ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សេរីនិយម​របស់​កាណាដា​ដឹកនាំ​រដ្ឋាភិបាល


មេដឹកនាំគណបក្ស​សេរីនិយម​ លោក Justin Trudeau ជាមួយ​ភរិយា​របស់លោកគឺ​លោកស្រី Sophie Gregoire ​បន្ទាប់​ពីលោក​បាន​ថ្លែង​សុន្ទរកថា​អំពី​ជ័យ​ជម្នះ​របស់លោក​នៅ​ក្នុង​ការបោះឆ្នោត​សហព័ន្ធ​របស់​ប្រទេស​កាណាដា នៅទីក្រុង Montreal កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥។
មេដឹកនាំគណបក្ស​សេរីនិយម​ លោក Justin Trudeau ជាមួយ​ភរិយា​របស់លោកគឺ​លោកស្រី Sophie Gregoire ​បន្ទាប់​ពីលោក​បាន​ថ្លែង​សុន្ទរកថា​អំពី​ជ័យ​ជម្នះ​របស់លោក​នៅ​ក្នុង​ការបោះឆ្នោត​សហព័ន្ធ​របស់​ប្រទេស​កាណាដា នៅទីក្រុង Montreal កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥។

​ជ័យ​ជម្នះ​របស់​លោក​ Trudeau ​បាន​បញ្ចប់​ការ​កាន់​កាប់​អំណាច​អស់​រយៈ​ពេល​៩ឆ្នាំ​របស់​គណបក្ស​អភិរក្ស​ ហើយ​បាន​ក្លាយ​ជា​ត្រកូល​ដែលមាន​កេរ្តិ៍​ឈ្មោះមក​កាន់​តំណែង​​នាយករដ្ឋមន្ត្រី។​

គណបក្ស​សេរីនិយម​របស់​ប្រទេស​កាណាដា ដែល​បាន​តម្រង់​ឆ្ពោះ​ទៅផុត​ពីឆាក​នយោបាយ​កាលពី​ ៤ឆ្នាំ​មុន​ បាន​កើន​ឡើង​ដល់​សំឡេង​ភាគ​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​មាន​មេ​ដឹក​នាំ​វ័យ​ក្មេង​របស់​ខ្លួន​គឺ​លោក​Justin Trudeau ​ដែល​លោក​បានសន្យា​ថា​នឹង​ «ធ្វើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ពិត​ប្រាកដ‍» ​ទាំងគោល​នយោ​បាយ​ក្នុង​ស្រុក​និង​បរទេស​។ ​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល​របស់​លោក​ Trudeau ​បាន​បញ្ចប់​ការ​កាន់​កាប់​អំណាច​អស់​រយៈ​ពេល​ ៩ឆ្នាំ​របស់​គណបក្ស​អភិរក្ស​ ហើយ​បាន​នាំយក​ត្រកូល​ដែលមាន​កេរ្តិ៍​ឈ្មោះមក​កាន់​តំណែងនាយករដ្ឋមន្ត្រី​នៅ​ក្នុង​ជួរ​នយោបាយ​របស់​ប្រទេស​កាណាដា។​

កូន​ប្រុស​ច្បង​ដែល​មាន​អាយុ​៤៣ ឆ្នាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក Pierre Trudeau​ ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេល​ជិត ១៦ ឆ្នាំ​ចាប់​ពី​ឆ្នាំ ១៩៦៨ ដល់​ឆ្នាំ ១៩៨៤ និង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បិតា​ប្រទេស​កាណាដា​សម័យ​ទំនើប​នោះ​ បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​ដែល​កំពុង​អបអរ​ដល់​លោក​នៅ​ទីក្រុង Montreal នា​ព្រឹក​ថ្ងៃ​អង្គារ​ទី ២០ ខែ​តុលា​ថា​ យុទ្ធ​នា​ការ​វិជ្ជ​មាន​របស់​លោកគឺ​អ្វី​ដែល​នាំ​ឲ្យ​លោក​ទទួល​ជ័យ​ជម្នះ​នេះ។​

លោក​ Trudeauថ្លែង​ថា៖«នេះ​គឺ​ជា​អ្វី​ដែល​នយោបាយវិជ្ជមានអាច​ធ្វើ​ទៅ​បាន។ នេះ​គឺ​ជាអ្វី​ដែល​ចក្ខុវិស័យ​និង​វេទិកា​ប្រកបដោយ​ភាព​វិជ្ជមាន​ ក្តី​សង្ឃឹម​ និងជា​អ្វី​ដែល​ក្រុម​មួយ​អាច​រួម​គ្នា​ធ្វើ​ឲ្យ​កើត​ឡើង​ទៅ​បាន»។​

លោក​ Trudeau​ ដែល​ជា​អតីត​គ្រូបង្រៀន​និង​ជា​សមាជិក​សភា​ តាំង​ពី​ឆ្នាំ ២០០៨​នោះ​ បាន​ថ្លែង​ថា​ យុទ្ធនាការ​របស់​លោក​បាន​យក​ឈ្នះ​ភាព​ភ័យ​ខ្លាចដោយ​ក្តី​សង្ឃឹម​ ដោយ​ឈ្នះ​ការ​ចំអក​ដោយ​ការខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​និង​បាន​យក​ជ័យ​ជម្នះ​លើ​គំនិត​ដែល​ថា​ ពលរដ្ឋកាណាដា​គួរ​តែ​មាន​ភាព​ស្កប់​ស្កល់​នឹង​អ្វី​ៗតិច​តួច​ដែល​គេ​មាន។

លោក​ Trudeau​ថ្លែង​ថា៖«ពលរដ្ឋ​កាណាដា​នៅ​ទូទាំង​ប្រទេស​ដ៏​អស្ចារ្យ​នេះ​ បាន​បញ្ជូន​សារ​យ៉ាង​ច្បាស់​មួយ​នៅ​យប់​ថ្ងៃ​អង្គារ​ថា​ វា​ដល់ពេល​វេលា​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ប្រទេស​នេះ​ហើយ​ មិត្ត​ភក្តិ​ទាំង​អស់​គ្នា​អើយ​ ដល់​ពេល​ដែល​ត្រូវ​ផ្លាស់​ប្តូរ​យ៉ាង​ពិត​ប្រាកដ​ហើយ»។

លោក​បាន​រៀបរាប់​អំពី​យុទ្ធ​សា​ស្រ្ត​របស់​លោក​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ជ័យ​ជម្នះ​នយោបាយ​នេះ​ថា​ជា​យុទ្ធសាស្ត្រ​ចាស់​ប៉ុណ្ណោះ​ គឺ​ដោយ​គ្រាន់​តែ​ជួប​សំណេះ​សំណាល​ និង​ស្តាប់​ប្រជា​ពលរដ្ឋ​កាណាដា​ឲ្យ​បាន​កាន់​តែ​ច្រើន​ដែលអាច​ធ្វើ​ទៅ​បាន។​

ក្នុង​អំឡុង​ពេល​យុទ្ធនាការ ​រយៈ​ពេល​ ១១ ស​ប្តា​ហ៍​នេះ​ លោក​Trudeau វ័យ​ក្មេង​រូប​នេះ​ បាន​និយាយ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ដើម្បី​ស្តាប់ប្រជា​ពលរដ្ឋ​នោះ​ ជា​លទ្ធផល​លោក​បាន​សន្យា​ថា​នឹង​ធ្វើ​ឱនភាព​ថវិកា​រយៈ​ពេល​៣ឆ្នាំ​ដើម្បី​វិនិយោគ​ទៅលើ​ហេដ្ឋារចនា​សម្ព័ន្ធ​ដើម្បី​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​ទៅ​មុខ។​ លោក​ក៏​បាន​និយាយ​ដែរ​ថា​ លោក​គ្រោង​នឹង​ដំឡើង​តម្លៃ​ពន្ធ​សម្រាប់​ពលរដ្ឋ​កាណាដា​ណា​ដែលមាន​ខ្លាំង​ផង​ដែរ។​

លោក​ Trudeau​បន្ថែម​ថា៖«អ្នក​រាល់​គ្នា​បាន​ប្រាប់​ពួក​យើងថា​ មាន​ការ​លំបាក​ក្នុង​ការ​គ្រប់​គ្រង​រាល់​ការ​ចំណាយ​ទៅ​លើ​ជីវភាព​ប្រចាំថ្ងៃ។​ ពួកគេ​បាន​ប្រាប់​ពួក​យើងថា​ ពួកគេ​បារម្ភ​ថា​តើ​ ពួកគេអាច​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​សមរម្យ​ក្រោយ​ចូល​និវត្តន៍​ឬទេ។​ ពួកគេ​បាន​ប្រាប់​ពួក​យើងថា​ សហគមន៍​របស់​ពួកគេ​ត្រូវ​ការ​ ការ​វិនិយោគ។​ ពួកគេ​បាន​ប្រាប់​ពួក​យើងថា​ ត្រូវ​ការ​ឱកាស​ស្មើភាព​ក្នុង​ការ​ធ្វើ​ការ​ងារ​ឲ្យ​បានប្រសើរ​ជាង​មុន។ អ្នករាល់​គ្នាគឺ​ជា​ការ​ស្មារតី​ជំរុញ​ទឹកចិត្ត​របស់​ពួក​យើង​ក្នុង​ការខិតខំ​ប្រឹង​ប្រែង។ អ្នករាល់គ្នា​គឺ​ជាហេតុ​ផល​ដែល​ពួក​យើង​ខិត​ខំ​ធ្វើ​ការ​ដើម្បី​មាន​វត្តមាន​នៅ​ទីនេះ​ នា​រាត្រី​នេះ​ហើយ​អ្នករាល់​គ្នានឹង​ជា​បេះដូង​នៃ​រដ្ឋាភិបាល​ថ្មី​នេះ‍»។

អ្នកវិទ្យា​សា​ស្រ្ត​នយោបាយ​នៃសាកល​វិទ្យា​ល័​យ ​Toronto​ លោក Peter Loewen ​បាន​ថ្លែង​ថា​សំឡេង​ឆ្នោត​របស់​លោក គឺ​ស្នើ​ឲ្យ​មាន​ការ​គាំទ្រ​ដល់​គោល​នយោបាយ​បែប​នេះ។​

លោក Peter Loewen​ ថ្លែង​ថា៖«​មាន​ការ​គាំទ្រ​សំឡេង​ភាគ​ច្រើន​ទៅ​លើ​ការ​ដំឡើង​ពន្ធ​លើអ្នក​មាន។ វា​អាស្រ័យ​លើ​របៀប​ដែល​អ្នក​កំណត់​ថា​កម្រិត​ណា​ហៅ​ថា​អ្នក​មាន​។ ហើយ​ជា​ការ​ពិត​ណាស់​ ​មិន​មាន​ឱនភាព​ធ្ងន់​ធ្ងរដូច​កាល​ពី​មុន​នៅ​ក្នុង​ប្រទេស​កាណាដា​ទៀត​នោះ​ទេ។ យើង​ពិត​ជា​បាន​រួច​ផុត​ពី​ឱនភាព​នៅទសវត្សរ៍​១៩៨០ ​ហើយ។​ ពួក​យើង​បាន​លុប​បំបាត់​នូវ​ឱនភាព​ប្រតិបត្តិការ​របស់​ពួក​យើង។ បន្ទាប់​មក​ នៅ​ក្នុង​ទសវត្សរ៍​ ១៩៩០​ ពួក​យើង​បាន​ដោះ​បំណុល​អស់​ រួម​ទាំង​ការ​បង់​ការ​ប្រាក់​ទៅ​លើ​បំណុល​គឺ​ដោះ​រួច​ជា​រៀង​រាល់​ឆ្នាំ។​ ទាំង​នេះ​ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល។​ ពួក​យើង​មាន​ឱន​ភាព​ជា​ច្រើន​ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ Harper ​បាន​ពុះ​ពារ​យ៉ាង​លំបាក​ដើម្បី​រក​ថវិកា​មក​វិញ​ដើម្បី​ឲ្យ​មាន​តុល្យភាព។​ អ្នក​មិន​អាច​យក​ឈ្នះ​បាន​នោះ​ទេ​ ប្រសិន​បើ​អ្នក​មិន​ធ្វើ​ឲ្យ​មាន​តុល្យភាព​ថវិកា​ទេ​នោះ​ ដែល​គំនិត​នេះត្រូវ​បាន​គេ​ជឿ​ថា​ជា​ ជំនឿ​មួយ​នៅ​ក្នុង​ប្រទេស​កាណាដា។​ លោក ​Justin Trudeau ​បាន​បង្ហាញ​ថា​ជំនឿ​នេះ​គឺ​ខុស‍»។​

លោក​ Trudeau ​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​កាន់​តំណែង​មុន គឺ​លោក Stephen Harper ​អាយុ​៥៦ឆ្នាំ​ ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ចំនួនបី​លើក​និង​បាន​បម្រើការ​ជា​នាយក​រដ្ឋ​ម​ន្រ្តី​អស់​រយៈ​ពេល​ប្រាំបួន​ឆ្នាំ​មក​ហើយ​នោះ។​ លោក​ហៅ​ក្រុម​អភិរក្ស​និយម​ថា​ជា​អ្នក​ជិតខាង​ មិន​មែន​ជា​ស​ត្រូវ​នោះ​ទេ។

មេ​ដឹក​នាំ​គណបក្ស​សេរីនិយម​នឹង​រីករាយ​ជាមួយ​នឹង​រដ្ឋា​ភិ​បាល​សំឡេង​ភាគ​ច្រើន​ក្នុង​រយៈ​បួន​ឆ្នាំ​ទៅ​មុខ​ទៀត​ ដោយ​គណបក្ស​នេះ​ទទួល​បាន​ជាង​ ១៨០ ​អាសនៈ ក្នុង​ចំណោម​ ៣៣៨​អាសនៈ​ ក្នុង​សភា។ ​ក្រុម​អភិរក្ស​បាន​ក្លាយ​ទៅ​ជា​គណបក្ស​ប្រឆាំង​ជា​ផ្លូវការ​ ខណៈ​ពេល​ដែល​គណបក្សប្រជាធិបតេយ្យ​ថ្មីឆ្វេង​និយម​គឺស្ថិត​នៅ​លេខ​រៀង​ទី​៣​ បន្ទាប់​មកគឺ​គណបក្ស​Bloc Quebecois ​ដែល​បាន​បំបែក​ខ្លួន​ចេញ៕

ប្រែ​សម្រួល​ដោយ​ស្រេង​ លក្ខិណា

XS
SM
MD
LG