឃើញថាជាគូប្រកួតប្រជែង ដែលគំរាមកំហែងដល់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ និងសង្គម លើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នេះ នៅតែមានការគំរាមកំហែង និងការដាក់គំនាបផ្សេងៗនៅតាមមូលដ្ឋាន។ ចំណែកសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតែមានសមាសភាពភាគច្រើនមកពីគណបក្សកាន់អំណាចដដែល។
លោកបណ្ឌិត មាស នី បន្ថែមថា បើតាមការសង្កេតរបស់លោក ប្រជាពលរដ្ឋហាក់មិនសូវចាប់អារម្មណ៍នឹងការបោះឆ្នោតអាណត្តិនេះប៉ុន្មាននោះទេ ដោយសារមិនមានគណបក្សនយោបាយដែលជាគូប្រជែងរបស់គណបក្សកាន់អំណាច។
«ឆ្នាំ២០២១ ២០១៣ និង២០១៧ យើងឃើញថាគូប្រកួតវាមានសភាពប្រហាក់ប្រហែលគ្នា គឺពេលនោះគឺពលរដ្ឋហាក់ដូចជានាំគ្នាសម្រុកទៅបោះឆ្នោតទាំងគ្រប់គណបក្សទាំងអស់ មានដើរជួយជញ្ជូនគ្នាទៀត។ ប៉ុន្តែក្រោយពីមានការរំលាយ [គណបក្ស] សង្គ្រោះជាតិមក ហើយយើងឃើញថាគណបក្សនយោបាយនៅស្រុកខ្មែរហ្នឹងគឺបានបាត់បង់នូវភាពប្រកួតប្រជែងខ្ពស់ហើយ គឺមានតែគណបក្សកាន់អំណាចមួយដែលត្រូវកាន់កាប់អំណាចតែម្នាក់ឯង ដល់អ៊ីចឹងទៅវាហាក់ដូចជាធ្វើឲ្យពលរដ្ឋហ្នឹងហាក់ដូចជាមិនសូវស្ទុះស្ទានៅក្នុងការបបួលគ្នាទៅបោះឆ្នោតប៉ុន្មានទេ»។
បើតាមលោកបណ្ឌិត មាស នី ការបន្តឲ្យនយោបាយកម្ពុជាស្ថិតក្នុងស្ថានភាពរឹតត្បិត និងគ្មានគូប្រជែងនយោបាយបែបនេះ នឹងធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិកាន់តែរិះគន់ ហើយគុណភាពនៃប្រព័ន្ធគោលនយោបាយវិមជ្ឈការនៅតែមានកម្រិត គ្រាដែលថ្នាក់ដឹកនាំឃុំសង្កាត់ នៅតែបន្តក្តោបក្តាប់ដោយគណបក្សកាន់អំណាច។
ឆ្លើយតបទៅនឹងការរិះគន់របស់ប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានណាមួយ លោក ហង្ស ពុទ្ធា ដែលជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុវត្តទៅតាមច្បាប់ក្នុងការរៀបចំការបោះឆ្នោតដោយធានាថា ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
«ការព្រួយបារម្ភ ឬក៏ការលើកឡើងវាគ្រាន់តែជាការបញ្ចេញមតិ ហើយក៏មិនមែនជាការជាក់ស្តែងនោះដែរ។ ហើយយើងនឹងពិនិត្យទៅលើលទ្ធផលនៃការចូលរួមរបស់ប្រជាពលរដ្ឋ ហើយនិងភ្នាក់ងារជាអ្នកសង្កេតការណ៍ ឬក៏គណបក្សនយោបាយបន្ថែមទៀត។ ពិសេសអ្វីៗ ទាំងអស់គ្នានឹងឃើញនៅថ្ងៃបោះឆ្នោត»។
ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុន ពោលគឺអាណត្តិទី ៤ ដែលធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ មានគណបក្សនយោបាយចំនួន ១២ បានចូលរួមប្រកួតប្រជែង ដោយក្នុងនោះមានគណបក្សធំៗពីរ បានដាក់បេក្ខជនគ្រប់ឃុំសង្កាត់ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតចំនួន ៣,៥៤០,០៥៦ សំឡេង ស្មើនឹង ៥០.៧៦ ភាគរយ ហើយគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោត ចំនួន ៣,០៥៦,៨២៤ សំឡេង ស្មើនឹង៤៣.៨៣ភាគរយ។ បើគិតជាអាសនៈគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៦,៥០៣ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន ១,១៥៦) គណបក្សសង្គ្រោះជាតិ ទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧ (បានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩)។
ការរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេសនាពេលនោះ បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជារងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ ការណ៍នេះក៏បានធ្វើឲ្យកម្ពុជាទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក និងធ្វើឲ្យមិនមានអ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការបោះឆ្នោត ចាប់តាំងពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨មកផងដែរ។
ទោះយ៉ាងណាក្តី ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ គេឃើញគណបក្សនយោបាយប្រឆាំងមួយចំនួនដែលមានស្ថាបនិកជាមនុស្សស្និទ្ធនឹងលោក កឹម សុខា និងលោក សម រង្ស៊ី បានបង្កើតគណបក្សនយោបាយផ្សេងៗគ្នា។ ចំណែកគណបក្សភ្លើងទៀនដែលបង្កើតឡើងដោយលោក សម រង្ស៊ី ក៏ចាប់ផ្តើមមានសកម្មភាពឡើងវិញ ក្រោមការដឹកនាំបច្ចុប្បន្នរបស់លោក សុន ឆ័យ អ្នកនយោបាយជើងចាស់មួយរូប។ គណបក្សនយោបាយមួយនេះ ត្រូវបានអ្នកវិភាគនយោបាយជាច្រើន ចាត់ទុកថាជាគណបក្សប្រឆាំងមួយ ដែលអាចមានសន្ទុះនៃការគាំទ្រច្រើនគួរសម បើធៀបនឹងគណបក្សប្រឆាំងដទៃទៀត៕