ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ខ្មែរ​មួយ​ចំនួន​នៅ​ក្រុង​អូតាវ៉ា​ភ័យ​ខ្លាចខ្លះៗអំពី​ការបាញ់​នៅ​សភា​កាណាដា


អ្នកយាម​សន្តិសុខ​នៅសភា​កាណាដា​នៅ​ទីក្រុង​ Ottawa, ថ្ងៃ២៣តុលា
អ្នកយាម​សន្តិសុខ​នៅសភា​កាណាដា​នៅ​ទីក្រុង​ Ottawa, ថ្ងៃ២៣តុលា

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​រស់នៅ​ក្នុងក្រុង​អូតាវ៉ា​ប្រទេស​កាណាដា​ថ្លែង​ថា​ ​ខ្លួន​មាន​ការ​ភ័យ​ខ្លាច​ខ្លះៗ​ក្រោយពី​មាន​ការ​បាញ់​ប្រហារ​ក្នុង​អគារ​សភា​ក្រុង​អូតាវ៉ា​កាល​ពី​ថ្ងៃ​ពុធ ​ទោះជា​ស្ថានភាព​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ក៏ដោយ។​ ក្តី​បារម្ភ​ទាំង​នោះ​គឺដោយសារ​ថា​ នេះ​ជាការ​វាយប្រហារ​ភេរវកម្ម​លើក​ដំបូង​ហើយ​ពលរដ្ឋ​គ្មាន​ការ​ប្រុង​ប្រៀប​ខ្លួន។​

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​ក្រុង​អូតាវ៉ា​ប្រទេស​កាណាដា​បាន​អះអាង​ ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​នៅតែ​បន្ត​កើត​មាន​ខ្លះៗ​ ទោះជា​ការ​បាញ់​កាំភ្លើង​ក្នុងសភា​កាណាដា​បានបញ្ចប់​ ហើយ​ខ្មាន់​កាំភ្លើង ​ដែល​គេ​គិត​ថា ​ជា​ក្រុម​ភេរវករ​គាំទ្រ​ពួក​អង្គការ​ឧទ្ទាម​រដ្ឋ​ឥស្លាម ​ត្រូវគេ​បាញ់​សម្លាប់​ហើយក៏ដោយ។​ ក្រុម​ប្រជា​ពលរដ្ឋ​បាន​អះអាង​ថា ​នេះ​ជា​ការ​វាយ​ប្រហារ​ភេរវ​កម្ម​ដំបូង​ដែល​គេ​មិន​បាន​រំពឹង​ថា ​កើត​ឡើង។​ នេះ​ជា​ការ​អះអាង​របស់​លោក​ទាវ វ៉ាន់ណាត ​ដែល​រស់នៅ​ភាគខាង​កើត​ចម្ងាយ១០​គីឡូ​ម៉ែត​ពី​កន្លែង​កើត​ហេតុ។​

«ស្ថានភាព​ថ្ងៃនេះ​ទៅ​ជា​ធម្មតា​វិញ​ហើយ។​ អាជ្ញាធរ​ការពារ​សន្តិសុខ​ គេ​ប្រកាស​ ថា​ ឲ្យ​ទៅធ្វើការ​ធម្មតា​វិញ​ហើយ។​ តែ​ប្រជាជន​កាណាដា​ទូទៅ​ហ្នឹង​ដែល​យើង​ មិន​ធ្លាប់​នឹក​ឃើញ​ថា​ មាន​ភេរវ​ជន​មកវាយ​ប្រហារ​អញ្ចឹង​ ក៏​នៅ​មាន​ការ​ភ័យ​ខ្លាច​បន្តិច​បន្តួច»។​

លោក​សោម កុលវឌ្ឍក៍ ​ពលរដ្ឋ​ខ្មែរម្នាក់​ទៀត​ដែល​រស់នៅ​ក្នុង​ចម្ងាយ​បើក​ឡាន​៥​នាទី​ពីកន្លែង​កើត​ហេតុ ​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែរ​ថា៖​

«ផ្លូវ​ជុំវិញ​ផ្សេងៗ​ទៀត​បាន​បើកបរ​ជា​ធម្មតា​វិញ​ហើយ។​ តែ​យើង​បាន​ទទួល​ ដំណឹង​ថា​ បង​ប្អូន​ខ្លះ​គាត់​អត់​ហ៊ាន​ទៅ​ធ្វើការ​ទេ ដោយសារ​គាត់​មាន​ក្តីបារម្ភ​។ អញ្ចឹង​មានខ្លះ​គាត់អត់​ទាន់​ហ៊ាន​ទៅធ្វើការ ​ដោយសារ​គាត់​ក្តាប់​ព័ត៌មាន​អត់ទាន់​បាន។ ​តែ​ខ្ញុំ​ជឿ​ថា ​បន្ទាប់ពីថ្ងៃ​នេះ​ទៅ​ ខ្ញុំ​ជឿ​ថា​ ស្ថាន​ការណ៍​ប្រហែល​ជា​វិល​ដូច​ដើម​វិញ​ហើយ»។​

ខ្មាន់​កាំភ្លើង​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ​ម៉ៃខល ហ្ស៊ីអាហ្វ ប៊ីបូ​ (Michael Zehaf-Bibeau)​ អាយុ​៣២​ឆ្នាំ​ ត្រូវ​អាជ្ញាធរ​បាញ់​សម្លាប់នៅ​អគារ​សភា​ក្រុង​អូតាវ៉ា​ប្រទេស​កាណាដា ​បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​នេះ​បាន​បាញ់​ទាហាន​កាណាដា​ម្នាក់ស្លាប់នៅ​កន្លែង​គោរព​វិញ្ញាណ​ក្ខន្ធ​សព​ទាហាន​សម័យ​សង្គ្រាម។​

ការ​បាញ់​ប្រហារ​នេះ​នាំឲ្យ​មាន​ការ​បិទ​ហាង​លក់​ទំនិញ​ បិទ​ក្រុមហ៊ុន ​បិទ​សាលា​រៀន ​បិទ​ការិយាល័យ​រដ្ឋាភិបាល​សហព័ន្ធ​នានា​ក្នុង​ក្រុង​អូតាវ៉ា​ ក្រោយ​ពេល​កើត​ហេតុ​នៅ​ម៉ោង​ជិត​១០ព្រឹកដល់​ពេល​ល្ងាច​ថ្ងៃ​ដដែល។​

លោក​ទាវ វ៉ាន់ណាត ​អាយុ​៥៣​ឆ្នាំ​បុគ្គលិក​ក្រុមហ៊ុន​ផ្នែក​កែ​ច្នៃ​ម៉ាស៊ីន​ត្រជាក់​ មាន​ស្រុក​កំណើត​ក្នុង​ស្រុក​ចម្ការលើ ​ខេត្ត​កំពង់ចាម។ ​លោក​បាន​អះអាង​ថា ​កូន​របស់​លោក​បាន​ខកខាន​មិន​បាន​ទៅសាលារៀន​នៅ​ពេល​មាន​ការ​បាញ់​ប្រហារ​នោះ។​

«កូន​ខ្ញុំ​មួយ​គាត់​ទៅ​រៀន​នៅ​សាកល​វិទ្យាល័យ​នៅ​ជិត​សភា​ហ្នឹង​ដែរ​គឺ​សាកល​ វិទ្យាល័យ​អួតាវ៉ា​ (Ottawa University) ​ត្រូវ​ខាន​ទៅ​រៀន​មួយ​ថ្ងៃ​ ដោយ​សារ​ ប្រព័ន្ធ​បច្ចេក​វិជ្ជា​ទំនើប​លឿន​ គេ​បាន​ប្រកាស​ពី​អ៊ីម៉េល​ ហ្វេសប៊ុក ​គេហ​ទំព័រ អញ្ចឹង​ទៅ​ គេ​ប្រកាស​ថា​ គេបិទ។​ អញ្ចឹង​គាត់​គ្រាន់តែ​ខាន​មិនបាន​ទៅ​រៀន មួយ​ថ្ងៃ»។​

លោក​ថា​ វា​មិន​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​លោក​ផ្ទាល់​ទេ​ ព្រោះ​លោក​ធ្វើការ​នៅ​ខាង​ក្រៅ​ទី​ប្រជុំ​ជន​ក្រុង​អូតាវ៉ា។​

ប៉ុន្តែ​លោក​សោម កុលវឌ្ឍក៍ ​ដែលជា​អ្នកចាត់​ចែង​នៅ​មជ្ឈមណ្ឌល​មនុស្ស​ចាស់​ Nursing Home ​ហើយ​ដែល​មាន​ស្រុកកំណើត​នៅខេត្ត​បាត់ដំបង​ បាន​ថ្លែង​ថា​ ដោយ​ហេតុផល​អសន្តិសុខ​កើតចេញ​ពី​ការ​បាញ់​កាំភ្លើង​នៅ​ក្នុង​អគារ​រដ្ឋសភា​លោក​បាន​ហាមប្រាម​មិន​ឲ្យ​កូន​លោក​ទៅ​ក្រុង​អូតាវ៉ា​ដើម្បី​ធ្វើការ​នោះ​ឡើយ។​

«គ្រាន់តែ​ប្រហែល​៥​នាទី​ បន្ទាប់​ពីការ​ប៉ាញ់​ប្រហារ​ហ្នឹង ​ប្រព័ន្ធ​ព័ត៌មាន​នៅ​ក្នុង​ ប្រទេស​កាណាដា​ហ្នឹង​បាន​ផ្សព្វផ្សាយ​ភ្លាម​ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​ក៏ខ្ញុំ​បាន​ទាក់​ទង​ ជា​រឿង​ធម្មតា​យើង​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ដៃ​ដើម្បីឲ្យ​ដឹង​ថា ​ម្នាក់ៗ​បាន​សុខ ធម្មតា​ទេ​ ហើយ​កូនចៅ​អីយើង​ទូរស័ព្ទ​មកផ្ទះ​អញ្ចឹង​ទៅ។​ ហើយ​ខ្ញុំ​មាន​កូន​ស្រី​ មួយ​ដែល​ត្រូវ​ទៅ​ធ្វើការ​នៅ​ក្នុង​ទីក្រុង​ Downtown ​ហ្នឹង​ដែរ​ តែ​ខ្ញុំ​បាន​ហាម​មិន​ឲ្យ​ ទៅ»។​

លោក​បាន​រៀបរាប់​ត្រួសៗ​ពីស្ថាន​ការណ៍​ដែលលោក​បានដឹង​តាម​ប្រព័ន្ធ​ផ្សព្វ​ ផ្សាយ​កាណាដា​ដែល​ផ្សាយ​បន្តផ្ទាល់​អំពី​ការ​បាញ់​យោធា​ឈរយាម​ម្នាក់​នៅ​ កន្លែង​គោរព​សាកសព​អតីត​យោធា៖​

«ម្ល៉ោះ​ហើយ​អ្នកដែល​បាញ់​ហ្នឹង​គាត់​ដើរ​ចូល​ទៅ​គឺ​កំពុង​តែ​រៀបចំ​កម្មវិធី​ហ្នឹង​ គឺ​គាត់​ដើរ​ចូលទៅ​បាញ់​សម្លាប់​តែម្តង​ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល។​ ហើយ​ ពេល​ហ្នឹង​ដែរ ​គាត់​បាន​ឆ្លៀត​ឱកាស​ជិះឡាន​មក​សភា​ដែលមាន​ចម្ងាយ​ផ្លូវ​២​ ទៅ​៣០០​ម៉ែត​ពី​កន្លែង​កើតហេតុ​ គឺ​គ្រាន់តែ​ឆ្លងផ្លូវ​មួយ​ចំហៀង​តែ​ប៉ុណ្ណោះ។ ​គាត់​យកឡាន​គេ​មួយ​។ គាត់​បើក​ឡើង​មក​ បើក​មក​ដល់​សភា ​គាត់​ក៏​ចត​ឡាន​ ដែល​គ្មាន​ការ​អនុញាត ​ហើយ​គាត់​រត់ចូល​ទៅក្នុង​សភា​ ហើយមុន​នឹង​រត់​ចូល​ទៅ បាន​ គាត់ត្រូវ​ឆ្លងកាត់​ប៉ូលិស​ច្រើន​ដែរ​បាទ»។​

ក្រុម​ពលរដ្ឋ​ខ្មែរ​បាន​អះអាង​ថា​ ការវាយ​ប្រហារ​ភេរវ​កម្ម​ដែល​គេ​ចាត់​ទុក​ថា ​ជា​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រិត​បន្តឹង​សន្តិសុខ​និង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាណាដា​មាន​ភាព​ក្លាហាន។​

លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​ Stephen Harper ​បាន​ជំរុញ​ដល់​ពលរដ្ឋ​ កាណាដា​មិន​ឲ្យ​មានការ​ភ័យខ្លាច​ចំពោះ​ក្រុម​អង្គការ​ភេរកម្ម​ដែល​បាន​វាយ​ ប្រហារ​កាណាដា​ ហើយ​លោក​បាន​សច្ចា​ថា​ កាណាដា​មិន​ភ័យ​ខ្លាច​នោះ​ទេ៕

XS
SM
MD
LG