ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាណាដា​នឹង​ទទួល​ជនភៀសខ្លួន​អ៊ុយហ្គ័រ​១ម៉ឺន​នាក់


រូប​ឯកសារ៖ ពលរដ្ឋ​ពី​សហគមន៍​អ៊ុយហ្គ័រ​កាន់​សាសនា​អ៊ីស្លាម​របស់​ចិន ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​អគារ​គណៈកម្មាធិការ​អូឡាំពិក​តួកគី ក្នុង​ទីក្រុង Istanbul ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២២ ដោយ​អំពាវនាវ​ឱ្យ​មាន​ពហិការ​កីឡា​អូឡាំពិក​រដូវរងា​២០២៦​​នៅ​ទី​ក្រុង​ប៉េកាំង។
រូប​ឯកសារ៖ ពលរដ្ឋ​ពី​សហគមន៍​អ៊ុយហ្គ័រ​កាន់​សាសនា​អ៊ីស្លាម​របស់​ចិន ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​អគារ​គណៈកម្មាធិការ​អូឡាំពិក​តួកគី ក្នុង​ទីក្រុង Istanbul ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២២ ដោយ​អំពាវនាវ​ឱ្យ​មាន​ពហិការ​កីឡា​អូឡាំពិក​រដូវរងា​២០២៦​​នៅ​ទី​ក្រុង​ប៉េកាំង។

សភា​កាណាដា​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដើម្បី​ទទួល​ជនភៀសខ្លួន​ជាតិ អ៊ុយហ្គ័រ​ចំនួន​១០.០០០​នាក់​ដែល​បាន​រត់គេច​ខ្លួន​ពី​ប្រទេស​ចិន ក៏ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​កំពុង​ប្រឈម​ការដាក់​សម្ពាធ​ឱ្យ​វិលត្រឡប់​ទៅកាន់​ស្រុក​កំណើត​វិញ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ចំណាត់ការ​នេះ​បាន​ធ្វើ​ឡើង​តាម​វិធានការ​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២១​ដោយ​សមាជិក​សភា​កាណាដា​ដែល​ចាត់ទុក​ការ​ធ្វើ​បាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ​និង​អ្នក​កាន់សាសនា​ឥស្លាម​ជនជាតិ​តួក​ស្ថិតនៅ​ក្នុង​ដែនដី Xinjiang ​ភាគពាយ័ព្យ​ប្រទេស​ចិន​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជឿ​ថា​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​យ៉ាង​តិច​ណាស់​ក៏១លាន​នាក់​ដែរ​ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ជា​ជនជាតិ​ភាគតិច​កាន់​សាសនា​ឥស្លាម​បាន​ត្រូវ​គេ​ចាប់​ដាក់​ក្នុង​ជំរំ​ឃុំឃាំង​នៅ​ក្នុង​តំបន់​ជា​ទីកន្លែង​ដែល​ចិន​ក៏​បាន​រង​ការចោទប្រកាន់​ពី​ការបង្ខំ​ស្ត្រី​មិន​ឱ្យ​មាន​កូន​ហើយ​នឹង​បង្ខំ​ពួកគេ​ឱ្យ​ធ្វើ​ពលកម្ម​ជា​ទម្ងន់។

ហើយ​បើ​តាម​សមាជិក​រដ្ឋសភា​លោក Sameer Zuberi​ ដែល​បាន​តាក់តែង​ញត្តិ​នេះ​ថា​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​១.៦០០​នាក់​ដែរ​បាន​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ទៅតាម​ការបញ្ជា​របស់​ចិន​ឬ​ត្រូវ​បង្ខំ​ឱ្យ​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​ខ្លួន​វិញ។

នៅឯ​សន្និសីទ​កាសែត ​លោក Zuberi ​បាន​និយាយ​ថា ​លោក​នាយក​រដ្ឋមន្ត្រី Justin Trudeau និង​គណៈរដ្ឋមន្ត្រី​របស់​លោក​បាន​បោះឆ្នោត​គាំទ្រ​ញត្តិ​នេះ​ដែល​ជា​ការផ្តល់​សញ្ញា​ថា​រដ្ឋាភិបាល​មាន​បំណង​ឱ្យ​ការទទួលយក​ជន​ភៀសខ្លួន​នេះ​កើត​មាន​ឡើង ​ថ្វីបើ​វា​មិន​មែន​ជា​ការតម្រូវ​ឱ្យ​អនុវត្ត​តាម​ក៏ដោយ។

លោក Mehmet Tohti​ នាយក​ប្រតិបត្តិ​នៃ​គម្រោង​គាំទ្រ​សិទ្ធិ​ជនជាតិ​អ៊ុយហ្គ័រ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​វាជា​សារ​ដ៏​ខ្លាំង​មួយ​ដែល​នឹង​ឮខ្ទ័រ​មិន​ត្រឹមតែ​ក្នុង​ប្រទេស​ចិន​និង​កាណាដា​នោះ​ទេ ក៏ប៉ុន្តែ វា​នឹង​ឮខ្ទ័រ​ជុំវិញ​ពិភពលោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG